ថៃ គ្រោងសាងសង់ព្រលានយន្តហោះថ្មីមួយទៀត ដើម្បីកាត់បន្ថយការកកស្ទះនៅព្រលានអន្តរជាតិ សុវណ្ណភូមិ និងដនមឿង
សេដ្ឋកិច្ច July 24, 2019 Chan Sreyny

យោងតាមសារព៌ត័មានរបស់ប្រទេសថៃបានឲ្យដឹងថា នាយកដ្ឋានអាកាសយានដ្ឋានបាន ស្នើសុំឱ្យសាងសង់ព្រលានយន្តហោះថ្មីមួយនៅខេត្ត Nakhon Pathom ភាគខាងលិចទីក្រុងបាងកក ដើម្បីកាត់បន្ថយការកកស្ទះនៅក្នុងព្រលានអន្តរជាតិធំៗ ពីររបស់រដ្ឋធានី។ ​ការសាងសង់នេះគ្រោងនឹងចំណាយទឹកប្រាក់ ២០ ពាន់លានបាត ដែលមានទីតាំងស្ថិតនៅលើផ្ទៃដី ៥៦០,០០០០ ម៉ែត្រការ៉េ ជាប់នឹងស្រុក Bang Len និង Nakhon Chaisi ដោយត្រូវចំណាយពេល ៤ ឆ្នាំដើម្បីសាងសង់ នេះបើយោងតាមប្រសាសន៍របស់លោក Jarun Meesomboon អនុប្រធានអគ្គនាយករងនៃអគ្គនាយកដ្ឋាន។

ជាមួយគ្នានេះដែរ សំណើរនេះនឹងត្រូវបញ្ជូនបន្តទៅ​កាន់ក្រសួងដឹកជញ្ជូនសម្រាប់ការពិចារណា ដោយការវិនិយោគនេះមិនទាន់មានភាពច្បាស់លាស់នូវឡើយទេរងចាំការសិក្សាបន្ថែម អាចជាការបណ្ដាក់ទុនរួមគ្នារវាងរដ្ឋ និងឯកជន ឬ គ្រប់គ្រងដោយរដ្ឋផ្ទាល់។ នៅក្នុងនោះក្រុមហ៊ុនឯកជនជាច្រើនបង្ហាញពីការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះគម្រោងនេះ ដែលជាផ្នែកមួយអាចជួយលើកកម្ពស់សេដ្ឋកិច្ចរបស់ថៃត្រលប់មកល្អប្រសើរឡើងវិញ។

អនុប្រធាននៃអគ្គនាយកដ្ឋានបានប្រាប់ឲ្យដឹងថា អាកាសយានដ្ឋានថ្មីមានសក្តានុពលខ្ពស់ដោយសារ ទីតាំងស្ថិតនៅចម្ងាយប្រមាណ ៥០ គីឡូម៉ែត្រពីទីប្រជុំជនក្រុងបាងកក និងតភ្ជាប់ទៅកាន់ផ្លូវហាយវេ Bang Yai-Kanchanaburi ។ បន្ថែមពីនេះប្រសិនបើអាកាសយានដ្ឋាន Nakhon Pathom សាងសង់រួចរាល់ នឹងអាចដឹកអ្នកដំណើរបាន ២៥ លាននាក់ក្នុងមួយឆ្នាំ ដោយក្រៅពីជើងហោះហើរក្នុងស្រុក អាកាសយានដ្ឋាន នឹងអាចផ្ដល់សេវាកម្មទូទាំងអាស៊ានថែមទៀត។

គួរបញ្ចាក់ផងដែរថា ការពិភាក្សានឹងត្រូវធ្វើឡើងនៅខែសីហា ក្នុងការប្រមូលព័ត៌មាន និងយោបល់បន្ថែមដើម្បីពង្រាងសេចក្តីយោងនាពេលអនាគត។ ប្រសិនបើសំណើរនេះត្រូវបានអនុម័តការសាងសង់អាចចាប់ផ្តើមនៅឆ្នាំ ២០២៣ ហើយព្រលានយន្តហោះនឹងចាប់ផ្តើមដំណើរការ ២ ទៅ ៣ឆ្នាំក្រោយបន្ទាប់ពីការសាងសង់ ដោយធ្វើការដឹកអ្នកដំណើរជាង ១លាននាក់ ក្នុងមួយឆ្នាំដំបូង ស្របទៅនឹងព្រលានយន្តហោះក្នុងតំបន់ដូចជាព្រលានយន្តហោះ Khon Kaen និង Surat Thani ៕

អត្ថបទ៖ លីនី

​