ពិតណាស់ធម្មជាតិរបស់សហគ្រិនគឺឆ្លាតវៃ ងប់ងល់ និងមានមហិច្ឆិតា ប៉ុន្តែមនុស្សដែលមានភាពវ័យឆ្លាតទាំងនោះ មិនមែនមានន័យថាគ្រប់ម្ចាស់អាជីវកម្មទាំងអស់ ធ្វើការសម្រេចចិត្តបានត្រឹមត្រូវគ្រប់ពេលនោះទេ តែសង្ឃឹមថាកំហុសដែលកើតមានឡើងមិនធំ ដែលអាចធ្វើឲ្យមុខជំនួញទទួលបរាជ័យនោះទេ។ ជាក់ស្ដែងលោក Mark Cuban ដែលជាមហាសេដ្ឋីបច្ចេកវិទ្យា និងជាអ្នកវិនិយោគលើទូរទស្សន៍ ABC កម្មវិធី “Shark Tank” បានបង្ហាញពីកំហុស ៣ យ៉ាងដែលសហគ្រិនធ្វើឲ្យអាជីវកម្មទទួលបរាជ័យ៖
១.មិនយល់ពីមូលដ្ឋានគ្រឹះនៃអាជីវកម្ម៖ សហគ្រិនមួយចំនួនតែងតែមើលរំលងចំណុចមួយនេះ ដោយពួកគេមិនបានសិក្សាស្វែងយល់ និងស្រាវជ្រាវបានច្បាស់លាស់ពីមូលដ្ឋាគ្រឹះនៃអាជីវកម្មរបស់ខ្លួននោះទេ មុនពេលដែលពួកគេចាប់ផ្ដើមវិនិយោគប្រាក់ក្នុងការចាប់ផ្ដើមផលិតផលិតផលរបស់ពួកគេ។ នៅត្រង់ចំណុចនេះលោកបានលើកឧទាហរណ៍ឡើងថា សហគ្រិនដែលមិនយល់ពីមូលដ្ឋានគ្រឹះនៃអាជីវកម្ម គឺនៅពេលដែលសហគ្រិនមិនដឹងពីភាពខុសគ្នារវាងផលិតផល និងលក្ខណៈពិសេសរបស់វា ពួកគេគួរធ្វើឱ្យប្រាកដថាពួកគេកំពុងបង្កើតផលិតផលដែលអាចដោះស្រាយបញ្ហាមិនមែនគ្រាន់តែមានលក្ខណៈពិសេសនោះទេ។ លោកបានបន្ថែមថា ក្រុមហ៊ុនដែលទទួលបានជោគជ័យគឺដោយសារតែផលិតផល មិនមែនលក្ខណៈពិសេសនោះទេ។
២.គិតថាការប្រកួតប្រជែងគឺស្មើនឹងសុពលភាព៖ ការចាប់ផ្ដើមបង្កើតអ្វីមួយពីចំណុចសូន្យមិនមែនជារឿងងាយស្រួលនោះទេ ដូចនេះមនុស្សដែលជឿជាក់ថាអ្នកកំពុងផ្ដល់នូវសេវាកម្មដ៏មានតម្លៃ និងទិញផលិតផលរបស់អ្នកជួនកាលត្រូវការអ្វីដែលពិសេសច្រើនជាងនេះទៅទៀត។ ទាំងនេះជាហេតុដែលលោកបានលើកឡើងថា វាជាកំហុសដ៏ធំមួយនៅពេលដែលអ្នកគិតថា ការប្រកួតប្រជែងរបស់អ្នកនៅក្នុងទីផ្សារអាចកំណត់ពីសុពលភាពនៃអាជីវកម្មរបស់អ្នក។
៣.ពឹងផ្អែកលើបុគ្គលិកល្អ ដើម្បីសម្រេចជោគជ័យ៖ ដូចពាក្យចាស់ពោលថា៖ « កុំដាក់ស៊ុតរបស់អ្នកនៅក្នុងកញ្ចប់តែមួយ » ដែលអាចប្រៀបប្រដូចទៅនឹងការជួលមនុស្ស និងការបង្កើតក្រុម។ ក្នុងនោះលោក Mark Cuban បានឲ្យដឹងថាម្ចាស់អាជីវកម្មជាច្រើនជឿជាក់ថា ការជួលមនុស្សដែលល្អៗ ជាបន្តបន្ទាប់ អាចដោះស្រាយបញ្ហាដ៏ធំបំផុតរបស់ពួកគេ ប៉ុន្តែពួកគេមិនបានដឹងទេថា ការជួលមនុស្សល្អៗ ហើយពឹងផ្អែកលើពួកគេទាំងស្រុងមិនមានន័យថាអ្នកនឹងរកឃើញវិធីលក់វត្ថុរបស់អ្នកនោះទេ ហើយបុគ្គលិកគ្រប់គ្នាធ្វើការដោយពេញចិត្តដែរ។ ប្រសិនបើបុគ្គលិកសំណព្វរបស់អ្នកទុកចោលការងារ ឬបរាជ័យ នោះអ្នកដទៃក៏ធ្វើដូច្នោះដែរ។ ការរីកចម្រើននៃអាជីវកម្មប្រកបដោយភាពជោគជ័យតម្រូវឲ្យមនុស្សគ្រប់គ្នានៅក្នុងក្រុមត្រូវការការសហការ និងខិតខំប្រឹងប្រែងរួមគ្នា៕
អត្ថបទ៖ លីនី


