សង្រ្គាមពាណិជ្ជកម្មរវាងសេដ្ឋកិច្ចមហាអំណាចទាំងពីរ និងភាពចលាចលក្នុងទីក្រុងហុងកុង ធ្វើគម្រោងផ្ទះថ្មីៗលក់មិនចេញនៅសល់រាប់មុឺនខ្នង
អចលនទ្រព្យ July 30, 2019 Chan Sreyny

ហុងកុង៖ ដោយសារភាពមិនច្បាស់លាស់របស់សង្រ្គាមពាណិជ្ជកម្មរវាងអាមេរិក-ចិន និងភាពចលាចល​នយោបាយដែលកំពុងបន្តនៅក្នុងទីក្រុង បានរារាំងអ្នកទិញផ្ទះក្នុងការបញ្ជាទិញដ៏ធំមួយដែលមិនធ្លាប់មាន ដែលធ្វើឲ្យលំនៅដ្ឋានលក់មិនចេញកើនឡើងខ្ពស់បំផុតក្នុងរយៈពេលជាងមួយទសវត្សរ៍។ បើយោងតាមទិន្នន័យរបស់ការិយាល័យមធ្យោបាយដឹកជញ្ជូន និងលំនៅដ្ឋានបានឱ្យដឹងថាតួលេខនេះបានឈានដល់ចំនួន ១០,០០០ ខ្នង ដែលមិនបានលក់នៅចុងត្រីមាសទី២ មានចំនួនច្រើនជាង ១,០០០ ខ្នងកាលពីជាងចុងខែមីនា។

ក្នុងនោះផងដែរការលក់ផ្ទះបានតិចជាងពាក់កណ្ដាលនៃចំនួនសរុប ធ្វើឲ្យចំនួនផ្ទះដែលនៅសល់របស់ហុងកុងកាន់តែច្រើនឡើងៗ ប្រធានប្រតិបត្តិលោក Carrie Lam Cheng Yuet-ngor បានដាក់ចេញនូវសំណើរ ចំពោះអ្នកយកពន្ធដើម្បីនាំមកនូវការផ្គត់ផ្គង់លំនៅដ្ឋានស្របតាមតម្រូវការ និងជួយគ្រប់គ្រងតម្លៃ។ លោកក៏បានបន្ថែមថា ការព្យាករណ៍នៃការកើនឡើងយ៉ាងឆាប់រហ័សនៃតម្លៃផ្ទះ ដោយសារតែការផ្គត់ផ្គង់បង្ហាញពីសញ្ញានៃតម្រូវការលើស។

យោងតាមអ្នកស្រាវជ្រាវជាន់ខ្ពស់របស់ភ្នាក់ងារអចលនទ្រព្យ Centaline បាននិយាយថា៖ « ក្រុមហ៊ុនអភិវឌ្ឍន៍នៅតែត្រូវលក់គម្រោងថ្មីដែលបានបញ្ចប់ដោយបង្ខំ ដើម្បីបញ្ចៀសអត្រាខ្ពស់។ ជាក់ស្ដែងផ្ទះចំនួន ១០ ម៉ឺនខ្នងដែលបញ្ចប់ការសាងសង់ ហើយលក់មិនចេញបានឈានដល់កម្រិតព្រមាន ដូច្នេះមិនត្រូវឲ្យចំនួននេះកើនឡើងបន្ថែមទៀតនោះទេ »។ ជាមួយគ្នានេះដែរប្រសិនបើសំណើរដែលបានស្នើឡើងត្រូវបានអនុម័តដោយសភានីតិបញ្ញត្តិទីក្រុង នឹងកាត់បន្ថយពន្ធដើមប្រហែល ៥% នៃតម្លៃរបស់អចលនទ្រព្យទៅលើអ្នកអភិវឌ្ឍប្រសិនបើទ្រព្យសម្បត្តិនៅតែលក់មិនចេញក្នុងរយៈពេលមួយឆ្នាំបន្ទាប់ពីបញ្ចប់ការសាងសង់។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុននេះរំពឹងថាតម្លៃមធ្យមនឹងធ្លាក់ចុះ ៥% នៅឆ្នាំនេះទោះបីជាសភាមិនទាន់បានអនុម័តក៏ដោយ ហើយពួកគេអាចពន្យឺតការសាងសង់គម្រោងថ្មីៗរបស់ខ្លួន ប្រសិនបើដំណើរការទីផ្សារ និងទស្សនវិស័យមិនមានភាពល្អប្រសើរជាងនេះ។ យ៉ាងណាមិញ ការធ្លាក់ចុះនៃការសាងសង់អាចកាត់បន្ថយបន្ទុកនៃការការបង់ថ្លៃក្នុងអត្រាខ្ពស់ ប្រសិនបើពួកគេបានព្យាករណ៍ឃើញពីផលវិបាកក្នុងការលក់អចលនទ្រព្យថ្មីៗរបស់ខ្លួន។ គួររំលឹកផងដែរថាយុទ្ធនាការទីផ្សារ និងយុទ្ធសាស្រ្តលក់ដេញថ្លៃត្រូវបានកើតឡើងនៅក្នុងខែឧសភា និងខែមិថុនានៅពេលសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនបានកាន់តែតានតឹង ស្របពេលដែលហុងកុងមានការរង្គោះរង្គើ និងភាពចលាចលពីសំណាក់សាធារណជនតាមរយៈការតវ៉ានៅតាមផ្លូវមិនឈប់ឈរ៕

អត្ថបទ៖ លីនី