អេហ្ស៊ីប៖ កាលពីពេលថ្មីៗនេះប្រធានក្រុមប្រឹក្សា CPSSC បានឲ្យដឹងថា ក្រុមប្រឹក្សាលើកកម្ពស់កិច្ចសហប្រតិបត្តិការខាងត្បូង ( CPSSC ) បានកំពុងស្វះស្វែងរកសក្ដានុពល នៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ និងបើកបណ្តាញទំនាក់ទំនងរវាងក្រុមហ៊ុនអេហ្ស៊ីប និងចិន ដោយបានគូសបញ្ជាក់ពីតួនាទីសំខាន់របស់សហគ្រាសធុនតូច និងមធ្យម ក្នុងការវិនិយោគរបស់ចិន នេះបើយោងតាមការថ្លែងនៅក្នុងវេទិកាធុរកិច្ចចិន-អេហ្ស៊ីបនៅទីក្រុង Cairo របស់ថ្នាក់ដឹកនាំគណៈប្រតិភូធុរកិច្ចចិន។
នៅក្នុងវេទិកានោះមានក្រុមហ៊ុនចិនចំនួន ១៩ និងក្រុមហ៊ុនអេហ្ស៊ីបចំនួន ២០ ដែលគ្របដណ្តប់លើវិស័យអប់រំ ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងឧស្សាហកម្មបានចាប់យកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការទៅវិញទៅមក។ ហើយក្រុមហ៊ុនទាំងនេះផ្តល់នូវផលិតផលដែលមានគុណភាពខ្ពស់ក្នុងតម្លៃទាប ដោយពួកគេអាចបំពេញតម្រូវការទីផ្សារអេហ្ស៊ីប និងនាំចេញផលិតផលទៅកាន់ទីផ្សារផ្សេងទៀត។ បន្ថែមពីនេះប្រធានក្រុមប្រឹក្សា CPSSC ក៏បានគូសបញ្ជាក់អំពីសមិទ្ធិផលដ៏អស្ចារ្យដែលប្រទេសទាំងពីរបានធ្វើជាពិសេសវិស័យកសិកម្មនិងឧស្សាហកម្មផងដែរ។
យោងតាមឯកអគ្គរដ្ឋទូតចិនបានឱ្យដឹងថាការវិនិយោគរបស់ចិននៅអេហ្ស៊ីបបានឈានដល់ជិត ៧ ពាន់លានដុល្លារអាមេរិកដែល ៩០% ត្រូវបានដាក់ដំណើរការក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ ដែលផ្តល់ឱកាសការងារប្រហែល ៤ ម៉ឺនកន្លែង។ ដោយឡែកយោងតាមរដ្ឋាភិបាលអេហ្ស៊ីបក្រុមហ៊ុនចិនប្រហែល ១,០៨០ កំពុងប្រតិបត្តិការនៅក្នុងប្រទេសអេហ្ស៊ីបក្នុងវិស័យផ្សេងៗ ជាពិសេសឧស្សាហកម្មបច្ចេកវិទ្យាព័ត៌មាន និងតំបន់សេដ្ឋកិច្ច ហើយក្នុងឆ្នាំ ២០១៨ ទំហំពាណិជ្ជកម្មសរុបរវាងប្រទេសទាំងពីរមានលើសពី ១៣,៨ ពាន់លានដុល្លារអាមេរិកដែលឈានដល់កម្រិតខ្ពស់បំផុត៕
អត្ថបទ៖ លីនី


