កម្ពុជាបានទទួលលទ្ធផលល្អប្រសើរពីការចរចាបើកច្រកទីផ្សារ និងទទួលបានការព្រមព្រៀងលើឧបសម្ព័ន្ធសំខាន់ៗ នៅក្នុងអន្តរកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីលើកទី៨ ស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់នៅទីក្រុងប៉េកាំង
សេដ្ឋកិច្ច August 5, 2019 Chan Sreyny

ប៉េកាំង៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមអន្តរកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីលើកទី៨ ស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (8th RCEP Intersessional Ministerial Meeting) ដែលប្រារព្ធធ្វើពីថ្ងៃទី​០២-០៣ ខែសីហា ឆ្នាំ២០១៩ នៅទីក្រុងប៉េកាំង ប្រទេសចិន ដែលដឹកនាំដោយ​ឯកឧត្តម Jurin Laksanawisit ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីពាណិជ្ជកម្មថៃ។

ជាមួយគ្នានេះដែរអន្តរកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាសិបលើកទី៨នេះ មានការចូលរួមពីរដ្ឋមន្រ្តី និងប្រតិភូមកពីប្រទេស​ចរចាអាសិប (RCEP) ទាំង១៦ និងអគ្គលេខាធិការអាស៊ាន ក្នុងគោលបំណងត្រួតពិនិត្យវឌ្ឍនភាពនៃការចរចា ក៏ដូចជាដោះស្រាយបញ្ហាសេសសល់នានា ដែលមានលក្ខណៈនយោបាយ ដើម្បីបញ្ចប់ការចរចាកិច្ចព្រមព្រៀងអាសិប (RCEP) នៅចុងឆ្នាំ២០១៩នេះ ស្របតាមអាណត្តិផ្តល់ឲ្យដោយប្រមុខដឹកនាំនៃប្រទេសចរចាអាសិបទាំង១៦ កាលពីកិច្ចប្រជុំកំពូលអាសិប លើកទី២ កាល​ពី​ខែវិច្ឆិកា ឆ្នាំ២០១៨ នៅប្រទេសសឹង្ហបុរីកន្លងទៅ។

នាឱកាសនៃកិច្ចប្រជុំនេះផងដែរ រដ្ឋមន្រ្តីអាសិបនៃប្រទេសអាស៊ានទាំង១០ ក៏មានរៀបចំជំនួបប្រជុំទ្វេភាគីរវាងបណ្តាប្រទេសដៃគូពាណិជ្ជកម្មសេរីអាស៊ាន រួមមាន អូស្រ្តាលី ចិន ជប៉ុន កូរ៉េ ណូវែលហ្សេឡង់ និងឥណ្ឌា ដើម្បីពិភាក្សាលើចំណុចរស៊ើប និងរកដំណោះស្រាយសមស្របសម្រាប់ប្រទេសនីមួយៗ ដែលទទួលយកបានដោយប្រទេសអាសិបទាំង១៦ ដើម្បីបញ្ចប់ការចរចាកិច្ចព្រមព្រៀងនេះ និងទទួលបានកិច្ចព្រមព្រៀងដែលមានលក្ខណៈទំនើប គ្រប់ជ្រុងជ្រោយ និងផ្តល់អត្ថប្រយោជន៍ដល់ប្រទេសចរចាទាំងអស់។ ដោយឡែក កម្ពុជាបានទទួលលទ្ធផលល្អប្រសើរពីការចរចាបើកច្រកទីផ្សារ ដោយពុំចាំបាច់រៀបចំចរចាទ្វេភាគីបន្ថែមឡើយ។

នៅក្នុងប្រជុំលើកទី៨នេះដែរ ក៏បានប្រកាសពីការព្រមព្រៀងគ្នាលើឧបសម្ព័ន្ធចំនួនបីបន្ថែមទៀតរួមមាន ឧបសម្ព័ន្ធស្តីពីសេវាទូរគមនាគមន៍ ឧបសម្ព័ន្ធស្តីពីសេវាហិរញ្ញវត្ថុ និងឧបសម្ព័ន្ធស្តីពីសេវាជំនាញ ដែលគិតមកទល់ពេលនេះ កិច្ចចរចាបានបញ្ចប់ជំពូកសរុបចំនួន ៧ និងឧបសម្ព័ន្ធចំនួន៣ លើ ២០ជំពូកសរុប និង ៨ឧបសម្ព័ន្ធសរុប។ ការព្រមព្រៀងនេះអាចសម្តែងនូវការពេញចិត្តលើវឌ្ឍនភាពនៃការចរចាបើកច្រកទីផ្សារ និងការចរចាលើអត្ថបទកិច្ចព្រមព្រៀង គិតចាប់ពីអន្តរកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាសិប លើកទី៧ កាលពីខែមីនា ឆ្នាំ២០១៩ នៅខេត្តសៀមរាប។

គួររំលឹកផងដែរថាអង្គប្រជុំក៏បានពិភាក្សា និងឯកភាពលើផែនការបញ្ចប់ការចរចាបញ្ចប់កិច្ចព្រមព្រៀងអាសិបក្នុងឆ្នាំ២០១៩នេះ ដើម្បីជាមូលដ្ឋានសំខាន់សម្រាប់ជួយរក្សាស្ថិរភាពនយោបាយ និងសេដ្ឋកិច្ចសាកល ព្រមទាំងផ្តល់សញ្ញាទៅកាន់ពិភពលោកថាយើងគាំទ្រប្រព័ន្ធពាណិជ្ជកម្មសេរីពហុភាគី ដោយប្រឆាំងគោលនយោបាយគាំពារនិយម និងការរីករាលដាលនៃសង្រ្គាមពាណិជ្ជកម្ម។ ដោយដាក់ទិសដៅដល់ក្រុមអ្នកចរចាឲ្យបញ្ចប់ទាំងស្រុងលើការបើកច្រកទីផ្សារសម្រាប់គ្រប់ប្រទេស ហើយបញ្ចប់នូវអត្ថបទកិច្ចព្រមព្រៀងឲ្យបានយ៉ាងហោច ៨០%នៃអត្ថបទសរុប ដើម្បីដាក់ជូនថ្នាក់ដឹកនាំចុះហត្ថលេខានៅក្នុងខែមិថុនា ឆ្នាំ២០២០នាពេលខាងមុខនេះ ដែលកិច្ចប្រជុំរដ្ឋមន្រ្តីអាសិបបន្ទាប់ គ្រោងនឹងធ្វើនៅអំឡុងខែកញ្ញា ឆ្នាំ២០១៩ខាងមុខនេះ នៅទីក្រុងបាងកក សំដៅត្រួតពិនិត្យវឌ្ឍនភាពការងារសម្រាប់រាយការណ៍ជូនថ្នាក់ដឹកនាំកំពូលអាសិបក្នុងខែវិច្ឆិកាខាងមុខ៕

ប្រភព៖​ ក្រសួងពាណិជ្ជកម្ម