ថៃកំពុងក្រពុលមុខ ដោយសារការនាំចេញអង្ករធ្លាក់ចុះ ព្រោះតែគ្រោះរាំងស្ងួត និងអត្រាប្រាក់បាតឡើងថ្លៃ
សេដ្ឋកិច្ច July 25, 2019 Chan Sreyny

យោងតាមអ្នកនាំចេញអង្ករនៅប្រទេសថៃបានឲ្យដឹងថា​ បើសិនជាភ្លៀងនៅតែបន្តធ្លាក់តិចតួចរហូតដល់ខែសីហា នោះអាចនឹងធ្វើឱ្យការនាំចេញអង្ករធ្លាក់ចុះដល់ ៨.៥ លានតោននៅឆ្នាំនេះ ដែលជាបរិមាណទាបបំផុតក្នុងរយៈពេល ៧ ឆ្នាំ។ លោក Chookiat Ophaswongse ប្រធានកិត្តិយសនៃសមាគមអ្នកនាំចេញអង្ករថៃបានថ្លែងថានេះជាឆ្នាំដ៏ស្វិតស្វាញមួយសម្រាប់ឧស្សាហកម្មអង្ករដោយសារតែកម្រិតទឹកភ្លៀងធ្លាក់តិចតួច អស់រយៈពេលយូរនៅតំបន់ភាគឦសាន និងការឡើងខ្ពស់នៃតម្លៃប្រាក់បាត។

ក្នុងនេះផងដែរលោកបានប៉ាន់ប្រមាណថា ផលប៉ះពាល់នៃការឡើងថ្លៃប្រាក់បាតដែលជាមធ្យមមានតម្លៃ ៣០.៨ បាតក្នុងមួយដុល្លារ រហូតនៅដើមឆ្នាំនេះមកទល់បច្ចុប្បន្នឡើងដល់ ៣២ បាតក្នុងមួយដុល្លារ បានធ្វើឲ្យប្រាក់ចំណូលសរុបនៃការនាំចេញអង្ករថៃ មានប្រមាណ ២០ ពាន់លានបាតតែប៉ុណ្ណោះ។ យ៉ាងណាមិញបើភ្លៀងនៅតែបន្ត ធ្លាក់តិចតួចដែលអូសបន្លាយពេលរហូតដល់ខែសីហា គឺជារឿងដែលប៉ះពាល់ដ៏ធ្ងន់ធ្ងរបំផុតទៅលើដំណាំស្រូវនៅភាគឦសាន ដែលនឹងធ្លាក់ចុះការប្រមូលផលប្រហែល ៤០ ទៅ ៥០% ស្មើនឹង ៤ ទៅ ៤.៥ លានតោន ដោយជាធម្មតា​មានចំនួន ៨.៥ ទៅ ៩ លានតោន។

បន្ថេមពីនេះការផ្គត់ផ្គង់ស្រូវអង្កររបស់ថៃត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះស្របទៅនឹងចំនួនត្រឹមតែ ២ លានតោនប៉ុណ្ណោះពី ៤ លានតោន ដែលនាំឱ្យប្រទេសថៃគ្មានអង្ករល្អសម្រាប់ការនាំចេញ។ ហើយការរាំងស្ងួតរយៈពេលយូរអាចនឹងធ្វើឱ្យតម្លៃអង្ករថៃកើនឡើងដល់ ២៥,០០០ បាតក្នុងមួយតោន ពីតម្លៃធម្មតា ១៦,០០០ បាតក្នុងមួយតោន ដោយតម្លៃអង្ករក្នុងស្រុកកើនឡើងដល់ ៣៦,០០០ បាតក្នុងមួយតោន ដែលជាតម្លៃធម្មតាត្រឹមតែ ២៥,០០០ បាត។

គួរបញ្ជាក់ផងដែរថា ការធ្លាក់ចុះនេះបណ្តាលឱ្យការនាំចេញអង្កររបស់ថៃក្នុងរយៈពេល ៦ ខែដំបូងក្នុងឆ្នាំនេះធ្លាក់ចុះរហូតដល់ ១៩.៦% ស្មើនឹង ៤,៣៦ លានតោនធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទាក់ទងនឹងការធ្លាក់ចុះយ៉ាងគំហុកនៃការដឹកជញ្ជូនពាក់កណ្តាលត្រីមាសទីមួយសមាគមបានកាត់បន្ថយទិសដៅនាំចេញប្រចាំឆ្នាំរបស់ខ្លួនពី ៩,៥ លានតោនមកត្រឹម ៩ លានតោនផងដែរ៕

អត្ថបទ៖ លីនី