ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ១០រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក Gilbert Houngbo ប្រធានអង្គការ IFAD ដែលជាដៃគូដ៏ល្អ ដោយធ្លាប់សហការជាមួយកម្ពុជាពិសេស តែងតែជួយលើកម្ពស់វិស័យកសិកម្ម ជារៀងរហូតមក សម្រាប់ការអភិវឌ្ឍកសិកម្ម លើសពីនេះដើម្បីចូលជួបសម្តែងការគួរសម និងដើម្បីស្វែងយល់អំពីស្ថានភាពវិស័យកសិកម្មនៅកម្ពុជាផងដែរ។
ក្នុងជំនួបពិភាក្សានេះ សម្តេចតេជោបានជម្រាបជូនអំពីកង្វល់ និងការព្រួយបារម្ភលើវិស័យសំខាន់ៗ ២គឺ ទី១ ផលិតកម្ម និង ទី២ គឺបរិមាណនៃការនាំចេញ ដែលសំដៅលើទីផ្សារតែម្ដង ដោយចំពោះគំរោងក្នុងការនាំចេញអង្ករកន្លងទៅនេះ មិនទាន់ទទួលបានជោគជ័យនោះទេ បើទោះបីជាការដាំដុះដំណាំស្រូវកើនឡើងតាមគោលដៅក៏ពិតមែន ពោលគឺការនាំចេញសម្រេចបានជោគជ័យត្រឹមតែ ៥០% បុណ្ណោះ។ ពាក់ព័ន្ធនឹងការមិនអាចសម្រេចបាននេះ ដោយសារតែបណ្ដាប្រទេសនៅក្នុងតំបន់អាស៊ានមានផលិតស្រូវអង្ករដើម្បីនាំចេញដូចគ្នានឹងកម្ពុជាដែរ និងការផលិតរបស់កម្ពុជានៅមានតម្លៃខ្ពស់នៅឡើយ។
បន្ថែមពីនេះសម្តេចតេជោក៏បានបង្ហាញពីការព្រួយបារម្ភរួមមានការកើនឡើង របស់ប្រជាជនកម្ពុជា ដែលមានតម្រូវការលើទំហំដីសម្រាប់ធ្វើកសិកម្មកាន់តែច្រើនឡើង បញ្ហាបម្រែបម្រួលអាកាសធាតុ ដែលតម្រូវឲ្យមានការសិក្សាស្រាវជ្រាវដើម្បីធ្វើយ៉ាងណាឲ្យមានពូជដែលអាចបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុបាន។ ព្រោះតំបន់មួយចំនួននៅកម្ពុជាគឺ កំដៅកើនឡើងជាង៤២អង្សារហើយ ដែលអាចបំផ្លាញដំណាំស្រូវបាន។ ទន្ទឹមនឹងនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានស្នើសុំឲ្យអង្គការ IFAD ជួយពិនិត្យមើល និងចែករំលែកនូវបទពិសោធន៍ ដែលមាន និងការស្រាវជ្រាវ ដើម្បីជួយដល់កម្ពុជាយើងផងដែរ៕


អត្ថបទ៖ លីនី


