មហាសេដ្ឋី Jack Ma ប្រាប់ពីមូលហេតុដែលលោកបង្រៀនសហគ្រិនជំនាន់ថ្មីដោយប្រើភាពបរាជ័យ និងជំនឿដើម្បីទទួលបានជោគជ័យ
បុគ្គលជោគជ័យ August 2, 2019 Chan Sreyny

មហាសេដ្ឋីសញ្ជាតិចិន Jack Ma ដែលត្រូវបានគេចាត់ទុកថាជាអ្នកបណ្ដុះបណ្ដាលដ៏សំខាន់បំផុតសម្រាប់មនុស្ស ឬ សហគ្រិនជំនាន់ក្រោយ និងសម្រាប់សាកលវិទ្យាល័យ Lakeside ដែលជាសាលាបណ្តុះបណ្តាលសហគ្រិននៅក្នុងខេត្ត Hangzhou ដោយលោកបានបង្កើតឡើងក្នុងអំឡុងឆ្នាំ ២០១៥។ នៅក្នុងកម្មវិធីសិក្សាមហាសេដ្ឋីរូបនេះបានពន្យល់ពីភាពខុសគ្នារវាងសាកលវិទ្យាល័យរបស់គាត់ Lakeside និង សាកលវិទ្យាល័យ MBA ដោយលោកមិនបង្រៀនមនុស្សពីរបៀបដើម្បីទទួលបានជោគជ័យទេ តែប្រាប់អ្នករាល់គ្នាពីរបៀបដែលមនុស្សផ្សេងទៀតបានបរាជ័យ។ ករណីទាំងអស់ គឺផ្អែកលើការបរាជ័យទោះបីវាមិនមែនសុទ្ធតែជាការបរាជ័យក៏ដោយ នេះគឺជាទិដ្ឋភាពពិសេសមួយនៃការបណ្តុះបណ្តាលរបស់សាលា Lakeside។

សហស្ថាបនិកក្រុមហ៊ុន Alibaba ក៏បានពន្យល់ផងដែរថាមូលហេតុដែលធ្វើឲ្យលោកជ្រើសរើសរបៀបក្នុងការបណ្ដុះបណ្ដាលបែបនេះទៅកាន់សហគ្រិនជំនាន់ក្រោយ ដោយសារតែលោកចង់ផ្ដល់វិធីសាស្រ្ត និងរបៀបក្នុងការបង្រៀនពួកគេ ឲ្យដូចពួកគេកំពុងបង្រៀនខ្លួនឯងឲ្យចេះរស់នៅ។ ដូច្នេះអ្វីដែលលោកចង់បានគឺឪ្យអ្នករាល់គ្នាសិក្សាអំពីរបៀបដែលមនុស្សផ្សេងទៀតបានបរាជ័យ ប្រភេទនៃកំហុសរបស់ពួកគេ និងរបៀបដែលពួកគេបានដោះស្រាយចំពោះកំហុសទាំងនេះ។ ក្នុងនោះលោកក៏បានបង្រៀនសហគ្រិនគ្រប់រូបត្រូវតែមានជំនឿដោយលោកបានពន្យល់ថា៖ « មនុស្សគ្រប់រូបសុទ្ធតែមានសំណាង និងឪកាសដូចគ្នា ប៉ុន្តែនៅពេលអ្នកជួបគ្រោះមហន្តរាយមនុស្សគ្រប់រូបមានវិធីផ្សេងៗគ្នាក្នុងការដោះស្រាយវា ដូច្នេះសម្រាប់សហគ្រិនត្រូវតែមានជំនឿ ព្រោះមានតែជំនឿទេដែលធ្វើឲ្យពួកគេមិនមានអារម្មណ៍ច្របូកច្របល់ក្នុងការធ្វើរឿងអ្វីមួយ ហើយមានតែជំនឿប៉ុណ្ណោះដែលអាចធ្វើឲ្យយុទ្ធសាស្រ្តរបស់ពួកគេមានភាពច្បាស់លាស់ បើធ្វើយុទ្ធសាស្រ្តដោយមិនមានជំនឿ ពួកគេនឹងបរាជ័យ »៕

អត្ថបទ៖​ លីនី