វិស័យធានារ៉ាប់រងនៅកម្ពុជាកាន់តែរីកចម្រើន ចំនួនបុព្វលាភធានារ៉ាប់រង ត្រូវបានព្យាករណ៍ថា នឹងកើនដល់ ២៦០លានដុល្លារអាមេរិក នៅចុងឆ្នាំនេះ
សេដ្ឋកិច្ច July 25, 2019 Chan Sreyny

ភ្នំពេញ៖ នៅក្នុងកម្មវិធីទិវាធានារ៉ាប់រង លើកទី១ លោក ជំទាវ ងួន សុខា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបង្ហាញពីកំណើននៃចំនួនគ្រឺះស្ថានធានារ៉ាប់រង និងការរីកធំធាត់យ៉ាងឆាប់រហ័សនូវទំហំទីផ្សារធានារ៉ាប់រងកម្ពុជា ដោយបុព្វលាភធានារ៉ាប់រងដុលសរុបមានការកើនឡើងជាមធ្យមប្រមាណ ៣៥% ក្នុងមួយឆ្នាំត្រឹមរយៈពេល៥ឆ្នាំចុងក្រោយនេះ។ ក្នុងឆ្នាំ២០១៨ ចំនួននេះកើនឡើងដល់ជាង ១៩៦ លានដុល្លារអាមេរិក ហើយសំណងសម្រាប់ហានិភ័យកើតឡើងដែលក្រុមហ៊ុនធានារ៉ាប់រងទាំងអស់បានទូទាត់ជូនអតិថិជនមានចំនួនជិត ២៦លានដុល្លារអាមេរិក ដោយចំនួនបុព្វលាភធានារ៉ាប់រងត្រូវបានព្យាករណ៍ថា នឹងកើតឡើងដល់ ២៦០លានដុល្លារ នៅចុងឆ្នាំ២០១៩ នេះ។

ដោយឡែកសម្រាប់ឆ្នាំ២០១៨ ទីផ្សារធានារ៉ាប់រងកម្ពុជា បានធានាហានិភ័យចំនួនប្រមាណ ២១៨ពាន់លានដុល្លារអាមេរិក ក្នុងបណ្ណសន្យារ៉ាប់រងអាយុជីវិត បណ្ណសន្យារ៉ាប់រងទូទៅ និងបណ្ណសន្យារ៉ាប់រងខ្នាតតូចដែលសរុបមានចំនួនជាង ២ លានបណ្ណ។ ក្នុងការធានាហានិភ័យទាំងអស់នេះ ក្រុមហ៊ុនធានារ៉ាប់រងបានរៀបចំបង្កើតផលិតផលធានារ៉ាប់រងគ្រប់ប្រភេទសម្រាប់អតិថិជន ដែលបានបង្កើតការងារពេញម៉ោងប្រមាណជិត ៣ពាន់កន្លែង និងការងារក្រៅម៉ោងជាង ៩ពាន់កន្លែងដល់ប្រជាពលរដ្ឋ។

លោកជំទាវបានបន្ថែមទៀតថា បច្ចុប្បន្នមានក្រុមហ៊ុនធានារ៉ាប់រងចំនួន ៣១ ដែលគ្រឹះស្ថានមានទាំងក្រុមហ៊ុន​បរទេស ក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនវិនិយោគទាំងក្នុងស្រុក និងក្រៅប្រទេស ទាំងអស់មានទ្រព្យសកម្មចំនួនជាង ៤២៧លានដុល្លារអាមេរិក និងមូលនិធិភាគហ៊ុនិកជិត ២៤៤លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៨។ ដូច្នេះប្រសិនបើយើងពិនិត្យលើអត្រានៃការរួមចំណែកនៃទំហំទីផ្សារធានារ៉ាប់រងធៀបនឹងទំហំសេដ្ឋកិច្ច ក្នុងឆ្នាំ២០១៨នេះបញ្ជាក់ថា ទីផ្សារធានារ៉ាប់រងកម្ពុជា នៅមានសក្តានុពលធំធេងសម្រាប់ការអភិវឌ្ឍ បើធៀបនឹងបណ្តាប្រទេសភាគច្រើននៅក្នុងតំបន់។

គួរបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា នឹងដាក់ឲ្យប្រើប្រាស់នូវការធានារ៉ាប់រងយានយន្តឯកជនជាកាតព្វកិច្ច ស្របតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការធានារ៉ាប់រង ដើម្បីលើកកម្ពស់វិស័យធានារ៉ាប់រងឲ្យមានការរីកចម្រើនថែមទៀត។ ដែលនេះជាការទទួលខុសត្រូវរបស់ប្រតិបតិ្តករធានារ៉ាប់រង និងម្ចាស់យានយន្តចំពោះសង្គមជាតិ តាមរយៈការធានារ៉ាប់រងដល់ជនរងគ្រោះ ដែលបង្កដោយគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវនៅប្រទេសកម្ពុជា ដោយផលប្រយោជន៍ក្នុងការដាក់ដំណើរការប្រព័ន្ធធានារ៉ាប់រងយានយន្តឯកជនជាកាតព្វកិច្ចនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹង និងពង្រីកប្រព័ន្ធសំណាញ់សុវត្ថិភាពសង្គម ឲ្យដើរទន្ទឹមគ្នានឹងការដាក់ឲ្យអនុវត្តប្រព័ន្ធគាំពារសង្គមរបស់រាជរដ្ឋាភិបាល៕