មហាសេដ្ឋី Richard Branson​ បាននិយាយថា៖ « សញ្ញាប័ត្រសាកលវិទ្យាល័យមិនមែនជាគន្លឹះឆ្ពោះទៅរកជោគជ័យនោះទេ »
បុគ្គលជោគជ័យ August 6, 2019 Chan Sreyny

មហាវិទ្យាល័យត្រូវបានគេមើលឃើញថាជាច្រកផ្លូវទៅរកប្រាក់ និងឱកាសកាន់តែច្រើន ប៉ុន្តែយោងតាមសហគ្រិនដ៏ជោគជ័យគឺមហាសេដ្ឋី Richard Branson បានបង្ហាញថាវាមិនមែនជាមាគ៌ាឆ្ពោះទៅរកភាពជោគជ័យនោះទេ។ មហាសេដ្ឋីរូបនេះបាននិយាយអះអាងថា « នេះគឺជាក្ដីអាម៉ាស់មួយដែលមនុស្សបិទគំនិតខ្លួនឯង ព្រោះតែពួកគេភ័យខ្លាចទទួលបានការមាក់ងាយពីមនុស្សដែលមានការអប់រំខ្ពស់ជាងពួកគេ ដែលនេះគឺជាការភ័យខ្លាចនៃការទទួលបរាជ័យរបស់ពួកគេ »។

ជាមួយគ្នានេះដែរលោក Richard Branson ក៏បានបង្ហាញពីវិធីសាស្រ្តដែលធ្វើឲ្យលោកអាចទទួលបានជោគជ័យរហូតមកទល់សព្វថ្ងៃដោយលោកមិនបានចូលរៀននៅសាកលវិទ្យាល័យល្បីៗ ព្រោះតែលោកមិនបានបញ្ចប់ថ្នាក់អនុវិទ្យាល័យ ដោយសារតែទទួលរងពីជំងឺ dyslexia ហើយមិនអាចបន្តការសិក្សារបស់ខ្លួនដូចក្មេងៗដទៃបាន។ ប៉ុន្តែជាជាងអនុញ្ញាតឱ្យបញ្ហាប្រឈមរបស់គាត់ធ្វើឱ្យគាត់មានអារម្មណ៍ថាទាបជាងនេះ លោក Branson បាននិយាយថាគន្លឹះក្នុងការស្វែងរកភាពជោគជ័យ គឺផ្តោតលើអ្វីដែលគាត់ពេញចិត្ត។

ជាក់ស្ដែងលោកបាននិយាយថា « ការឈប់រៀនដើម្បីបន្តចំណង់ចំណូលចិត្តរបស់អ្នក គឺជាមាគ៌ាដែលអ្នកដឹកនាំអាជីវកម្មជាច្រើនដើរតាមដើម្បីស្វែងរកជោគជ័យ ដោយលោកចង្អុលបង្ហាញពីបុគ្គល្បីៗ និងសុទ្ធតែជាសហគ្រិនដែលទទួលបានជោគជ័យនៅក្នុងជីវិតដោយមិនបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យដូចជា លោក Bill Gates, Mark Zuckerberg និងលោក Steve Jobs សុទ្ធតែឈានដល់កំពស់វិជ្ជាជីវៈដែលមិនធ្លាប់មានសញ្ញាប័ត្រកម្រិតខ្ពស់ពីមុនមក៕

អត្ថបទ៖ លីនី