ឥណ្ឌូណេស៊ីកំពុងរៀបចំផែនការលើកទឹកចិត្តសម្រាប់ក្រុមហ៊ុនផលិតរថយន្ត និងអ្នកប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនីដើម្បីជួយជំរុញដល់វិស័យដែលបានទាក់ទាញការវិនិយោគពីក្រុមហ៊ុន Toyota Motor Corp និង SoftBank Group Corp នេះបើយោងតាមសេចក្តីព្រាងយុទ្ធសាស្រ្តរបស់រដ្ឋាភិបាល។ វិធានការណ៍នេះមានគោលបំណងបង្កើនល្បឿននៃការដាក់ឲ្យប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនីនៅក្នុងប្រទេសឥណ្ឌូនេស៊ី និងបង្កើតមូលដ្ឋានសម្រាប់ការផលិត និងនាំចេញរថយន្តប្រភេទនេះ ដោយរាប់បញ្ចូលពន្ធទាបសម្រាប់ក្រុមហ៊ុនផលិត និងអ្នកទិញរថយន្តអគ្គិសនី និងអត្ថប្រយោជន៍សម្រាប់ម្ចាស់រថយន្ត EV ដូចជាកន្លែងចតពិសេស ដោយសេចក្តីព្រាងនេះរង់ចាំតែការអនុម័តរបស់ប្រធានាធិបតីប៉ុណ្ណោះ។
គួររំលឹកផងដែរថា បន្ទាប់ពីទទួលបានការវិនិយោគពីក្រុមហ៊ុនធំៗជាច្រើន ប្រទេសឥណ្ឌូនេស៊ីកំពុងធ្វើការប្រកួតប្រជែងជាមួយប្រទេសសឹង្ហបុរី និងថៃ ដើម្បីក្លាយជាមជ្ឈមណ្ឌលដ៏ធំនៅអាស៊ីអាគ្នេយ៍សម្រាប់រថយន្តអគ្គិសនី ដែលជាផ្នែកមួយនៃការខិតខំ ដើម្បីពង្រឹងសេដ្ឋកិច្ចក្នុងស្រុកនិងកាត់បន្ថយការពឹងផ្អែកលើប្រេងដែលបាននាំចូល។ បន្ថែមពីនេះប្រទេសឥណ្ឌូនេស៊ីជាទីផ្សារមួយដែលមិនទាន់បានប្រើយានយន្តអគ្គិសនីធំជាងគេបង្អស់ និងចង់អោយរថយន្ត EV ផលិតបាន ១ ភាគ ៤ នៃការផលិតរថយន្តរបស់ខ្លួននៅឆ្នាំ ២០៣០ ខណៈដែលប្រទេសនេះព្យាយាមនាំក្រុមហ៊ុនពិភពលោកមកធ្វើការវិនិយោគបន្ថែមទៀត៕

អត្ថបទ៖ លីនី


