ក្រុមហ៊ុន Huawei នឹងបង្កើតបណ្តាញអ៉ីនធឺណេតឥតខ្សែនៅតំបន់ដាច់ស្រយាលភាគខាងជើងប្រទេសកាណាដា
សេដ្ឋកិច្ច July 23, 2019 Chan Sreyny

កាលពីថ្ងៃចន្ទម្សិលមិញនេះ ក្រុមហ៊ុនទូរគមនាគមន៍ដ៏ធំរបស់ប្រទេសចិន Huawei បានបង្ហាញផែនការរបស់ខ្លួន ដើម្បីដាក់ឱ្យប្រើប្រាស់ប្រព័ន្ធអ៉ីនធឺណេតល្បឿនលឿនដល់សហគមន៍ដែលមិនសូវទទួលបានសេវានៅតំបន់ដាច់ស្រយាលភាគខាងជើងប្រទេសកាណាដា។ ការដាក់ឲ្យប្រើប្រាស់នេះភាគច្រើនទៅលើប្រព័ន្ធ 4G មិនមែនប្រព័ន្ធអ៉ីធឺណេតល្បឿនលឿន 5G នោះទេ ដោយសារតែការ​ដាក់ទណ្ឌកម្មនៅសហរដ្ឋអាមេរិកជុំវិញក្តីបារម្ភផ្នែកសន្តិសុខជាតិ និងចំពេលមានវិបត្តិការទូតរវាងប្រទេសកាណាដា និងចិនជុំវិញការឃុំខ្លួននាយកប្រតិបត្តិក្រុមហ៊ុន Huawei នៅ Vancouver ។

ជាមួយគ្នានេះដែរ ក្រុមហ៊ុន Huawei បាននិយាយថាខ្លួននឹងធ្វើជាដៃគូជាមួយក្រុមហ៊ុន Ice Wireless និង Iristel ដើម្បីជួយឱ្យពួកគេតភ្ជាប់ទៅនឹងសហគមន៍ជនបទនៅឆ្នាំ ២០២៥ នៅតំបន់អាក់ទិក និងតំបន់ដាច់ស្រយាលភាគខាងជើងឈូងសមុទ្រ Quebec, Newfoundland និង Labrador។ បន្ថែមពីនេះសហគមន៍ចំនួន ២៥ ដែលជាចំនួនមួយភាគធំនៃតំបន់ Inuit លើទឹកដី Nunavut ក៏នឹងទទួលបានអត្ថប្រយោជន៍ពីការដាក់ពង្រាយនេះផងដែរ។

ប្រធានក្រុមហ៊ុន Huawei នៅប្រទេសកាណាដាបាននិយាយថា៖ «យើងជឿជាក់យ៉ាងមុតមាំថាអ្នកគ្រប់គ្នាគួរតែត្រូវបានតភ្ជាប់ទៅប្រព័ន្ធ 4G LTE មិនថាពួកគេរស់នៅទីណា កន្លែងណានៅក្នុងប្រទេសកាណាដា ឬ សូម្បីតែតំបន់ដាច់ស្រយាលដែលមិនមានសូវមានសេវាក៏ដោយ»។
បន្ថែមពីនេះទោះបីជាប្រជាជនកាណាដាភាគច្រើនមានលទ្ធភាពប្រើប្រាស់អ៉ីនធឺណេតល្បឿនលឿនក៏ដោយ ក៏ការតភ្ជាប់នៅតែមិនមាននៅតាមតំបន់មួយចំនួនក្នុងប្រទេស។ គួរបញ្ជាក់ផងដែរថាក្រុមហ៊ុន Huawei និងដៃគូសហការ នឹងធ្វើការដើម្បីដាក់ឱ្យប្រើអ៊ីនធឺណេតឥតខ្សែដែលនឹងដំណើរការនៅតំបន់ដែលមានសីតុណ្ហភាពត្រជាក់បំផុតនៅលើផែនដី ដោយប្រើឧបករណ៍លំដាប់ពិភពលោកដែលអាចទុកចិត្តបានផងដែរ៕

អត្ថបទ៖ លីនី