Grab ចាយប្រាក់ ២ ពាន់លានដុល្លារអាមេរិក ដើម្បីពង្រីកវិសាលភាពរបស់ខ្លួន នៅប្រទេសឥណ្ឌូនេស៊ី
សេដ្ឋកិច្ច July 30, 2019 Chan Sreyny

ចាកាតា៖ ក្រុមហ៊ុនដឹកជញ្ជូននៅអាស៊ីដ៏ធំ Grap បានឲ្យដឹងកាលពីថ្ងៃចន្ទ ទី២៩ កក្កដាថា ខ្លួននឹងវិនិយោគទឹកប្រាក់ចំនួន ២ ពាន់លានដុល្លារអាមេរិកទៅលើប្រទេសឥណ្ឌូនេស៊ីក្នុងរយៈពេល ៥ ឆ្នាំដោយប្រើដើមទុនដែលទទួលបានពីធនាគារជប៉ុន SoftBank Group Corp ដើម្បីចង់ពង្រីកវិសាលភាពរបស់ខ្លួន និងផ្ដល់សេវាកម្មនៅក្នុងតំបន់ដែលមានប្រជាជនច្រើន។ ជាមួយគ្នានេះដែរ ការវិនិយោគនេះនឹងឆ្ពោះទៅរកការបង្កើតបណ្តាញដឹកជញ្ជូនសម្រាប់មនុស្សជំនាន់ក្រោយ និងផ្លាស់ប្តូររបៀបរបស់សេវាកម្មសំខាន់ៗដូចជា ការថែទាំសុខភាពត្រូវជាដើម។

នាយកប្រតិបត្តិធនាគារ SoftBank បានឲ្យដឹងថាធនាគារកំពុងវិនិយោគទឹកប្រាក់ចំនួន ២ ពាន់លានដុល្លារអាមេរិកនៅក្នុងក្រុមហ៊ុន Grab ដើម្បីសាងសង់ទីស្នាក់ការកណ្តាលទី២ នៅក្នុងរដ្ឋធានីចាកាតារបស់ឥណ្ឌូនេស៊ី ហើយក្រុមហ៊ុនទាំងពីរនឹងវិនិយោគដើម្បីបង្កើតបណ្តាញដឹកជញ្ជូនសម្រាប់ប្រទេសឥណ្ឌូនេស៊ីដោយប្រើប្រាស់យានយន្តដើរដោយថាមពលអគ្គិសនី ។ មិនតែប៉ុណ្ណោះ Grab ក៏នឹងចំណាយប្រាក់ដើម្បីបើកដំណើរការសេវាកម្មថែទាំសុខភាព ដើម្បីធ្វើឱ្យប្រសើរឡើងនូវការទទួលបានសេវាវេជ្ជសាស្ត្រ និងថ្នាំពេទ្យផងដែរ។

ជាមួយគ្នានេះដែរការរធ្លាក់ចុះសេដ្ឋកិច្ចទ្វេដងរបស់ប្រទេសឥណ្ឌូនេស៊ី នឹងធ្វើឱ្យការប្រកួតប្រជែងរបស់ Grab កាន់តែខ្លាំងឡើងជាមួយនឹងគូប្រជែង Go-Jek ដែលក្រុមហ៊ុនទាំងពីរសុទ្ទសឹងតែជាក្រុមហ៊ុនអាជីវកម្មបច្ចេកវិទ្យា។ ជាក់ស្ដែង SoftBank នឹងបញ្ចូលមូលនិធិបន្ថែមទៀតទៅក្នុងទីផ្សារ Tokopedia ធំបំផុតរបស់ឥណ្ឌូនេស៊ី និងស្វែងរកឱកាសវិនិយោគនៅក្នុងតំបន់រួមមាន ថាមពលកកើតឡើងវិញ និងយានយន្តដើរដោយអគ្គិសនីនៅក្នុងសេដ្ឋកិច្ចធំបំផុតនៅអាស៊ីអាគ្នេយ៍ផងដែរ៕

អត្ថបទ៖ លីនី