កម្ពុជានឹងមានរោងចក្រដំឡើងរថយន្តក្រុង និងផលិតសំបកកង់យានយន្ត ដើម្បីផ្គត់ផ្គង់ទីផ្សារកម្ពុជា​ និងក្នុងតំបន់
សេដ្ឋកិច្ច July 27, 2019 Chan Sreyny

សៀមរាប៖ កាលពីថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ២០១៩ កម្ពុជា-បេឡារុស បានបើកកិច្ចប្រជុំលើកទី៣ នៃគណៈកម្មាធិការចម្រុះស្ដីពីកិច្ច សហប្រតិបត្តិការ ពាណិជ្ជកម្ម និងសេដ្ឋកិច្ច ដោយប្រទេសទាំងពីរបានឯកភាពគ្នាទៅលើចំណុចជាច្រើន លើការនាំចេញ និងនាំចូលផ្នែកវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច មិនតែប៉ុណ្ណោះគ្រោងបង្កើតរោងចក្រដំឡើងរថយន្ត និងសំបកយានយន្ត ជាមួយនឹងការនាំចេញផ្នែកវិស័យកសិកម្មផងដែរ។

យោងតាមប្រសាសន៍របស់លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងព្រះរាជាណាចក្រ​កម្ពុជា និងសាធារណរដ្ឋបេឡារុស គឺជាមូលដ្ឋាន មួយដ៏សំខាន់ក្នុងការគាំទ្រ និងសម្រួលដល់ប្រតិបត្តិការពាណិជ្ជកម្ម ទំនាក់ទំនងវិស័យឯកជន និងធុរកិច្ចនានា។ នៅក្នុងនោះផងដែរប្រទេសទាំងពីរក៏បានឯកភាពគ្នាទៅលើចំណុចសំខាន់ៗដូចជា៖ ការផ្គត់ផ្គង់ឪសថ និងគ្រឿងបរិក្ខារមកកម្ពុជា, វិស័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាពត៌មានវិទ្យា​, វិស័យអប់រំ និងវប្បធម៌, វិស័យទេសចរណ៍, កិច្ចសហប្រតិបត្តិការរវាងរាជធានីភ្នំពេញ និងទីក្រុងមីនស្ក និងចំណុចពិសេសចុងក្រោយ គឺ កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ចរួមមានការផ្គត់ផ្គង់គ្រឿងម៉ាស៊ីន សំបកកង់ ផលិតផលវាយណភ័ណ្ឌ ឧស្សាហកម្មធុនស្រាល ពីបេឡារុសមកកម្ពុជា និងការផ្គត់ផ្គង់កៅស៊ូធម្មជាតិ ផលិតផលកសិកម្ម និងអាហារសមុទ្រពីកម្ពុជា ទៅបេឡារុស។

បន្ថែមពីនេះលោកជំទាវបានបន្តថា ភាគីកម្ពុជាក៏បានលើកទឹកចិត្តឲ្យភាគីបេឡារុសជំរុញការនាំចេញផលិតផលកសិកម្មកម្ពុជាទៅកាន់ ទីផ្សារបេឡារុស និងពិនិត្យលទ្ធភាពបង្កើតរោងចក្រដំឡើងរថយន្តក្រុង និងសំបកង់យានយន្ត ដើម្បីផ្គត់ផ្គង់នៅទីផ្សារកម្ពុជា និងក្នុងតំបន់។ ជាមួយគ្នានេះលោកជំទាវក៏បានជម្រាបអំពីសក្ដានុពលផលិតផលកសិកម្ម ពិសេសជ័រកៅស៊ូធម្មជាតិ របស់កម្ពុជា ដែលមានលទ្ធភាពអាចផលិតបានក្នុងចំនួន ៣០០,០០០តោន ​ក្នុងមួយឆ្នាំផងដែរ។ សូមបញ្ជាក់ផងដែរថា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ ដែលបានចូលរួមអញ្ជើញជាគណៈអធិបតីភាពនៅក្នុងកិច្ចប្រជុំនេះបានសម្តែងមោទនភាព និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋបេឡារុស ថាបានដើរតួនាទីយ៉ាងសំខាន់ ដល់ការធ្វើពិពិធកម្មឱកាសការងារ និងកំណើនសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ៕

អត្ថបទ៖ លីនី