គន្លឹះ ៤ យ៉ាងដែលមហាសេដ្ឋីវ័យក្មេង Dandan Zhu ប្រើក្នុងការផ្លាស់ប្ដូរខ្លួនឯងពីនារីរត់តុតាមហាង ក្លាយជាមហាសេដ្ឋីក្នុងអាយុ ៣០ ឆ្នាំ
បុគ្គលជោគជ័យ August 3, 2019 Chan Sreyny

មហាសេដ្ឋីវ័យក្មេង Dandan Zhu ដែលជាអ្នកបង្កើតក្រុមហ៊ុន និងដឹកនាំក្រុមហ៊ុន DG Recruit ដែលជាក្រុមហ៊ុនផ្ដល់សេវាកម្មក្នុងការប្រឹក្សាដើម្បីជួយអ្នកបង្កើនអាជីពក្នុងការជ្រើសរើសភ្នាក់ងារ ឬ បុគ្គលិកដោយមានទំនាក់ទំនងជាមួយបណ្ដាក្រុមហ៊ុនជាតិ និងអន្តរជាតិជាច្រើន។ មុនពេលក្លាយជានាយកប្រតិបត្តិក្រុមហ៊ុន និងក្លាយជាមហាសេដ្ឋីវ័យក្មេងគាត់បានបង្ហាញពីវិធីសាស្រ្ត ៤ យ៉ាងដែលជួយផ្លាស់ប្ដូរពីក្មេងស្រីរត់តុក្នុងភោជនីយដ្ឋាននៅអាយុ ២២ឆ្នាំ ក្លាយជាម្ចាស់ក្រុមហ៊ុននឹងជាសេដ្ឋីនៅអាយុ ៣០ ឆ្នាំ៖

១.ដឹងពីចំណុចខ្លាំងនិងចំណុចខ្សោយរបស់ខ្លួនឯង៖ អ្នកស្រី Dandan Zhu បានដឹងច្បាស់ពីខ្លួនឯងនៅចំណុចខ្លាំង និងចំណុចខ្សោយ​ ដោយគាត់ដឹងថាខ្លួនឯងមិនមានជំនាញក្នុងការបង្កើតអាជីពជោគជ័យផ្នែកហិរញ្ញវត្ថុ គាត់បានធ្វើការជាមួយជំនាញដែលគាត់មាន និងបានដឹង។ តាមរយៈការខិតខំប្រឹងប្រែងពីរបៀបក្លាយជាសហគ្រិន និងការងារបដិសណ្ឋារកិច្ចក្នុងអំឡុងពេលនៅវិទ្យាល័យ និងមហាវិទ្យាល័យគាត់បានដឹងពីរចំណុចខ្លាំងរបស់ខ្លួន និងប្រឹងវិវត្តន៍ទៅមុខបន្តរហូតទទួលបានជោគជ័យ។ ដូច្នេះកុំមើលងាយនូវចំណុចខ្សោយរបស់អ្នក ស្វែងរកអាជីពដែលនឹងអនុញ្ញាតឱ្យអ្នកបង្កើនភាពខ្លាំង និងប្រាក់ចំណេញរបស់អ្នក។

