ប្រសិនបើយើងនិយាយដល់បុគ្គលដែលពូកែ និងយល់ច្បាស់ពីរបៀបក្នុងការណែនាំកូនៗរបស់ពួកគេដើម្បីគ្រប់គ្រងផ្នែកហិរញ្ញវត្ថុបានត្រឹមត្រូវគឺ មហាសេដ្ឋី Warren Buffett ដែលត្រូវបានគេស្គាល់ថាជាបុរសដែលមានទ្រព្យសម្បតិ្តច្រើនជាងគេបំផុតលើពិភពលោកលំដាប់ទី ៣។ មុនពេលដែលលោកក្លាយជានាយកប្រតិបត្តិក្រុមហ៊ុន Berkshire Hathaway លោកបានចាប់ផ្ដើមពីការធ្វើអាជីវកម្មខ្នាតតូចមួយ ដោយនៅក្នុងវ័យ ៦ ឆ្នាំលោកបានទិញកូកាកូឡា ៦ យួរក្នុងតម្លៃ ២៥ សេន ហើយបានលក់រាយក្នុងមួយកំប៉ុង មិនតែប៉ុណ្ណោះគាត់ក៏បានលក់ទស្សនាវត្តី និងស្ករកៅស៊ូនៅតាមផ្ទះផងដែរ។
លោក Warren Buffett ចាត់ទុកថាឪពុករបស់គាត់គឺជាអ្នកជំរុញទឹកចិត្តដ៏អស្ចារ្យ ដោយអ្វីដែលគាត់បានរៀនតាំងពីក្មេងមក គឺត្រូវមានទម្លាប់ត្រឹមត្រូវ ហើយការសន្សំគឺជាមេរៀនសំខាន់បំផុតដែលឪពុករបស់គាត់បានបង្រៀន ដែលអាចធ្វើឲ្យគាត់មានដូចសព្វថ្ងៃ និងធ្វើជាគំរូក្នុងការណែនាំកូនៗរបស់គាត់។ ដូច្នេះហើយទើបមហាសេដ្ឋីរូបនេះបានយល់ឃើញថា កំហុសតែមួយគត់របស់ឪពុកម្ដាយគ្រប់រូបដែលធ្វើខុសនៅពេលបង្រៀនកូនៗរបស់ពួកគេអំពីលុយគឺ មិនបង្រៀនពីរបៀបក្នុងការសន្សំ ឬ ទុកដាក់លុយនៅពេលដែលកូនៗរបស់ពួកគេនៅតូច ដោយរងចាំរហូតដល់ពួកគេស្ថិតក្នុងវ័យជំទង់ទើបធ្វើការណែនាំ និងប្រាប់ពីរបៀបក្នុងការទុកដាក់លុយកាក់តែវាអាចនឹងហួសពេលទៅហើយ ព្រោះពួកគេអាចនឹងមានក្នុងទម្លាប់អាក្រក់ណាមួយតាំងពីតូចរួចទៅហើយ៕
អត្ថបទ៖ អត្ថបទ៖ លីនី


