អាមេរិក៖ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ មន្រ្តីរដ្ឋាភិបាលបាននិយាយថា រដ្ឋាភិបាលអាមេរិកនឹងផ្ដល់ប្រាក់ជំនួយដល់កសិកររបស់ខ្លួនសរុបចំនួន ១៦ ពាន់លានដុល្លារ ដោយកសិករអាចទទួលបានពី ១៥ ដុល្លារទៅ ១៥០ ដុល្លារ ក្នុងប្រមាណ ១ ហិកតា។ ការផ្ដល់ជូនប្រាក់ជំនួយនេះសម្រាប់កសិករនៅក្នុងប្រទេសទាំងមូល ដែលរងផលប៉ះពាល់ដោយសារសង្រ្គាមពាណិជ្ជកម្មជាមួយប្រទេសចិន ជាពិសេសកសិករនៅភាគខាងត្បូងដែលរងផលប៉ះពាល់ ច្រើនជាងនៅតំបន់ខាងលិចកណ្តាល។
ជាមួយគ្នានេះដែរ ជំនួយដែលរដ្ឋាភិបាលអាមេរិកលោក ដូណាល់ ត្រាំ ផ្ដល់ឲ្យកសិករកាលពីពាក់កណ្ដាលខែសីហា រហូតដល់ចុងខែតាមកញ្ចប់ថិវការចំនួន ១២ ពាន់លានដុល្លារកាលពីឆ្នាំមុន គឺក្នុងគោលបំណងធ្វើឲ្យប្រសើរឡើងវិញនូវកសិផលដែលមានតម្លៃទាប និងការលក់ធ្លាក់ចុះ។ ដោយសាតែកសិករអាមេរិក គឺជាអ្នកគាំទ្រដ៏សំខាន់ក្នុងការបោះឆ្នោតដល់លោក ត្រាំ ក៏ជាអ្នកដែលរងគ្រោះយ៉ាងធ្ងន់ធ្ងរនៅក្នុងសង្រ្គាមពាណិជ្ជកម្មរវាងប្រទេសប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរ ដោយការនាំចេញសណ្តែកសៀង ដែលជាកសិផលរបស់អាមេរិកដ៏មានតម្លៃបំផុតចំពោះចិនបានធ្លាក់ដល់កម្រិតទាបបំផុតនៅឆ្នាំ ២០១៨ ។
យ៉ាងណាមិញក្រុមប្រជាធិបតេយ្យបានរិះគន់ដល់ការអនុវន្តនេះ ដោយអះអាងថា កសិករត្រូវការពាណិជ្ជកម្មសមស្របជំនួសឱ្យការសង្គ្រោះ ដោយឡែកក្រសួងកសិកម្មបានលើកហេតុផលថាកសិករអាមេរិកបានទទួលរងការឈឺចាប់ដោយជម្លោះពាណិជ្ជកម្ម ហើយជំនួយថ្មីនេះនឹងត្រូវផ្តល់យុត្តិធម៌សម្រាប់ពួកគេ។ មិនតែប៉ុណ្ណោះក្រុមកសិករនឹង ទទួលបានកែប្រែនូវកត្តាជាច្រើន ដែលខុសប្លែកពីឆ្នាំមុនដើម្បីឲ្យកាន់តែល្អប្រសើរ។ គួរបញ្ជាក់ផងដែរថា នៅក្នុងកញ្ចប់ជំនួយថ្មីក្រសួងកសិកម្មសហរដ្ឋអាមេរិកបាននឹងបង់ថ្លៃដល់កសិករតាមទីតាំងភូមិសាស្រ្តជាជាងដោយដំណាំ ដែលជាការផ្លាស់ប្តូរពីឆ្នាំមុន ទៅលើដំណាំទំនិញចំនួន ២៩ មុខរួមមាន ដំណាំសណ្តែកសៀង ពោត ស្រូវសាលី បន្លែ និងកប្បាស ហើយក៏សម្រាប់កសិដ្ឋានដែលបង្កើតផលិតផលជាប្រចាំថ្ងៃដូចជា ទឹកដោះគោ ជ្រូក ជាដើម៕

អត្ថបទ៖ លីនី


