យោងតាមទីភ្នាក់ងារព៌ត័មានរបស់ប្រទេសវៀតណាមបានឲ្យដឹងថា បរិមាណនៃការដឹកជញ្ជូនទំនិញតាមផ្លូវដែកកំពុងធ្លាក់ចុះគួរឱ្យកត់សម្គាល់ ដែលធ្វើឲ្យក្រុមហ៊ុនដែលមានហ៊ុនរួមជាមួយវិស័យដឹកជញ្ជូនតាមផ្លូវដែករបស់ហាណូយ (HARACO) កំពុងចាត់វិធានការដើម្បីបង្កើនបរិមាណនៃការដឹកជញ្ជូនទំនិញ ខណៈដែលមិនបានបំពេញតាមគោលដៅដែលបានកំណត់នៅក្នុងឆមាសទីមួយនៃឆ្នាំ ២០១៩ នេះ។ ជាក់ស្ដែងក្នុងអំឡុងពេលពីខែមករា ដល់ខែមិថុនាក្រុមហ៊ុនបានផ្ទុកទំនិញលើសពី ១,៩ លានតោន និងបានដឹកទំនិញលើសពី ១,៨ លានតោនស្មើនឹង ៨៧% និង ៨៨% នៃរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ លទ្ធផលនេះធ្វើឱ្យចំណូលរបស់ក្រុមហ៊ុនថយចុះទាំងការដឹកទំនិញ និងការផ្ទុកទំនិញគឺស្មើនឹង ៩២.៩% នៃរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
បន្ថែមពីនេះអគ្គនាយកក្រុមហ៊ុនដឹកជញ្ជូនផ្លូវដែក Sai Gon ក៏បានបង្ហាញពីការធ្លាក់ចុះរបស់ខ្លួនក្នុងស្ថានភាពដូចគ្នា ក្នុងរយៈពេល ៦ ខែ ដើមឆ្នាំ ២០១៩ ផងដែរ ដោយក្រុមហ៊ុនបានដឹកជញ្ជូនទំនិញបានជាង ៤៣៨,០០០ តោន និងផ្ទុកទំនិញចំនួន ៣៩៤,០០០ តោនស្មើនឹង ៩២.១% និង ៨៧.៤% នៃរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ជាមួយគ្នានេះដែរដើម្បីបញ្ចៀសស្ថានការណ៍នៅប៉ុន្មានខែទៀតនេះ ក្រុមហ៊ុននឹងបើកដំណើរការរថភ្លើងដឹកទំនិញរហ័សពីស្ថានីយ៍ Yen Vien ទីក្រុងហាណូយ ទៅស្ថានីយ៍ Song Than នៅខេត្ត Binh Duong ភាគខាងត្បូង ដោយធ្វើការដឹកជញ្ជូនទៅវិញទៅមក ៥ ជើងក្នុងមួយសប្ដាហ៍ ហើយផ្លូវដែកនឹងបន្តកាត់បន្ថយថ្លៃដើមដឹកជញ្ជូនដើម្បីទាក់ទាញដៃគូពាណិជ្ជកម្មឱ្យបានកាន់តែច្រើន៕
អត្ថបទ៖ លីនី


