ក្រុងតូក្យូ៖ បន្ទាប់ពីប្រជាជនកូរ៉េខាងត្បូង ប្ដេជ្ញាចិត្តប្រឆាំងនឹងប្រទេសជប៉ុន ដោយឈប់ប្រើប្រាស់ និងនាំចូលផលិតផលជប៉ុននោះ ក្រុមមន្រ្តីជប៉ុនបាននិយាយកាលពីថ្ងៃសុក្រថាពួកគេកំពុងបន្តនីតិវិធីដើម្បីទម្លាក់ចំណាត់ថ្នាក់ផលិតផលរបស់កូរ៉េ ដែលពេញនិយមនៅប្រទេសខ្លួន ខណៈដែលក្រុងតូក្យូក៏ពង្រីកការត្រួតពិនិត្យការនាំចេញសម្ភារៈបច្ចេកវិទ្យាខ្ពស់។ ជាមួយគ្នានេះដែរប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានរាយការណ៍ថាគណៈរដ្ឋមន្ត្រីបានកំណត់ផែនការមួយដែលនឹងអនុម័តនៅថ្ងៃទី២ ខែសីហាដើម្បីទម្លាក់កូរ៉េខាងត្បូងចេញពីបញ្ជីនៃប្រទេសចំនួន ២៧ ដែលបានផ្ដល់សិទ្ធិពិសេសក្នុងការធ្វើពាណិជ្ជកម្មនៅប្រទេសជប៉ុន។
ដោយឡែក ប្រធានខុទ្ទកាល័យគណៈរដ្ឋមន្ត្រីលោក Yoshihide Suga មិនបានបញ្ជាក់កាលបរិច្ឆេទច្បាស់លាស់នោះទេ ប៉ុន្តែបានអះអាងថាប្រទេសជប៉ុនកំពុងបន្តតាមការគ្រោងទុក ហើយការទម្លាក់ចេញនេះនឹងមានប្រសិទ្ធភាពក្នុងរយៈពេល ៣ សប្ដាហ៍បន្ទាប់ពីការអនុម័តរបស់គណៈរដ្ឋមន្រ្តី ដែលអាចស្ថិតក្នុងអំឡុងថ្ងៃ ២៣ ខែសីហានេះ។ បន្ថែមពីនេះប្រទេសជប៉ុនបានចាប់ផ្ដើមតម្រូវឲ្យមានការនាំចេញតិចតួចទៅកាន់ប្រទេសកូរ៉េខាងត្បូងនូវសម្ភារៈបីយ៉ាង ដែលត្រូវបានប្រើប្រាស់នៅក្នុងឧបករណ៍បច្ចេកវិទ្យាខ្ពស់ ហើយក្រុងតូក្យូក៏បានប្រកាសពីផែនការក្នុងការទម្លាក់កូរ៉េខាងត្បូងពីបញ្ជីនៃបណ្តាប្រទេសរបស់ខ្លួនដែលបានអនុញ្ញាតឱ្យមានស្ថានភាពពាណិជ្ជកម្មពិសេសដោយរង់ចាំការអនុម័តយោបល់ជាសាធារណៈ និងការអនុម័តពីគណៈរដ្ឋមន្រ្តីផងដែរ។
យ៉ាងណាមិញក្នុងអំឡុងពេលបញ្ចប់ការសិក្សាមតិជាសាធារណៈកាលថ្ងៃពុធ ក្រុមមន្រ្តីក៏បានផ្ញើការសិក្សាមតិទៅកាន់រដ្ឋាភិបាល ដែលវាជាជំហានមួយក្នុងការដាក់ចេញជាផ្លូវការនៃការដកចេញសិទ្ធពិសេសនេះ ដោយមតិជាង ១០,០០០ នាក់ត្រូវបានស្នើដោយអ្នកផ្ញើភាគច្រើនបានគាំទ្រការដកតំណែងកូរ៉េខាងត្បូងពីសិទ្ធិពិសេសក្នុងការធ្វើពាណិជ្ជកម្មក្នុងប្រទេសជប៉ុននេះ៕

អត្ថបទ៖ លីនី


