សង្គ្រាមពាណិជ្ជកម្មអាមេរិក-ចិនធ្វើឲ្យអ្នកវិនិយោគនៅម៉ាកាវភ័យខ្លាច មិនហ៊ានចេញគំរោងថ្មីៗ ហើយការទិញ-លក់អចលនទ្រព្យធ្លាក់ចុះខ្លាំងនឹកស្មានមិនដល់
អចលនទ្រព្យ July 26, 2019 Chan Sreyny

ទីផ្សារអចលនៈទ្រព្យលំនៅឋាននៅម៉ាកាវបានក្លាយទៅជាជនរងគ្រោះដោយសារសង្គ្រាមពាណិជ្ជកម្មអាមេរិក និងចិនដែលបានអូសបន្លាយពេល ខណៈដែលអ្នកវិនិយោគមានការព្រួយបារម្ភ និងអ្នកអភិវឌ្ឍមិនហ៊ានដាក់ចេញនៅគំរោងថ្មីៗរបស់ខ្លួន។ យោងតាមស្ថិតិ DSF របស់ការិយាល័យរដ្ឋាភិបាលម៉ាកាវ បានឲ្យដឹងថាការលក់ផ្ទះនៅក្នុងតំបន់ល្បែងស៊ីសងដ៏ធំបំផុតនៅលើពិភពលោក ដែលស្ថិតនៅឆ្នេរសមុទ្រភាគខាងត្បូងប្រទេសចិនបានធ្លាក់ចុះ ៤២.២% ក្នុងរយៈពេល ៦ ខែដំបូងក្នុងឆ្នាំនេះ បើប្រៀបធៀបនឹងឆ្នាំមុន។

ជាមួយគ្នានេះរបាយការណ៍របស់ JLL កាលពីថ្ងៃពុធបានបង្ហាញថា តម្លៃអចលនទ្រព្យដែលបានលក់ត្រូវបានកាត់បន្ថយដោយសារភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ច ដោយតម្លៃផ្ទះប្រណីតបានធ្លាក់ចុះ ៣.៥% ធៀបនឹងឆ្នាំមុន។ ខណៈតម្លៃលំនៅឋានជាមធ្យមដែលស្ថិតនៅតំបន់ផ្សេងទៀតបានធ្លាក់ចុះ ១.៨% ហើយការលក់ផ្ទះក្នុងរយៈពេល ៦ ខែដំបូងក្នុងឆ្នាំ ២១០៩ នេះធ្លាក់ចុះយ៉ាងខ្លាំងនៅក្រោមចំនួន ១,១៣៨ ខ្នង ដែលអាចត្រលប់ទៅរកបរិមាណជាមធ្យមប្រចាំខែកាលពីឆ្នាំ ២០០៥ ។

ប្រភពដដែលក៏បានបន្តថា បរិមាណប្រតិបត្តិការនៃវិស័យអចលនទ្រព្យផ្សេងៗបានធ្លាក់ចុះយ៉ាងខ្លាំងដោយសារតែសន្ទស្សន៍វិនិយោគទុនធ្លាក់ចុះ ដែលបណ្តាលមកពីភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចសកល កំឡុងសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន។ មិនតែប៉ុណ្ណោះប្រាក់ចំណូលពាក់កណ្តាលនៃការលេងល្បែងស៊ីសងបានធ្លាក់ចុះ ០.៥% នៅក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំនេះនៅក្នុងមជ្ឈមណ្ឌលកាស៊ីណូ។ យោងតាមស្ថិតិពីការិយាល័យត្រួតពិនិត្យ និងសម្របសម្រួលល្បែងបានឱ្យដឹងថាប្រាក់ចំណូលបានធ្លាក់ចុះ ៥% នៅក្នុងខែមករាដោយកាត់បន្ថយកំណើនរយៈពេល ២៩ ខែជាប់ៗគ្នា។

គួរបញ្ជាក់ផងដែរថា ការធ្លាក់ចុះប្រាក់ចំណូលល្បែងបានជះឥទ្ធិពលលើតំបន់ម៉ាកាវដែលបណ្តាលឱ្យសេដ្ឋកិច្ចធ្លាក់ចុះ ៣.២% នៅក្នុងត្រីមាសដំបូង ដោយការជួញដូរនេះបានធ្វើឱ្យប៉ះពាល់ដល់ការទិញទំនិញធំៗ ដូចជាផ្ទះថ្មីជាដើម។ បន្ថែមពីនេះអ្នកអភិវឌ្ឍន៍ក្នុងតំបន់កំពុងប្រឈមនឹងការលំបាកក្នុងការកែតម្រូវតម្លៃសំណើនៃគម្រោងថ្មីរបស់ពួកគេ និងត្រូវផ្តល់ការលើកទឹកចិត្តជាច្រើនដើម្បីបង្កើនការលក់។ យ៉ាងណាមិញរដ្ឋាភិបាលក្នុងស្រុកកំពុងតែដុតដៃ ដុតជើងយ៉ាងខ្លាងក្លា ដើម្បីចាត់វិធានការក្នុងការទប់ស្កាត់បញ្ហានេះ​ឲ្យប្រសើរឡើងវិញផងដែរ៕​

អត្ថបទ៖ លីនី