ត្រឹមឆមាសទី១ ការនាំចេញដែកថែបរបស់វៀតណាមហក់ឡើងខ្លាំងរហូតដល់ជាង ២ ពាន់លានដុល្លារអាមេរិក
សេដ្ឋកិច្ច July 24, 2019 Chan Sreyny

វៀតណាម៖ នៅក្នុងឆមាសទី១ ឆ្នាំ ២០១៩ នេះ ការនាំចេញដែកថែប និងគ្រឿងដែករបស់វៀតណាមកើនឡើង ៣,៤៤ លានតោន ស្មើនឹងតម្លៃ ២,២៤ ពាន់លានដុល្លារ ពោលគឺកើនឡើង ២១% គិតជាបរិមាណនិង ៤% ក្នុងតម្លៃ បើធៀបនឹងអំឡុងពេលដូចគ្នាកាលពីឆ្នាំមុន។ ខណៈប្រទេសនេះមានទីផ្សារចំបងសំខាន់ៗ ដែលត្រូវផ្គត់ផ្គង់ដែកថែប និងគ្រឿងដែកទៅកាន់ទីផ្សារនៃសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ សហរដ្ឋអាមេរិច និងសហភាពអឺរ៉ុប។

ជាមួយគ្នានេះដែរប្រទេសកម្ពុជា ជាប្រទេសដែលនាំចូលដែកថែប និងគ្រឿងដែកច្រើនជាងគេនៅតំបន់អាស៊ានក្នុងអំឡុងខែមករា ដល់ខែមិថុនា ដែលកើនឡើងចំនួន ៨៨២,០០០ តោនស្មើនឹង ៤៨.២% ក្នុងតម្លៃ ៥២៧,៧ លានដុល្លារ ស្មើនឹង ៣៧.៥% ធៀបនឹងឆមាសទីមួយនៃឆ្នាំមុន។ បន្ទាប់មកប្រទេសឥណ្ឌូណេស៊ីមានចំនួន ៣៦៦,០០០ តោនដែលមានតម្លៃ ២៤៥,៣ លានដុល្លារ និងម៉ាឡេស៊ីមានចំនួន ៣៧៣,៧០០ តោនក្នុងតម្លៃ ២៣០,៧ លានដុល្លារ។

ក្រៅពីការកើនឡើងនេះ វៀតណាមបានកត់សម្គាល់ទៅលើការកើនឡើងយ៉ាងខ្លាំងក្លា ក្នុងការនាំចេញទៅកាន់ប្រទេសចិន ប្រេស៊ីល ជប៉ុន អារ៉ាប៊ីសាអ៊ូឌីត ប៉ាគីស្ថាន និងហ្វីលីពីន។ ផ្ទុយទៅវិញនាយកដ្ឋានបានកត់សម្គាល់ថាការនាំចេញដែកថែប និងគ្រឿងដែកទៅកាន់ទីផ្សារសំខាន់ៗពីរផ្សេងទៀតគឺ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានបង្ហាញពីការធ្លាក់ចុះយ៉ាងខ្លាំងទាំងបរិមាណ និងតម្លៃ។

ទន្ទឹមនឹងនេះស្ថិតិពីនាយកដ្ឋានបានបង្ហាញថាវៀតណាមបានចំណាយប្រាក់ ៤,៨២ ពាន់លានដុល្លារអាមេរិក ក្នុងការនាំចូលដែកថែប និងគ្រឿងដែកចំនួន ៧,១៥ លានតោននៅក្នុងឆមាសទីមួយនៃឆ្នាំនេះពោលគឺកើនឡើង ៤% គិតជាបរិមាណ ប៉ុន្តែថយចុះ ២% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

អត្ថបទ៖ លីនី