ភ្នំពេញ៖ កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅនេះក្រសួងទេសចរណ៍ អាជ្ញាធរជាតិអប្សរា គណៈកម្មាធិការអន្តរជាតិសម្របសម្រួលការគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រអង្គរ (ICC-Angkor) រួមជាមួយអង្គការយូណេស្កូ (UNESCO) ប្រចាំកម្ពុជា បានជួបប្រជុំពិភាក្សាលើការជំរុញសកម្មភាពទេសចរណ៍នៅតំបន់អង្គរ និងតំបន់ជុំវិញ ដែលត្រូវបានធ្វើឡើងនៅទីស្ដីការក្រសួងទេសចរណ៍។
នៅក្នុងកិច្ចប្រជុំនោះផងដែរ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ឯកឧត្តម ថោង ខុន បានលើកឡើងថា នេះចាត់ទុកជាកិច្ចប្រជុំលើកដំបូងដែលសហប្រធាន អ្នកជំនាញ ICC-Angkor អង្គការ UNESCO អាជ្ញាធរជាតិអប្សរា និងក្រសួងទេសចរណ៍ បានរួមគ្នាប្រជុំពិភាក្សាអំពីការជំរុញសកម្មភាពទេសចរណ៍នៅតំបន់អង្គរ (និយាយដោយឡែក) និងនៅសៀមរាប និងតំបន់បេតិកភណ្ឌផ្សេងទៀត (និយាយជារួម)។ ដោយប្រាសាទអង្គរវត្តគឺជាគ្រឹះដ៏សំខាន់ក្នុងការទ្រទ្រង់ការអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា ហើយទេសចរណ៍វប្បធម៌ គឺជាឆ្អឹងកងដ៏សំខាន់នៃវិស័យទេសចរណ៍កម្ពុជាដូចគ្នា ខណៈដែលខេត្តសៀមរាប គឺជាគោលដៅទេសចរណ៍អាទិភាពសម្រាប់កម្ពុជាផងដែរ។
ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា៖ « យើងមានបញ្ហាជាច្រើនដែលត្រូវពិភាក្សាគ្នា ប៉ុន្តែបញ្ហាសំខាន់មុនគេ គឺសៀមរាបត្រូវការការអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗបន្ថែមទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរ និងពន្យារការស្នាក់នៅរបស់ពួកគេ »។ ជាមួយគ្នានេះដែរកាលពីឆ្នាំ២០១៨ កន្លងមក ដើម្បីទ្រទ្រង់កំណើនភ្ញៀវទេសចរមកកម្សាន្តនៅខេត្តសៀមរាប រាជរដ្ឋាភិបាលបានសម្រេចបង្កើតក្រុមការងារអន្តរក្រសួងមួយ ដើម្បីសិក្សារៀបចំផែនការមេអភិវឌ្ឍទេសចរណ៍ខេត្តសៀមរាប ដែលមានក្រសួងទេសចរណ៍ជាប្រធាន ហើយច្ចុប្បន្នក្រុមការងារជំនាញបានកំពុងសិក្សារៀបចំផែនការមេនេះយ៉ាងសកម្ម។
ទន្ទឹមនឹងនេះ ក្រសួងទេសចរណ៍បាននិងកំពុងសហការជាមួយភាគីពាក់ព័ន្ធ រៀបចំការងារមួយចំនួនដើម្បីជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តសៀមរាបរួមមាន៖ ការជំរុញការអភិវឌ្ឍតំបន់ទេសចរណ៍ជុំវិញក្រុងសៀមរាប ជំរុញឲ្យការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានាក្នុងខេត្ត និងការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ និងធនធានមនុស្សក្នុងវិស័យទេសចរណ៍។ បន្ថែមពីនេះឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ក៏បានទទួលសំណើរបស់លេខាធិការអចិន្ទ្រៃយ៍នៃ ICC-Angkor ឯកឧត្តមសាស្រ្តាចារ្យ Azédine BESCHAOUCH ដែលបានស្នើឲ្យក្រសួងទេសចរណ៍ លើកបង្ហាញនូវគម្រោងផែនការមេរៀបចំអភិវឌ្ឍន៍ខេត្តសៀមរាប និងផែនការយុទ្ធសាស្ត្រនានា នៅក្នុងកិច្ចប្រជុំពេញអង្គរបស់គណៈកម្មាធិការ ICC ដែលនឹងប្រារព្ធឡើងនាអំឡុងខែធ្នូ ឆ្នាំ២០១៩ ខាងមុខផងដែរ។
សូមបញ្ជាក់ផងដែរថាបន្ទាប់ពីទទួលយកសំណើដោយក្ដីរីករាយ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន នឹងត្រៀមសហការជានិច្ចជាមួយ ICC-Angkor និងអាជ្ញាធរជាតិអប្សរា ដោយប្តេជ្ញារួមគ្នាអភិវឌ្ឍតំបន់សៀមរាបអង្គរ និងតំបន់ជុំវិញប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវខ្ពស់។
ទន្ទឹមនឹងការស្នើឱ្យអាជ្ញាធរជាតិអប្សរាពន្លឿនការអនុវត្តផែនការគ្រប់គ្រងតំបន់អង្គរ និងពិចារណាក្នុងការបង្កើតផលិតទេសចរណ៍ថ្មីៗប្លែកៗសមស្របដ៏ទាក់ទាញ និងដើម្បីធានានិរន្តរភាពនៃការអភិវឌ្ឍតំបន់ទេសចរណ៍បេតិកភណ្ឌពិភពលោកដ៏ល្បីល្បាញមួយនេះ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ឯកឧត្តមរដ្ឋមន្ត្រីក៏បានស្នើឱ្យមានកិច្ចប្រជុំជាប្រចាំ ៣ខែ ឬ៦ខែម្តង រវាងអាជ្ញាធរជាតិអប្សរា សាលាខេត្តសៀមរាម ក្រសួងទេសចរណ៍ ក្រសួងវប្បធម៌ ក្រសួងបរិស្ថាន និងក្រសួងសំខាន់ៗមួយចំនួនទៀត ដោយមានការចូលរួមជាចាំបាច់របស់អង្គការ UNESCO និងអ្នកជំនាញការ ICC-Angkor ផងដែរ៕



អត្ថបទ៖ លីនី
ប្រភព៖ ក្រសួងទេសចរណ៍


