ក្រុមហ៊ុន Nissan នឹងកាត់បន្ថយការងារជាង ១០,០០០ កន្លែងនៅជុំវិញពិភពលោក ដោយសារកត្តាមួយនេះ
សេដ្ឋកិច្ច July 25, 2019 Chan Sreyny

ក្រុមហ៊ុនរថយន្តធំបំផុតរបស់ជប៉ុន Nissan គ្រោងនឹងកាត់បន្ថយការងារជាង ១០,០០០ កន្លែងនៅជុំវិញពិភពលោកដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីស្ដារប្រាក់ចំណេញឡើងវិញ នេះបើយោងតាមការរាយការណ៍ពីទីភ្នាក់ងារព័ត៌មានក្យូដូកាលពីថ្ងៃអង្គារ។ ដោយឡែកកាលពីខែឧសភាកន្លងទៅនេះក្រុមហ៊ុនបានប្រកាសថា ខ្លួនបានកាត់បន្ថយកម្លាំងពលកម្មសរុបប្រមាណជា ១៣៩,០០០ នាក់ ហើយនឹងបន្ថែមការកាត់បន្ថយនេះលើការងារចំនួន ៤,៨០០ កន្លែងបន្ថែមទៀត។

ជាមួយគ្នានេះដែរការបន្ថយការងារនេះ ដោយសារតែប្រាក់ចំណេញសុទ្ធរបស់ក្រុមហ៊ុន Nissan បានធ្លាក់ចុះដល់កម្រិតទាបបំផុតជិតមួយទសវត្សរ៍ក្នុងឆ្នាំពាណិជ្ជកម្មចុងក្រោយ ដែលបានបង្ហាញពីស្ថានភាពដ៏លំបាកបំផុត ក្នុងការធ្វើពាណិជ្ជកម្មសម្រាប់រយៈពេល ១២ ខែទៀត។ ក្រុមហ៊ុននេះត្រូវបានរងផលប៉ះពាល់ដោយការធ្លាក់ចុះការលក់នៅអាមេរិក និងអឺរ៉ុប ហើយនៅតែបន្តធ្លាក់ចុះជាបន្តបន្ទាប់ ក្រោយពីការចាប់ខ្លួនលោក Carlos Ghosn អតីតអ្នកគ្រប់គ្រង ពីបទក្លែងបន្លំហិរញ្ញវត្ថុ។

បន្ថែមពីនេះក្រុមហ៊ុនក៏កំពុងប្រឈមនឹងភាពតានតឹងជាមួយដៃគូបារាំង Renault ដែលមានភាគហ៊ុន ៤៣% នៃក្រុមហ៊ុនផលិតរថយន្តជប៉ុន ដែលទាមទារឲ្យក្រុមហ៊ុន ត្រូវធ្វើកំណែទម្រង់ឡើងវិញ ដើម្បីពង្រឹងអភិបាលកិច្ច។ យោងតាមប្រភពព៌ត័មានដដែលបានឲ្យដឹងថា ការផ្លាស់ប្តូរនេះ ប្រហែលជាត្រូវប៉ះពាល់រោងចក្រមួយចំនួននៅភាគខាងត្បូងប្រទេសអាមេរិក និងតំបន់ផ្សេងទៀតដែលក្រុមហ៊ុន Nissan ទទួលបានប្រាក់ចំណេញទាប ដោយត្រូវបានគេរំពឹងថា នឹងប្រកាសពីការកាត់បន្ថយការងារនៅថ្ងៃព្រហស្បតិ៍នេះ។ សូមបញ្ជាក់ផងដែរថា នៅក្នុងឆ្នាំសារពើពន្ធ ២០១៨ ការលក់ទូទាំងពិភពលោករបស់ក្រុមហ៊ុន Nissan បានធ្លាក់ចុះ ៤.៤% ស្មើនឹង ៥,៥២ លានគ្រឿង ដោយការធ្លាក់ចុះ ១៧.៨% នៅតំបន់អឺរ៉ុប និង៩.៣%នៅអាមេរិក៕

អត្ថបទ៖ លីនី