មានទៅអន់អី! ស្រីលង្កាអាចរកប្រាក់ចំណូលបានជាង៥ ពាន់លានដុល្លារក្នុងឆ្នាំនេះ ពីឧស្សាហកម្មកាត់ដេរ
សេដ្ឋកិច្ច July 31, 2019 Chan Sreyny

ស្រីលង្កា៖ ឧស្សាហកម្មកាត់ដេររបស់ប្រទេសស្រីលង្កាកំពុងទទួលបានប្រាក់ចំណេញពីការនាំចេញក្នុងតម្លៃ ៥,៥ ពាន់លានដុល្លារក្នុងឆ្នាំនេះ ពោលគឺកើនឡើង ១០% បើប្រៀបធៀបទៅនឹងឆ្នាំមុន នេះបើយោងតាមការរាយការណ៍របស់សារព័ត៌មានក្នុងស្រុកមួយកាលពីថ្ងៃអង្គារ។ ក្នុងនោះផងដែរប្រធានសមាគមអ្នកនាំចេញសម្លៀកបំពាក់ស្រីលង្កា (SLAEA) បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា កាលពីឆ្នាំមុនឧស្សាហកម្មកាត់ដេររកចំណូលបាន ៥ ពាន់លានដុល្លារអាមេរិកពីការនាំចេញ ហើយបានកំណត់ទិសដៅរយៈពេលវែងក្នុងចំនួន ៨ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០២៥ ។

គួររំលឹកផងដែរថា​ ឧស្សាហកម្មកាត់ដេរនៅក្នុងប្រទេសស្រីលង្កាមានការកើនឡើងខ្ពស់បំផុតក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ ដោយការនាំចេញសម្លៀកបំពាក់ទៅកាន់ទីផ្សារសំខាន់ៗនៅលើពិភពលោកស្ថិតក្នុងកម្រិតខ្ពស់បំផុត​នៅក្នុងខែឧសភារហូតមកទល់ពេលនេះ។ យ៉ាងណាមិញ ប្រធានសមាគមអ្នកនាំចេញសម្លៀកបំពាក់ស្រីលង្កា បានបង្ហាញពីភាពជឿជាក់ជាមួយនឹងសមិទ្ធិផលដែលទទួលបាន និងបង្ហាញឲ្យឃើញនៅឆមាសទីមួយនៃឆ្នាំនេះ ដោយបានបញ្ជាក់ថាប្រទេសនេះកំពុងស្ថិតនៅលើផ្លូវដើម្បីសម្រេចគោលដៅនៅឆ្នាំ ២០២៥៕

អត្ថបទ៖ លីនី