កាណាដាជះលុយជាង ៦០ លានដុល្លារ ដើម្បីធ្វើយ៉ាងណាឲ្យប្រជាជនមានអ៉ីនធឺណិតល្បឿនលឿនប្រើ ទោះនៅតំបន់ដាច់ស្រយោលកន្លុកកន្លៀតណាក៏ដោយ
សេដ្ឋកិច្ច July 25, 2019 Chan Sreyny

កាណាដា៖ កាលពីថ្ងៃពុធម្សិលមិញនេះ រដ្ឋាភិបាលកាណាដាបានឲ្យដឹងថា ខ្លួនកំពុងវិនិយោគទុនទឹកប្រាក់ចំនួន ៨៥ លានដុល្លារកាណាដាស្មើនឹង ៦៥​ ពាន់លានដុល្លារអាមេរិក នៅក្នុងក្រុមហ៊ុនផ្កាយរណបមួយនៅតំបន់អូតាវ៉ា ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីផ្តល់នូវអ៉ីនធឺណិតល្បឿនលឿនដល់សហគមន៍ជនបទ និងសហគមន៍ដាច់ស្រយាល។ យោងតាមរដ្ឋមន្រ្តីវិទ្យាសាស្ត្រ និងអភិវឌ្ឍន៍សេដ្ឋកិច្ចលោក បាននិយាយថាការផ្តល់ថវិកានេះនឹងត្រូវបានប្រើប្រាស់ទៅលើក្រុមហ៊ុន Telesat ក្នុងការបង្កើត និងសាកល្បងបច្ចេកវិទ្យាដែលប្រើផ្កាយរណប (LEO) ដើម្បីបង្កើនការតភ្ជាប់។

ជាមួយគ្នានេះដែរអគ្គនាយកក្រុមហ៊ុន Telesat បាននិយាយថា៖ « ប្រព័ន្ធថ្មីដែលមានមូលដ្ឋានលើអវកាសនេះ នឹងផ្ដល់នូវភាពល្អប្រសើរ យ៉ាងខ្លាំង ជាពិសេសជួយដល់ផ្កាយរណបដែលមានស្រាប់ឲ្យកាន់តែល្អជាងមុន ដោយបច្ចេកវិទ្យានេះមានតម្លៃសមរម្យ និងអាចទុកចិត្តបាន។ នៅក្នុងការវិនិយោគនេះ ប្រទេសកាណាដាក៏បានឈានដល់កិច្ចព្រមព្រៀងជាបឋមមួយជាមួយនឹងក្រុមហ៊ុន Telesat ផងដែរដើម្បីដោះស្រាយបញ្ហាគម្លាតនៃការតភ្ជាប់ក្នុងសហគមន៍ជនបទ និងសហគមន៍ដាច់ស្រយាលដោយនាំយកអ៉ីនធឺណិដូចខ្សែកាបទៅកាណាដាគ្រប់ទីកន្លែង។

យោងតាមអនុស្សរណៈយោគយល់គ្នាមួយបង្ហាញថា រដ្ឋាភិបាលកាណាដាប្តេជ្ញារហូតដល់ ៦០០ លានដុល្លារកាណាដា ក្នុងរយៈពេល ១០ឆ្នាំសម្រាប់ការទទួលបានសិទ្ធិពិសេសចំពោះបណ្តាញផ្កាយរណប និងដើម្បីជួយផ្តល់នូវអ៉ីនធឺណិតល្បឿនលឿនតម្លៃ ១,២ ពាន់លានដុល្លារសម្រាប់សហគមន៍ដាច់ស្រយាល ឬ តំបន់ជនបទ។ យ៉ាងណាមិញរដ្ឋាភិបាល បានសន្យាថាប្រជាជនកាណាដាទាំងអស់ នឹងអាចប្រើប្រាស់អ៉ីធឺណេតល្បឿនលឿននៅឆ្នាំ ២០៣០។ ខណៈដែលរដ្ឋាភិបាលបានសន្យារួមបញ្ចូលថវិការហូតដល់ទៅ ១,៧ ពាន់លានដុល្លារកាណាដាសម្រាប់ផ្កាយរណប LEO ដើម្បីសម្រេចបានគោលដៅនេះ៕

អត្ថបទ៖ លីនី