ម្ដងនេះគ្រប់ទឹកទៀតហើយ! ក្រុមហ៊ុនកូរ៉េ និងជប៉ុនកំពុងមើលឃើញ និងចាប់អារម្មណ៍យ៉ាងខ្លាំងលើទីផ្សារអចលនទ្រព្យរបស់វៀតណាម
អចលនទ្រព្យ July 30, 2019 Chan Sreyny

យោងតាមទស្សនាវដ្ដីអនឡាញអចលនទ្រព្យ ​​Reatimes នៅវៀតណាមបានបង្ហាញថាវិនិយោគិនសំណង់ និងអចលនទ្រព្យរបស់ប្រទេសកូរ៉េកំពុងពិចារណាលើប្រទេសវៀតណាមដែលជាទីផ្សារធំបំផុតលំដាប់ទីពីរដើម្បីជំរុញការវិនិយោគ។ ជាមួយគ្នានេះដែរទិន្នន័យចុងក្រោយបំផុតពីធនាគារកូរ៉េក៏បានបង្ហាញផងដែរថាវិនិយោគិនកូរ៉េខាងត្បូងបានវិនិយោគទឹកប្រាក់ចំនួន ៥៦,១ លានដុល្លារអាមេរិកទៅក្នុងប្រទេសវៀតណាមកាលពីឆ្នាំមុន ដែលតួលេខនេះតិចជាងសហរដ្ឋអាមេរិកដែលមានចំនួន ១៥៥,២ លានដុល្លារអាមេរិក។

បន្ថែមពីនេះទៅទៀតនាពេលបច្ចុប្បន្ននេះក្រុមហ៊ុនល្បីៗ ជាច្រើនមកពីកូរ៉េខាងត្បូងដូចជា Lotte E & C, SK និង GS E & C កំពុងមមាញឹកក្នុងប្រតិបត្តិការទូទាំងប្រទេសវៀតណាម ហើយពួកគេបានសហការជាមួយដៃគូវៀតណាម ដើម្បីអភិវឌ្ឍគម្រោងលំនៅដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធជាច្រើន។ អគ្គនាយកក្រុមហ៊ុន GS E & C Cho Sung Yol បាននិយាយថា ក្រុមហ៊ុនរបស់គាត់យកចិត្តទុកដាក់ជាពិសេសចំពោះអនាគតទីផ្សារវៀតណាម ជាពិសេសការបង្កើតផ្សារទំនើបឆ្លាតវៃ និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធផ្សេងៗផងដែរ។ គួររំលឹកផងដែរថា ក្រៅពីប្រទេសកូរ៉េខាងត្បូង អាជីវកម្មសំណង់របស់ប្រទេសជប៉ុនក៏មានចំណាប់អារម្មណ៍ក្នុងការវិនិយោគផងដែរ ជាពិសេសលើហេដ្ឋារចនាសម្ព័ន្ធនៅវៀតណាម ក្រៅពីផលិតផលអចលនទ្រព្យ៕

អត្ថបទ៖ លីនី