ត្រូវប៉ាន់តែម្តង! ចិននឹងជះលុយ ៧០០ លានបាតវិនិយោគលើរោងចក្រកែច្នៃទុរេននៅប្រទេសថៃ ដើម្បីពង្រីកការនាំចេញ
សេដ្ឋកិច្ច July 29, 2019 Chan Sreyny

យោងតាមសារព៌ត័មានរបស់ប្រទេសថៃបានឲ្យដឹងថា ក្រុមវិនិយោគិនមកពីខេត្ត Kunming ប្រទេសចិនដែលបានឈ្នះឯកសិទ្ធិវិនិយោគពី SBPAC នឹងចំណាយប្រាក់ប្រមាណ ៧០០ លានបាត វិនិយោគទៅលើរោងចក្រកែច្នៃទុរេនមួយនៅភាគខាងត្បូងក្នុងគោលបំណងនាំចេញទុរេនពីចន្លោះ ១​ ភាគ ៣ នៃផ្លែទុរេនទាំងអស់ដែលដាំដុះនៅតាមបណ្តាខេត្តជាប់ព្រំដែនភាគខាងត្បូងទៅប្រទេសចិន។ វត្តមាននៃរោងចក្រនេះត្រូវបានគេមើលឃើញថាជាភស្តុតាងមួយនៃភាពរីកចម្រើនទីផ្សារក្នុងការនាំចេញធូរេននៅប្រទេសចិនផងដែរ។

នាយកគ្រប់គ្រងក្រុមហ៊ុន Manguwang Food Co លោក Xiao Yaoheng បានឲ្យដឹងថា ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងថៃ និងចិនពេលនេះកំពុងទិញទុរេនពីកសិករក្នុងតំបន់ដើម្បីបង្កក និងនាំចេញទៅកាន់ប្រទេសចិន។ ជាក់ស្ដែងក្រុមហ៊ុនស្ថិតនៅក្នុងស្រុក Songkhla ដែលបានចាប់ផ្ដើមប្រតិបត្តិការកាលពីដើមខែកក្កដា កន្លងមកនេះមានមូលធនប្រមាណ ២ ពាន់លានបាត ហើយបានផ្ដល់ការងារដល់ប្រជាពលរដ្ឋប្រមាណ ១២០០នាក់ ដែលកំពុងធ្វើការនៅក្នុងរោងចក្រ និងមានលទ្ធភាពទិញធូរេនចំនួន ១២,០០០តោនក្នុងមួយឆ្នាំ។

យ៉ាងណាមិញនៅឆ្នាំក្រោយក្រុមហ៊ុននេះ មានគោលបំណងបង្កើនសមត្ថភាពទិញទុរេនដល់ទៅ ២០,០០០ តោនក្នុងមួយឆ្នាំដែលស្មើនឹងចំនួន ១ ភាគ ៣ នៃផ្លែទុរេនទាំងអស់ដែលដាំដុះនៅក្នុងខេត្តព្រំដែនភាគខាងត្បូងរបស់ប្រទេសថៃ។ ដោយសារតែបច្ចុប្បន្ន ខេត្តនៅតាមព្រំដែនភាគខាងត្បូងមានសមត្ថភាពដាំដុះទុរេនរាប់ម៉ឺនតោនក្នុងមួយឆ្នាំ និងមានការវិនិយោគច្រើនពីសំណាក់អ្នកវិនិយោគិន ធ្វើឲ្យវិស័យនេះកានតែរីកលូតលាស់ ហើយត្រូវបានគេចាត់ទុកថាជាការងារដែលមានប្រាក់ខែខ្ពស់នៅតាមបណ្តាខេត្តជាប់ព្រំដែនសម្រាប់ប្រជាពលរដ្ឋផងដែរ។

សូមបញ្ជាក់ផងដែរថាបច្ចុប្បន្ននេះរោងចក្រមានសមត្ថភាពទិញ និងកែច្នៃបាន ៣០០ តោនក្នុងមួយថ្ងៃ​ក្នុងការកែច្នៃទុរេនកក និងសម្ងួត សម្រាប់នាំចេញទៅកាន់ប្រទេសចិន ដោយកំពុងទិញទុរេនក្នុងតម្លៃខ្ពស់ជាងឈ្មួញទិញក្នុងស្រុក។ បន្ថែមពីនេះដោយសារស្ទើរតែពាក់កណ្តាលនៃផ្លែទុរេនពីចំការនៅភាគខាងត្បូង ជាធម្មតាមិនបានបំពេញតាមស្តង់ដារនាំចេញដែលមានទំហំតូចជាងតម្រូវការនោះ ដូច្នេះទើបគេត្រូវធ្វើការកែច្នៃរោងចក្រដើម្បីបង្កើនការនាំចេញ៕

អត្ថបទ៖ លីនី