យោងតាមរបាយការណ៍របស់ KResearch (ជាផ្នែកមួយនៃធនាគារ Kasikorn Bank) បានប៉ាន់ប្រមាណថាអាជីវកម្មដឹកជញ្ចូនម្ហូបអាហាររបស់ថៃនៅឆ្នាំ ២០១៩ នឹងមានចំនួនចន្លោះពី ៣៣ ទៅ ៣៥ ពាន់លានបាតពោលគឺកើនឡើង ១៤% បើធៀបនឹងឆ្នាំមុន។ ការដឹកជញ្ជូនម្ហូបអាហារគឺជាគំរូមួយផ្សេងទៀតក្នុងការបែងចែកឌីជីថល ហើយក៏កំពុងផ្លាស់ប្ដូរអាកប្បកិរិយារបស់អតិថិជន ក៏ដូចជាចង្វាក់ផ្គត់ផ្គង់អាហាររបស់ភោជនីយដ្ឋាននានាផងដែរ។
ក្នុងនោះផងដែរហាងដែលទិញ franchises និងហាងទទួលសិទ្ធិផ្ដាច់មុខជាច្រើនកំពុងប្រើប្រាស់ និងបានផ្ដល់នូវសេវាកម្មដឹកជញ្ជូនតាមរយៈ Food Panda, LineMan និង Grab Food ផងដែរ។ ដូច្នេះហើយគេប៉ាន់ប្រមាណថាការដឹកជញ្ជូនអាហារ និងអាជីវកម្មនឹងមានចំនួន ៨% នៃអាជីវកម្មសរុបរបស់ប្រទេសថៃនៅឆ្នាំ ២០១៩ ហើយការរកឃើញនេះបានបង្ហាញថា ៦៣% នៃអ្នកឆ្លើយតបទៅនឹងការស្ទង់មតិមួយជឿថា សេវាកម្មដឹកជញ្ជូនម្ហូបអាហារបានផ្លាស់ប្តូរឥរិយាបថរបស់ពួកគេ ដោយការបញ្ជាទិញអាហារកាន់តែច្រើន ហើយការបរិភោគនៅក្នុងហាងកាន់តែតិច។
យ៉ាងណាមិញការកើនឡើង នូវការផ្ដល់សេវាកម្មដឹកជញ្ជូនម្ហូបអាហារនេះ បានបង្កើនឪកាសសម្រាប់អ្នកដឹកជញ្ជូន ក្នុងខ្សែចង្វាក់ផ្គត់ផ្គង់ភោជនីយដ្ឋាន រួមទាំងភោជនីយដ្ឋានខ្នាតតូច និងធំដើម្បីបង្កើតប្រាក់ចំណូលបន្ថែមទៀត ដោយសារពួកគេអាចទំនាក់ទំនងទៅនឹងអតិថិជនថ្មីក្រៅពីអតិថិជនជាប្រចាំរបស់ពួកគេ។ មិនតែប៉ុណ្ណោះអ្នកដឹកជញ្ជូន អាចទទួលបានប្រាក់ចំណូលបន្ថែម ដោយការបើកអាជីវកម្មដឹកជញ្ជូនម្ហូបអាហារដែលទទួលការកុម្ម៉ង់តាមអ៊ីនធឺណិត ចំណែកទីផ្សារនៃសេវាដឹកជញ្ជូនត្រូវបានគេប៉ាន់ប្រមាណថានឹងមានចំនួន ៣,៩ ពាន់លានបាតនៅឆ្នាំនេះ៕

អត្ថបទ៖ លីនី


