ម៉ាឡេស៊ី៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុម៉ាឡេស៊ីបាននិយាយកាលពីថ្ងៃទី ២២ ខែកក្កដាថា ប្រទេសម៉ាឡេស៊ីនឹងជួបការលំបាកក្នុងការសម្រេចបានគោលដៅឱនភាពសារពើពន្ធ ៣% របស់ខ្លួនសម្រាប់ឆ្នាំក្រោយ។ ខណៈដែលសេដ្ឋកិច្ចធំជាងគេទីបីរបស់តំបន់អាស៊ីអាគ្នេយ៍កំពុងប្រឈមនឹង គំនរបំណុលដែលមានចំនួនជាង ២៤៣,១៩ ពាន់លានដុល្លារ ហើយប្រទេសម៉ាឡេស៊ីក៏កំពុងប្រឈមនឹង កំណើនសេដ្ឋកិច្ចយឺតយ៉ាវ ដែលត្រូវបានរងផលប៉ះពាល់ដោយការធ្លាក់ចុះសេដ្ឋកិច្ចសកល និងសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងប្រទេសចិន។
លោកក៏បានបន្ថែមថា ស្របពេលដែលប្រទេសម៉ាឡេស៊ីអាចសម្រេចបានគោលដៅឱនភាពសារពើពន្ធប្រចាំឆ្នាំ ៣.៤% ទិសដៅនៅឆ្នាំក្រោយ ៣% នឹងពិបាកក្នុងការសម្រេច។ លើសពីនេះនៅថ្ងៃដដែលធនាគារកណ្តាលម៉ាឡេស៊ី Bank Negara Malaysia បានឲ្យដឹងថាប្រាក់បំរុងអន្តរជាតិរបស់ខ្លួនមានចំនួនត្រឹមតែ ១០៣,៣ ពាន់លានដុល្លារគិតត្រឹមថ្ងៃទី ១៥ ខែកក្កដា ដែលប្រាក់បម្រុងនេះមានចំនួនខ្ពស់ជាង ០.៦% ដែលបានកត់ត្រាកាលពីថ្ងៃទី២៨ ខែមិថុនា ដែលគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ការនាំចូលប្រចាំខែដែលមានតម្លៃ ៧,៣ ពាន់លានដុល្លារ៕
អត្ថបទ៖ លីនី


