យោងតាមការស្រាវជ្រាវរបស់ធនាគារពិភពលោកពីរបាយការណ៍ ” ផលប៉ះពាល់ដ៏អាក្រក់ពីគ្រោះថ្នាក់ចរាចរណ៍ ” បានឲ្យដឹងថាការផ្លាស់ប្ដូរឥរិយាបទបើកបររបស់ប្រជាពលរដ្ឋអាចធ្វើឱ្យផលិតផលក្នុងស្រុកសរុបរបស់ប្រទេសនេះប្រសើរឡើង។ ជាក់ស្ដែងប្រភពដដែលក៏បានប៉ាន់ស្មានផងដែរថា ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសថៃដែលជាសូចនាករសំខាន់នៃសកម្មភាពសេដ្ឋកិច្ចនឹងកើនឡើង ២២,១% ប្រសិនបើប្រទេសនេះអាចកាត់បន្ថយចំនួនគ្រោះថ្នាក់ចរាចរណ៍បានពាក់កណ្តាលក្នុងរយៈពេល ២៩ ឆ្នាំខាងមុខ។
ទោះបីជាយ៉ាងណាក៏ដោយវិធីសាស្រ្តមួយនេះក៏មិនមានប្រសិទ្ធភាពក្នុងការជំរុញសេដ្ឋកិច្ច បើប្រៀបធៀបទៅនឹងការចំណាយរបស់រដ្ឋាភិបាលក្នុងវិស័យផ្សេងទៀត និងការបង្កើនការវិនិយោគអាជីវកម្ម និងវិធីសាស្រ្តក្នុងការថែរក្សាសុវត្ថិភាពនៅលើដងផ្លូវ។ យ៉ាងណាមិញនាយករដ្ឋមន្រ្តីប្រចាំប្រទេសថៃលោក ប្រាយុទ្ធ ចាន់អូចា បានបង្ហាញនូវភាពមិនពេញចិត្តចំពោះលទ្ធផលនៃយុទ្ធនាការកាត់បន្ថយគ្រោះថ្នាក់នៅក្នុងថ្ងៃចូលឆ្នាំដែលមានការថយចុះតិចតួចបើប្រៀបធៀបជាមួយតួរលេខកាលពីឆ្នាំ ២០១៨។
គួររំលឹកផងដែរថាចំនួនអ្នកស្លាប់នៅឆ្នាំនេះមានចំនួន ៣៤៨ នាក់ពោល គឺធ្លាក់ចុះពី ៣៩២ នាក់បើធៀបនឹងឆ្នាំមុន ដោយការបើកបរហួសល្បឿនកំណត់ និងការបើកបរក្រោមស្ថានភាពស្រវឹងនៅតែជាមូលហេតុធំទី២ ដែលបណ្តាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍ ប៉ុន្តែចំនួននេះបានថយចុះបន្តិចកាលពីឆ្នាំមុនពី ២១.៦០៧ មក ២០.១៦៩។ បន្ថែមពីនេះអ្វីដែលគួរឱ្យព្រួយបារម្ភកាន់តែខ្លាំង គឺជនរងគ្រោះភាគច្រើនជាយុវជនដែលមានអាយុចន្លោះពី ១៥ ទៅ ២៤ ឆ្នាំ ដែលត្រូវបានគេរំពឹងថានឹងក្លាយជាអ្នកដឹកនាំគ្រួសារ និងអ្នករកប្រាក់កម្រៃសម្រាប់ផ្គត់ផ្គង់គ្រួសារនាពេលអនាគត។
ជាមួយគ្នានេះដែរវិទ្យាស្ថានស្រាវជ្រាវអភិវឌ្ឍន៍ថៃបានវាស់វែង ពីផលប៉ះពាល់នៃគ្រោះថ្នាក់ចរាចរណ៍ដែលជះឥទ្ធិពលដល់សេដ្ឋកិច្ចក្នុងចន្លោះឆ្នាំ ២០១១ និង ២០១៣ ហើយបានរកឃើញថា អ្នកដែលរងគ្រោះដោយសារគ្រោះថ្នាក់បានជួបបញ្ហាហិរញ្ញវត្ថុដែលមានតម្លៃជាង ៥៤៥ លានបាតជារៀងរាល់ឆ្នាំ ក្នុងនោះមានចំនួន ៦%នៃផលិតផលក្នុងស្រុកសរុប។ មិនតែប៉ុណ្ណោះយោងតាមមន្រ្តីបានអោយដឹងថាប្រទេសថៃ នឹងក្លាយជាសង្គមមួយដែលមានមនុស្សវ័យចំណាស់ច្រើនក្នុងរយៈពេល ២ ឆ្នាំខាងមុខ ហើយការរំពឹងទុកនេះគឺជាក្តីកង្វល់យ៉ាងធ្ងន់ធ្ងរព្រោះប្រាក់ចូលនិវត្តន៍ និងការចំណាយថែទាំសុខភាពនឹងកើនឡើងយ៉ាងខ្លាំង ដែលអាចបង្ហាញថាគ្រោះថ្នាក់ចរាចរណ៍ជាឧបសគ្គគួរឱ្យកត់សម្គាល់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋក្នុងការជំរុញសេដ្ឋកិច្ចទៅក្នុងទីតាំងមួយដើម្បីដោះស្រាយបន្ទុកនេះ។
គួរបញ្ជាក់ផងដែរថាបច្ចុប្បន្នប្រទេសថៃដែលជាប់ចំណាត់ថ្នាក់លេខ១ ក្នុងចំណោមបណ្តាប្រទេសអាស៊ានទាំង ១០ ទាក់ទងនឹងការស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ដោយក្នុងមនុស្សម្នាក់ៗចាំបាច់ត្រូវខិតខំប្រឹងប្រែងខ្លាំងណាស់ប្រសិនបើខ្លួនចង់បន្ថយចំណាត់ថ្នាក់ មិនល្អនេះហើយឈានដល់គោលដៅរក្សាតួលេខការស្លាប់នៅតាមដងផ្លូវឱ្យទាបជាង ២០នាក់ ក្នុងចំណោមអ្នកបើកបរ ១០០,០០០០នាក់ ដោយចាត់វិធីសាស្រ្តក្នុងការកំណត់ល្បឿនរបស់អ្នកបើកបរ និងទប់ស្កាត់កាបើកបរក្នុងស្ថានភាពស្រវឹង៕
អត្ថបទ៖ លីនី


