សេអ៊ូល៖ របាយការណ៍របស់រដ្ឋាភិបាលបានបង្ហាញនៅក្នុងថ្ងៃនេះបានឲ្យដឹងថា ការនាំចេញរបស់ប្រទេសកូរ៉េខាងត្បូងបានធ្លាក់ចុះ ២ ខ្ទង់កាលពីខែកក្កដាហើយបន្តធ្លាក់ចុះក្នុងរយៈពេល ៨ ខែជាប់ៗគ្នា ដោយសារតម្លៃទាបសម្រាប់ផលិតផលអេឡិចត្រូនិក និងផលិតផលប្រេង។ ជាមួយគ្នានេះដែរក្រសួងពាណិជ្ជកម្មឧស្សាហកម្ម និងថាមពលបានឱ្យដឹងថាការនាំចេញដែលមានចំនួនប្រហែលពាក់កណ្តាលនៃសេដ្ឋកិច្ចកូរ៉េខាងត្បូងមានចំនួន ៤៦,១៤ ពាន់លានដុល្លារអាមេរិកក្នុងខែកក្កដា ពោលគឺធ្លាក់ចុះ ១១% បើប្រៀបធៀបទៅនឹងឆ្នាំមុន។
ក្នុងនោះការនាំចេញទៅក្រៅប្រទេសបានបន្តធ្លាក់ចុះអស់រយៈពេល ៨ ខែជាប់គ្នា ចាប់តាំងពីខែធ្នូឆ្នាំមុនដោយសារជម្លោះពាណិជ្ជកម្មពិភពលោក និងការធ្លាក់ចុះនៃវដ្តអាជីវកម្មនៃឧស្សាហកម្មបន្ទះឈីបរបស់ពិភពលោក។ បន្ថែមពីនេះ ក៏ដោយសារការរឹតបន្តឹងបទបញ្ញត្តិកាលពីដើមខែមុនលើការនាំចេញរបស់ជប៉ុនទៅកាន់ប្រទេសកូរ៉េខាងត្បូងនូវវត្ថុធាតុដើមសំខាន់ៗដើម្បីផលិតបន្ទះឈីប និងបន្ទះអេក្រង់។ មិនតែប៉ុណ្ណោះជប៉ុនក៏គ្រោងដកប្រទេសកូរ៉េខាងត្បូងនៅចុងសប្តាហ៍នេះចេញពីនីតិវិធីអនុគ្រោះពន្ធសម្រាប់ការនាំចេញរបស់ខ្លួនដែលជាការប៉ាន់ស្មានថាមានផលប៉ះពាល់អវិជ្ជមានទៅលើទំនិញជាង ១.០០០ នៅក្នុងពាណិជ្ជកម្មរវាងប្រទេសទាំងពីរផងដែរ។
ទោះជាយ៉ាងណាក៏ដោយ ក្រសួងពាណិជ្ជកម្មបានអះអាងថាការទប់ស្កាត់ការនាំចេញរបស់ប្រទេសជប៉ុនមានផលប៉ះពាល់តិចតួចចំពោះពាណិជ្ជកម្មរវាងទីក្រុងសេអ៊ូល និងតូក្យូ។ ដោយឡែកតាមផលិតផលការនាំចេញអេឡិចត្រូនិចបានធ្លាក់ចុះ ២៨.១% ក្នុងខែកក្កដាធៀបនឹងឆ្នាំមុនដោយសារតម្លៃផលិតផលទាបដែលបណ្តាលមកពីការធ្លាក់ចុះនៃវិស័យបន្ទះឈីបពិភពលោក ហើយការនាំចេញផលិតផលប្រេង និងគីមីឥន្ធនៈបានធ្លាក់ចុះ ២ ខ្ទង់ចំពេលប្រេងឆៅមានតម្លៃថោក និងការនាំចេញដែកថែបបានធ្លាក់ចុះ ២,១៧ ភាគរយដោយសារតម្រូវការពិភពលោកតិចតួចធ្វើឲ្យតម្លៃធ្លាក់ចុះផងដែរ៕
អត្ថបទ៖ លីនី