២.ប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីក្លាយជាមនុស្សពូកែបំផុត៖ នៅក្រោមការចិញ្ចឹមបីបាច់ថែរក្សាដ៏លំបាករបស់ឪពុកម្តាយជាជនអន្តោប្រវេសន៍ដែលតែងតែជំរុញ និងបង្រៀន Dandan Zhu ឱ្យខិតខំធ្វើការរហូតគាត់ទទួលបានជោគជ័យនៅក្នុងការងារ។ ចាប់តាំងពីគាត់ត្រូវបានគេលើកតម្កើង និងក្លាយជាអ្នកដែលអាចរកប្រាក់ និងអត្ថប្រយោជន៍បានច្រើនសម្រាប់ក្រុមហ៊ុនគាត់មានមោទនភាព និងភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះអ្វីដែលគាត់បានធ្វើ ហើយប្ដេជ្ញាថានឹងក្លាយជាអ្នកដឹកនាំដ៏កំពូលមួយរូប និងអាចរកប្រាក់ចំណូលបានច្រើនបំផុតដោយកាលពីអាយុ ២៥ ឆ្នាំគាត់អាចរកចំណូលបាន ២១៥,០០០ ដុល្លារក្នុងមួយឆ្នាំ។ ដូច្នេះនៅពេលដែលអ្នកប្តេជ្ញាចិត្តធ្វើអ្វីមួយដែលអ្នកដឹងថាអ្នកអាចពូកែ ចូរផ្តល់ការជៀជាក់លើខ្លួនឯង និងព្យាយាមតស៊ូដើម្បីទទួលបានជោគជ័យ។

៣.បង្កើនប្រាក់ចំណូលឲ្យបានច្រើនបំផុត ដោយកាត់បន្ថយការចំនាយក្នុងការរស់នៅ៖ ដើម្បីសម្រេចក្ដីសុបិន្តក្លាយជាអ្នកមាន Dandan Zhu ប្រកាន់ទម្លាប់ឆ្លាតវៃក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ ដោយអនុវត្តការគ្រប់គ្រងការចំណាយតឹងរ៉ឹង ចាប់តាំងពីថ្ងៃដែលគាត់បានមករស់នៅទីក្រុងញ៉ូយកដោយរស់នៅផ្ទះជួលក្នុងតម្លៃថោក កម្រជិះតាក់ស៊ី និងទិញម្ហូបអាហារ ឬ សម្ភារៈប្រើប្រាស់ណាដែលមានការបញ្ចុះតម្លៃ ជាពិសេសមិនចំណាយប្រាក់ទៅលើអ្វីដែលមិនចាំបាច់។ ដូចនេះអ្នកនឹងមិនអាចក្លាយជាអ្នកមាន និងកំពុងធ្វើការយ៉ាងលំបាកដោយមិនសល់ប្រាក់សោះ ប្រសិនបើអ្នកចំណាយប្រាក់ទាំងអស់របស់អ្នកទៅលើការចាយវាយ។ ការគ្រប់គ្រងហិរញ្ញវត្ថុបានត្រឹមត្រូវ និងកំណត់ខ្លួនអ្នកឱ្យដើរលើផ្លូវត្រូវ ដើម្បីមានទម្លាប់សន្សំសំចៃ ក្នុងការបង្កើតទ្រព្យសម្បត្តិ។

៤. វិនិយោគទ្រព្យសម្បត្តិទៅលើអ្វីដែលយើងបានយល់ច្បាស់៖ ប្រសិនបើអ្នកមិនរៀនវិនិយោគ និងវិនិយោគឱ្យបានច្រើនតាមតែអាចធ្វើទៅបាននៅពេលដែលអ្នកនៅក្មេង អ្នកកំពុងបាត់បង់ឱកាសជាច្រើនដើម្បីបង្កើនទ្រព្យសម្បត្តិសុទ្ធរបស់អ្នក។ ជាក់ស្ដែងមហាសេដ្ឋីវ័យក្មេងរូបនេះ បានវិនិយោគប្រាក់សន្សំ ៧៥% នៃចំនួនសរុប ១០ មុឺនដុល្លារនៅក្នុងផ្សារហ៊ុន ខណៈដែលគាត់មិនមែនជាពាណិជ្ជករដែលមានទេពកោសល្យ ប៉ុន្តែទីបំផុតគាត់បានសម្រេចចិត្តសិក្សាពីការវិនិយោគអចលនទ្រព្យពិតប្រាកដរហូតទទួលបានជោគជ័យ និងក្លាយជាដឹកនាំក្រុមហ៊ុន និងជាសេដ្ឋីនៅអាយុ ៣០ ឆ្នាំ៕

អត្ថបទ៖ លីនី