វិនិយោគិនជប៉ុនបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅតំបន់ច្រករបៀងសេដ្ឋកិច្ចភាគខាងកើត ដែលទំនងនឹងផ្លាស់ប្ដូរទីតាំងរោងចក្រពីប្រទេសចិនមកកាន់ប្រទេសថៃក្នុងតំបន់នេះវិញ
សេដ្ឋកិច្ច August 6, 2019 Chan Sreyny

យោងតាមសារព៌ត័មានពីប្រទេសថៃបានឲ្យដឹងថា វិនិយោគិនជប៉ុនបានទទូចដល់រដ្ឋាភិបាលឱ្យបន្តគោលនយោបាយសេដ្ឋកិច្ចសំខាន់ៗរួមមានការអភិវឌ្ឍន៍ធំៗ នៅតំបន់ច្រករបៀងសេដ្ឋកិច្ចភាគខាងកើត (EEC) និងការសម្រេចបានគោលដៅ ៤.០ ផងដែរ។ នៅក្នុងជំនួបរវាងលោក Somkid Jatusripitak ឧបនាយករដ្ឋមន្រ្តីជាមួយនឹងលោក Shinji Nakano ប្រធានសភាពាណិជ្ជកម្មជប៉ុន (JCC) ទីក្រុងបាងកក បានអំពាវនាវឱ្យរដ្ឋាភិបាលមានវិធានការណ៍ជំរុញសេដ្ឋកិច្ចឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

ជាមួយគ្នានេះដែរបន្ទាប់ពីឧបនាយករដ្ឋមន្រ្តីប្រចាំប្រទេសថៃបានប្តេជ្ញារក្សាគោលនយោបាយដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ EEC និងសម្រេចបានគោលដៅ ៤.០ សម្រាប់ប្រទេសថៃ ក៏ដូចជាការអភិវឌ្ឍន៍ធនធានមនុស្សផងនោះ វិនិយោគិនជប៉ុនក៏បានសម្តែងការព្រួយបារម្ភអំពីគោលនយោបាយរបស់រដ្ឋាភិបាលលើប្រាក់ឈ្នួលប្រចាំថ្ងៃអប្បបរមា។ ដោយឡែកលោក Somkid បាននិយាយថា ការដំឡើងប្រាក់ឈ្នួលអប្បបរមា គឺជាទំនួលខុសត្រូវរបស់គណៈកម្មាធិការប្រាក់ឈ្នួលត្រីភាគី។

គួររំលឹកផងដែរថា​វិនិយោគិនជប៉ុនក៏បានរាយការណ៍នូវការស្ទង់មតិមួយស្ដីពីការធ្វើធុរកិច្ចរបស់ក្រុមហ៊ុនជប៉ុននៅក្នុងប្រទេសថៃ នៅឆមាសទី២ នៃឆ្នាំនេះដែលបានបង្ហាញពីភាពប្រសើរឡើងវិញបន្ទាប់ពីការធ្លាក់ចុះក្នុងឆមាសទី១ ដោយសារពួកគេមានការព្រួយបារម្ភអំពីសង្គ្រាមពាណិជ្ជកម្មអស្ថិរភាពនយោបាយនៅក្នុងប្រទេសថៃ និងការឡើងថ្លៃប្រាក់បាត។ ដែលជាហេតុធ្វើឲ្យប្រទេសថៃរំពឹងថាវិនិយោគិនជប៉ុនអាចនឹងផ្លាស់ប្តូរទីតាំងរោងចក្រពីប្រទេសចិនមកកាន់ប្រទេសថៃ ឬបង្កើតការិយាល័យកណ្តាលនៅទីនេះ ដោយសារតែប្រធានាធិបតីអាមេរិកបានសម្រេចដាក់ពន្ធ ១០% បន្ថែមលើការនាំចូលរបស់ចិនចំនួន ៣០០ ពាន់លានដុល្លារអាមេរិកចាប់ពីថ្ងៃទី ១ ខែកញ្ញាខាងមុខនេះ៕

អត្ថបទ៖ លីនី