ការនាំចេញអគ្គិសនីរបស់អាល្លឺម៉ង់ធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ៥ ឆ្នាំ ដោយសារតែតម្លៃឡើងថ្លៃជាងមុន
សេដ្ឋកិច្ច August 3, 2019 Chan Sreyny

អាល្លឺម៉ង់៖ កាលពីពេលថ្មីៗនេះ សមាគមឧស្សាហកម្មថាមពល និងទឹកអាឡឺម៉ង់ (BDEW) បានប្រកាសពីការធ្លាក់ចុះការនាំចេញអគ្គិសនីក្នុងរយៈមួយខែ ដែលជាលើកដំបូងសម្រាប់ប្រទេសនេះចាប់តាំងពីឆ្នាំ ២០១៤ មក។ នៅក្នុងឆមាសទីមួយនៃឆ្នាំ ២០១៩​ នេះការនាំចេញអគ្គិសនីរបស់អាឡឺម៉ង់បានធ្លាក់ចុះ ២,៨ ពាន់លានគីឡូវ៉ាត់ម៉ោងមកនៅត្រឹមប្រមាណ ២១ ពាន់លានគីឡូវ៉ាត់ម៉ោង បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

យោងតាមរបាយការណ៍បានឲ្យដឹងថា ការធ្លាក់ចុះនេះបណ្ដាលមកពីការប្រែប្រួលតម្លៃ ពោលគឺឡើងថ្លៃជាងមុន ដោយសារតែតម្លៃកាបូនឌីអុកស៊ីត (CO2) នៅក្នុងគ្រោងការណ៍ជួញដូរការបំភាយឧស្ម័នអ៉ឺរ៉ុប (EU ETS) បានកើនឡើងគួរឱ្យកត់សម្គាល់នៅឆមាសទីមួយនៃឆ្នាំនេះហើយនៅពេលខ្លះបានឈានដល់ចំនួនប្រហែល ២៧ អឺរ៉ូ (៣០ ដុល្លារអាមេរិក)។ មូលហេតុនេះធ្វើឱ្យការផលិតអគ្គិសនីមានតម្លៃថ្លៃជាងមុនជាពិសេសពីរោងចក្រថាមពលធ្យូងថ្ម ស្របពេលដែលតម្លៃលក់ដុំសម្រាប់ឧស្ម័នធម្មជាតិបានធ្លាក់ចុះ ក្នុងរយៈពេលដូចគ្នា បើប្រៀបធៀបនឹងឆ្នាំមុនផងដែរ។

ពាក់ព័ន្ធនឹងការធ្លាក់ចុះនេះ សមាគមបានប្រកាសថា តម្លៃតិចតួចនេះ នឹងមានផលប៉ះពាល់ដល់ការផ្គត់ផ្គង់ឧស្ម័នរយៈពេលខ្លីសម្រាប់ឧស្សាហកម្ម និងរោងចក្រថាមពល។ ជាមួយគ្នានេះដែរ ការប្រើប្រាស់ថាមពលបឋមនៅប្រទេសអាល្លឺម៉ង់បានធ្លាក់ចុះ ១.៧% ក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០១៩ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយការគណនាបឋមពីក្រុមការងារបានបង្ហាញថាការធ្លាក់ចុះ នៃការប្រើប្រាស់ធ្យូងថ្មស្ថិតក្នុងតួលេខពីរខ្ទង់ ខណៈពេលដែលការប្រើប្រាស់ថាមពលកកើតឡើងវិញ នៅក្នុងប្រទេសអាល្លឺម៉ង់បានកើនឡើង ៤% នៅពាក់កណ្ដាលឆ្នាំនេះ៕

អត្ថបទ៖ លីនី