ថៃ៖ ក្រុមសេដ្ឋវិទូបានព្យាករថាការនាំចេញរបស់ប្រទេសថៃនឹងធ្លាក់ចុះរហូតដល់ ៣.១% នៅឆ្នាំ ២០១៩ បន្ទាប់ពីតួលេខកាលពីខែមិថុនាបានធ្លាក់ចុះបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ បន្ទាប់ពីក្រសួងពាណិជ្ជកម្មបានរាយការណ៍ពីធ្លាក់ចុះ ២.១% កាលពីខែមិថុនា មជ្ឈមណ្ឌលស៊ើបអង្កេតសេដ្ឋកិច្ចរបស់ធនាគារ SCB បានព្យាករណ៍ថា ការនាំចេញរបស់ប្រទេសនេះនឹងធ្លាក់ចុះក្នុងឆ្នាំនេះ ចន្លោះពី ១.៦% ទៅ ៣.១% ។
ជាមួយគ្នានេះដែរ ទោះបីជាកិច្ចប្រជុំពាណិជ្ជកម្មអាមេរិក និងចិនបន្ទាប់ពីកិច្ចប្រជុំកំពូល G20 នៅក្នុងប្រទេសជប៉ុនកាលពីខែមុន បង្ហាញពីសញ្ញាវិជ្ជមានក៏ដោយ តែសម្រាប់ប្រទេសថៃត្រូវរង់ចាំលទ្ធផលពីព្រោះប្រទេសទាំងពីរនៅតែកំពុងចរចាសម្រាប់កិច្ចព្រមព្រៀងមួយ ដោយដំណើរការនេះកំពុងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក និងតម្លៃនាំចេញរបស់ថៃ។ បន្ថែមពីនេះធ្វើឲ្យភាពមិនច្បាស់លាស់កើតមានឡើង បន្ទាប់ពីការនាំចេញរបស់ប្រទេសថៃបានធ្លាក់ចុះ ៤.៤% នៅឆមាសទីមួយនៃឆ្នាំនេះ។
ទោះបីជាយ៉ាងណាក៏ដោយ EIC បានរក្សាការព្យាករណ៍របស់ខ្លួនអំពីកំណើនសេដ្ឋកិច្ចរបស់ប្រទេសថៃក្នុងកម្រិត ៣.១% នៅក្នុងឆ្នាំនេះដែលត្រូវបានជំរុញដោយការប្រើប្រាស់ក្នុងស្រុក ហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋាភិបាល និងការជំរុញការចំណាយ។ ទន្ទឹមនឹងនេះដែរមជ្ឈមណ្ឌលស្រាវជ្រាវ Kasikorn បានព្យាករណ៍ថាការនាំចេញរបស់ថៃនឹងស្ទុះងើបឡើងវិញនៅឆមាសទីពីរ ដើម្បីរក្សាកម្រិតដូចគ្នាកាលពីឆ្នាំមុនចំពេលលទ្ធផលវិជ្ជមាននៅក្នុងសង្គ្រាមពាណិជ្ជកម្ម៕
អត្ថបទ៖ លីនី


