បទចម្រៀង “Old Town Road” ដែលកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំង ស្ទើរតែគ្រប់ទិសទីរបស់តារាចម្រៀងរ៉េបវ័យ ២០ឆ្នាំ Lil Nas X រួមជាមួយនឹងកំពូលតារាចម្រៀង Billy Ray Cyrus បានហក់ដល់កំពូលតារាងតាំងពីពេលចេញដំបូងក្នុងខែមេសា។ ក្នុងរយៈពេល ១៦ សប្ដាហ៍ដែលបានជាប់ចំណាត់ថ្នាក់លេខ ១ នៅក្នុងតារាងកំពូលបទចម្រៀងទាំង ១០០ នៅក្នុង Billboard បទចម្រៀង “Old Town Road” បានក្លាយជាបទចម្រៀងដែលមានកំណត់ត្រាខ្ពស់បំផុតជាមួយនឹងបទរបស់តារាល្បីៗជាច្រើន។
ខណៈដែលបទចម្រៀងមួយនេះ ទទួលបានភាពល្បីល្បាញកាន់តែច្រើនឡើងៗ បានផ្លាស់ប្ដូរជោគវាសនាតារាចម្រៀង Lil Nas X ពីតន្រ្តីករដែលមានបំណងប្រាថ្នាចង់ក្លាយជាកំពូលតារាចម្រៀងដ៏ល្បីម្នាក់នៅក្នុងសកលលោក។ នៅក្នុងការផលិតបទចម្រៀងមួយនេះ Lil Nas X មិនបានចំណាយប្រាក់ច្រើនសម្រាប់ការបង្កើតបទភ្លេងនោះទេ គាត់ចំណាយត្រឹមតែ ៣០ ដុល្លារប៉ុណ្ណោះ ដើម្បីទិញចង្វាក់ភ្លេង Beat ពីបណ្តាញ BeatStars ហើយសរសេរទំនុកច្រៀងដោយខ្លួនឯង។
យុវជនវ័យ ១៩ ឆ្នាំមួយរូបមកពីប្រទេសហូឡង់មានឈ្មោះថា YoungKio បានបង្កើតចង្វាក់ “Old Town Road” ដោយបញ្ចូលនូវបទភ្លេងមួយពីបទចម្រៀង “34 Ghosts IV” ដោយតារាចម្រៀងរ៉ុក Nine Inch Nails ។ ហើយ Lil Nas X បានទិញចង្វាក់នោះ នៅឆ្នាំ ២០១៨ ក្នុងតម្លៃ ៣០ ដុល្លារដែលមានសិទ្ធិចែកចាយតិចតួចបំផុត។ ដោយឡែកបន្ទាប់ពីបទចម្រៀងបានផ្ទុះប្រជាប្រិយភាពឡើង អ្នកទាំងពីរបានចរចារកិច្ចសន្យាថ្មីមួយ។ ជាមួយគ្នានេះ Lil Nas X បានឲ្យអ្នកគាំទ្ររបស់គាត់ និងទស្សនិកជនទាំងអស់ដែលជាអ្នកគាំទ្របទចម្រៀង បានស្គាល់ YoungKio ដែលជាអ្នករួមចំណែករបស់គាត់ចំពោះបទចម្រៀងនេះ ខណៈដែលមិនមានសិល្បករច្រើនទេដែលធ្វើបែបនេះ៕


អត្ថបទ៖ លីនី


