កម្ពុជាអាចនឹងសម្រេចបានការធ្វើទំនើបកម្ម TVET ដូចការរំពឹងទុក ខណៈដែលក្រុមហ៊ុនលំដាប់ពិភពលោកស្វីស បង្ហាញឆន្ទៈចង់ជួយអភិវឌ្ឍន៍វិស័យនេះ
សេដ្ឋកិច្ច July 26, 2019 Chan Sreyny

ភ្នំពេញ៖ ក្រុមហ៊ុនដ៏ធំមួយរបស់ស្វីស បានបង្ហាញគោលបំណងក្នុងការជួយដល់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងការអភិវឌ្ឍវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ព្រមទាំងវិស័យមួយចំនួនទៀត ដូចជាឧស្សាហកម្ម ទេសចរណ៍ ថាមពល រ៉ែ កសិកម្ម ជាមួយរាជរដ្ឋាភិបាលកម្ពុជា។ គោលបំណងនេះត្រូវបានលើកឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយលោក Anshul Sonak អគ្គនាយកក្រុមហ៊ុន Planet One Education ដែលមានទីស្នាក់ការនៅប្រទេសស្វីស និងមានសាខាប្រមាណ៧០ប្រទេសជុំវិញពិភពលោក រួមទាំងកម្ពុជាផងដែរ។

នៅក្នុងឪកាសនោះលោក Anshul Sonak លើកឡើងថា ការដែលក្រុមហ៊ុន Planet One Education ចង់ជួបពិភាក្សាជាមួយឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី នាពេលនេះ គឺដើម្បីលើកបង្ហាញពីគោលបំណងចង់ជួយក្រសួង ក្នុងការអភិវឌ្ឍវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រមទាំងវិស័យមួយចំនួនទៀត ដូចជាវិស័យឧស្សាហកម្ម ទេសចរណ៍ ថាមពល រ៉ែ កសិកម្ម សុខាភិបាល និងការកៀរគររកប្រភពធនធានហិរញ្ញវត្ថុជាដើម។ ការបង្ហាញឆន្ទៈជួយដល់រាជរដ្ឋាភិបាលកម្ពុជាយ៉ាងដូច្នេះ ហាក់រំលេចនូវក្ដីរំពឹងទុកឈានទៅសម្រេចគោលដៅ
បន្ថែមទៀតក្នុងគោលនយោបាយ «ធ្វើទំនើបកម្មវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ» នៅកម្ពុជា។

ស្របពេលដែលបច្ចុប្បន្នកម្ពុជាកំពុងមានការរីកចម្រើនលើវិស័យឧស្សាហកម្ម លំហូរនិវិយោគិនពីបរទេសក៏កាន់តែមានការកើនឡើង ជាហេតុបណ្ដាលឱ្យកម្ពុជាជួបប្រទះនូវកង្វះកម្លាំងពលកម្មដែលមានជំនាញបច្ចេកទេស និងវិជ្ជាជីវៈ។ ចំពោះការខ្វះខាតនេះឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីក៏បានឲ្យដឹងថា រដ្ឋាភិបាលកម្ពុជាពិតជាមានដំណោះស្រាយ ដោយដោយក្រសួងពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល បានបង្កើតគោលនយោបាយ កម្មវិធីអភិវឌ្ឍ យន្តការដោះស្រាយ បង្កើតសាលាបណ្ដុះបណ្ដាល និងមជ្ឈមណ្ឌលបណ្ដុះបណ្ដាជាច្រើន ដាក់ពង្រាយនៅទូទាំងប្រទេស ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា ក៏ចាំបាច់ត្រូវការការចូលរួមពីសំណាក់ដៃគូអភិវឌ្ឍន៍ ដៃគូវិនិយោគ អង្គការជាតិ-អន្តរជាតិ ព្រមទាំងផ្នែកឯកជននានាចូលរួមធ្វើកិច្ចការនេះជាមួយគ្នាផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី ស្នើឱ្យមានការពិភាក្សាគ្នាឱ្យបានល្អិតល្អន់ជាមួយភាគីពាក់ព័ន្ធ មុននឹងចាប់អនុវត្តគម្រោងអភិវឌ្ឍន៍នានា។ យ៉ាងណាមិញគួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកដំបូងឡើយដែលក្រុមហ៊ុនបានជួយដល់កម្ពុជា ដោយកាលពីពេលកន្លងទៅ ក្រុមហ៊ុនក៏បានជួយសាងសង់អគារមន្ទីរពេទ្យ និងបណ្ដុះបណ្ដាលជំនាញសុខាភិបាល ដល់សិក្ខាកាមកម្ពុជាមួយចំនួនទៀតផងដែរ៕

អត្ថបទ៖ លីនី
ប្រភព៖ ក្រសួងបណ្ដុះបណ្ដាលការងារ និងវិជ្ជាជីវៈ