ប្រាក់ចំណូលប្រចាំខែរបស់ប្រជាជនសិង្ហបុរីក្នុងមួយគ្រួសារកើនឡើង លឿនជាងការចំណាយ
សេដ្ឋកិច្ច August 2, 2019 Chan Sreyny

សិង្ហបុរី៖ យោងតាមការស្ទង់មតិរបស់រដ្ឋាភិបាលដែលទើបនឹងចេញផ្សាយកាលពីថ្ងៃពុធ (៣១ កក្កដា) បានឲ្យដឹងថាប្រាក់ចំណូលរបស់ក្រុមគ្រួសារដែលមានទីលំនៅក្នុងប្រទេសសិង្ហបុរី បានកើនឡើងលឿនជាងការចំណាយបើប្រៀបធៀបទៅនឹងរយៈពេល ៥ ឆ្នាំកន្លងមកនេះ។ ការអនុវត្តនេះត្រូវបានធ្វើឡើងដោយនាយកដ្ឋានស្ថិតិសិង្ហបុរី (SingStat) ដោយការស្ទង់មតិតៅលើការចំណាយរបស់គ្រួសារនីមួយៗក្នុងឆ្នាំ ២០១៧ និង ២០១៨ ក៏បានរកឃើញការកែលម្អកម្រិតជីវភាពផងដែរ។

ក្នុងនោះផងដែរប្រាក់ចំណូលប្រចាំខែជាមធ្យមក្នុងមួយគ្រួសាររបស់ប្រជាជនសិង្ហបុរីគ្រប់លំដាប់ថ្នាក់ត្រូវបានកំណត់ជាប្រាក់ចំណូល ដែលបានមកពីការធ្វើជំនួញ ការវិនិយោគ និងមុខរបរការងារជាច្រើនទៀតដូចជា​កម្រិតប្រាក់ខែដែលរដ្ឋផ្ដល់ឲ្យ ឬ ប្រាក់ឧបត្ថម្ភកម្លាំងពលកម្មដែលមានចំនួន ១១.៧៨០ ដុល្លារកើនឡើងពី ១០.៤៧០ ដុល្លារសិង្ហបុរីក្នុងឆ្នាំ ២០១២ និង ២០១៣។ ការកើនឡើងនេះមានចំនួន ២.៤% ក្នុងមួយឆ្នាំ ឬ ២.២% ក្នុងមួយឆ្នាំបន្ទាប់ពីកត្តាអតិផរណា។

បន្ថែមពីនេះប្រាក់ចំណូលជាមធ្យមក្នុងគ្រួសារ និងជាមធ្យមប្រចាំខែបានកើនឡើងគ្រប់កម្រិតជីវភាពរបស់គ្រួសារទាំងអស់ដោយ​ ២០% សម្រាប់គ្រួសារដែលមានជីវភាពខ្ពស់ប្រាក់ចំណូលរបស់ពួកគេបានកើនឡើង ១.៦% ក្នុងមួយឆ្នាំ ឬប្រហែល ១.៥% ក្នុងមួយឆមាស។ ជាមួយគ្នានេះដែរគ្រួសារដែលមានជីវភាពមធ្យមមានការកើនឡើងពី ២.៧% ទៅ ៣.៣% ក្នុងមួយឆ្នាំ ឬប្រហែល ២.៤% ទៅ ៣% ក្នុងមួយឆមាស។ ជាពិសេសគ្រួសារដែលមានជីវភាពទាប ២០% បានកំណត់កំណើនប្រាក់ចំណូលប្រចាំខែជាមធ្យមស្មើនឹង ២.៨% ក្នុងមួយឆ្នាំ ឬ ២.៩% តាមលក្ខខណ្ឌជាក់ស្តែង។

គួរបញ្ជាក់ផងដែរថា បើនិយាយពីការចំណាយរបស់គ្រួសារនីមួយៗ ការចំណាយជាមធ្យមមាន ៤,៩១០ ដុល្លារសិង្ហបុរីក្នុងមួយខែ លើទំនិញ និងសេវាកម្មបើប្រៀបធៀបនឹងការស្ទង់មតិដែលធ្វើឡើងក្នុងរយៈ ៥ ឆ្នាំមុនមាន ៤,៧២០ ដុល្លារសិង្ហបុរី ដោយនេះមានន័យថាការកើនឡើងមានចំនួន ០.៨% ក្នុងមួយឆ្នាំ។ ជាក់ស្ដែងនៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន SingStat បានបង្ហាញថា ប្រាក់ចំណូលក្នុងគ្រួសារនីមួយៗបានកើនឡើង លឿនជាងការចំណាយជាទូទៅក្នុងគ្រួសារ និងសម្រាប់សមាជិកគ្រួសារម្នាក់ៗក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ៕

អត្ថបទើ លីនី