ថៃនឹងចំណាយប្រាក់ ៦០ លានបាត សាងសង់ព្រលានយន្តហោះថ្មីនៅតំបន់ Phangnga ដើម្បីជួយសម្រួលដល់ការកកស្ទះរបស់អ្នកដំណើរនៅព្រលានយន្តហោះ Phuket និង Krabi
សេដ្ឋកិច្ច August 5, 2019 Chan Sreyny

កាលពីពេលថ្មីនេះៗ ប្រលានយន្តហោះថៃ (AoT) បានបង្ហាញផែនការថ្មី ក្នុងការសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មីមួយទៀតនៅតំបន់ Phangnga ដើម្បីជួយសម្រួលចរាចរណ៍អ្នកដំណើរនៅតាមព្រលានយន្តហោះក្បែរនោះ និងជំរុញទេសចរណ៍នៅតំបន់ “ ត្រីកោណ Andaman” នៃ Krabi, Phangnga និង Phuket។ យោងតាម ​​AoT ផែនការនេះត្រូវបានអនុម័តជាគោលការណ៍សម្រាប់ឆ្នាំសារពើពន្ធ ២០១៩-២០២៣ ដែលចំណាយថវិកាប្រមាណ ៦០ លានបាត។

បើតាមផែនការណ៍អាកាសយានដ្ឋានថ្មីនេះនឹងមានទីតាំងនៅក្នុងឃុំ Khok Kloi ស្រុក Takua Thung ក្នុងខេត្ត Phangnga ហើយត្រូវបានគេរំពឹងថានឹងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ ២០២៥។ ជាមួយគ្នានេះដែរអាកាសយានដ្ឋានថ្មីនេះ​ នឹងជួយសម្រួលចរាចរណ៍អ្នកដំណើរនៅអាកាសយានដ្ឋានភូកេត និងអាកាសយានដ្ឋានក្រាប៊ីដែលកំពុងកកស្ទះខ្លាំង ហើយជួយកាត់បន្ថយពេលវេលា​ក្នុងការធ្វើដំណើរ និងបង្កើតទីផ្សារទេសចរណ៍កាន់តែទូលំទូលាយ។

ទន្ទឹមនឹងនេះសមាគមអាជីវកម្មទេសចរណ៍នៅ Phuket និង Phangnga ក៏បានស្នើដល់រដ្ឋាភិបាលផងដែរថា គួរតែកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតដូចជា ផ្លូវថ្នល់ ទំនប់ទឹក និងការដឹកជញ្ជូនសាធារណៈនៅតាមខេត្តរៀងៗខ្លួន។ ហើយសហគ្រិននៅតំបន់ Patong ខេត្ត Phuket ក៏បានជំរុញរដ្ឋាភិបាលឱ្យពន្យារពេលបិទទ្វារសម្រាប់បារ និងក្លឹបរាត្រីផងដែរ៕

អត្ថបទ៖ លីនី