យោងតាមទីភ្នាក់ងារវិនិយោគបរទេសរបស់ក្រសួងផែនការ និងវិនិយោគបានបង្ហាញពីរបាយការណ៍ចុងក្រោយរបស់ខ្លួនថា ទីក្រុងហុងកុងបានរក្សាកេរ្តិ៍ឈ្មោះរបស់ខ្លួនជាប្រភពវិនិយោគបរទេសផ្ទាល់ឈានមុខគេរបស់វៀតណាមក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំនេះ ដោយបានចំណាយទឹកប្រាក់ចំនួន ៥,៤៤ ពាន់លានដុល្លារអាមេរិកនៅប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ។ ខណៈដែលប្រទេសកូរ៉េខាងត្បូងឈរនៅលំដាប់ទី ២ ដោយមានទឹកប្រាក់ជាង ៣,១៣ ពាន់លានដុល្លារ ហើយប្រទេសចិនដីគោកជាប់ចំណាត់ថ្នាក់លេខ ៣ ដែលមានទឹកប្រាក់ចំនួន ២,៤៥ ពាន់លានដុល្លារ បន្ទាប់មកប្រទេសសិង្ហបុរី និងជប៉ុនតាមពីក្រោយដោយមានចំនួន ២,២៩ ពាន់លានដុល្លារនិង ២,២៥ ពាន់លានដុល្លាររៀងៗខ្លួន។
ជាមួយគ្នានេះដែរក្នុងរយៈពេល ៧ ខែនៃឆ្នាំ ២០១៩ វៀតណាមបានប្រមូលប្រាក់ពីវិនិយោគិនបរទេសសរុបចំនួន ២០,២ ពាន់លានដុល្លារអាមេរិក ដែលបង្ហាញពីការធ្លាក់ចុះ ១៣.៥% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នៅក្នុងចំនួនសរុបនោះ ទឹកប្រាក់ប្រមាណ ៨,២៧ ពាន់លានដុល្លារបានមកពីគម្រោងថ្មីដែលមានអាជ្ញាប័ណ្ណចំនួន ២,០៦៤ ហើយ ៣,៤២ ពាន់លានដុល្លារបានមកពីគម្រោងចំនួន ៧៨១ ដែលជាដើមទុនរបស់ខ្លួន និងនៅសល់ជាង ៨.៥២ ពាន់លានដុល្លារត្រូវបានចំណាយដោយអ្នកវិនិយោគបរទេសដើម្បីទទួលបានភាគហ៊ុននៅក្នុងក្រុមហ៊ុនវៀតណាមផងដែរ។
យ៉ាងណាមិញទោះបីជាមានការថយចុះនូវការវិនិយោគថ្មីៗក៏ដោយ ទីភ្នាក់ងារក៏បានកត់សម្គាល់ឃើញថា ការបណ្តាក់ទុនវិនិយោគផ្ទាល់ពីបរទេសបានកើនឡើងជាវិជ្ជមានពី ៧% ដែលមានតម្លៃ ១០,៦ ពាន់លានដុល្លារបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ដោយចាប់តាំងពីខែមករា មកដល់ខែកក្កដានេះ វិស័យផលិតកម្មនិងកែច្នៃនៅតែមានភាពទាក់ទាញបំផុតសម្រាប់អាជីវកម្មបរទេស ដែលបានទាញយកទឹកប្រាក់ ១៤,៤៦ ពាន់លានដុល្លារដែលស្មើនឹង ៧១.៥% នៃការវិនិយោគបរទេសសរុបរបស់វៀតណាម។ បន្ទាប់មកវិស័យអចលនទ្រព្យដែលមានទឹកប្រាក់ ១,៤៧ ពាន់លានដុល្លារ ស្មើនឹង ៧.៣% ហើយការលក់ដុំ និងរាយនូវរថយន្ត និងម៉ូតូមានចំនួនទឹកប្រាក់ ១,០៩ ពាន់លានដុល្លារស្មើនឹង ៥.៤% និងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដែលមាន ៩៣០ លានដុល្លារ ស្មើនឹង ៤.៥%។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនវិនិយោគបរទេសបាននាំចេញទំនិញដែលមានតម្លៃជាង ១០០ ពាន់លានដុល្លារក្នុងរយៈពេលនេះខណៈពេលដែលការនាំចូលរបស់ពួកគេមានចំនួន ៨២,៥ ពាន់លានដុល្លារ ដែលបានធ្វើឱ្យមានអតិរេកពាណិជ្ជកម្មមានចំនួន ១៨,៦៣ ពាន់លានដុល្លារ។
បន្ថែមពីនេះនៅក្នុងរបាយការណ៍ចុងក្រោយរបស់ក្រសួងផែនការ និងវិនិយោគវៀតណាមក៏បានបង្ហាញពីប្រភពសំខាន់ៗសម្រាប់កំណើន FDI នាពេលអនាគតដែលនឹងបានមកពីប្រទេសកូរ៉េខាងត្បូង ចិនដីគោក តៃវ៉ាន់ និងហុងកុង៕
អត្ថបទ៖ លីនី


