លោក Jeff Bezos ប្រធានក្រុមហ៊ុន Amazon គឺជាអ្នកមានបំផុតនៅលើពិភពលោកដែលបច្ចុប្បន្នមានទ្រព្យសម្បត្តិសរុបចំនួន ១២៥ ពាន់លានដុល្លារ នេះបើយោងតាមសន្ទស្សន៍របស់ Bloomberg ។ លោកបានវិនិយោគទ្រព្យសម្បត្តិក្រុមហ៊ុន Amazon ជាច្រើនរបស់ខ្លួននៅក្នុងការអភិវឌ្ឍបច្ចេកវិទ្យាអវកាសតាមរយៈក្រុមហ៊ុនអាកាសចរណ៍ Blue Origin របស់គាត់។ ជាមួយគ្នានេះដែរលោកបានប្រាប់ពីមូលហេតុដែលធ្វើឲ្យលោកសម្រេចចិត្តចំណាយដើមទុនច្រើនដើម្បីអភិវឌ្ឍគម្រោងនេះដោយបានលើកឡើងថា៖« ខ្ញុំគិតថាវាសំខាន់សម្រាប់ភពនេះ ហើយមានសារៈសំខាន់ណាស់ចំពោះភាពរឹងមាំនៃមនុស្សជំនាន់ក្រោយ។ វាជាអ្វីដែលខ្ញុំយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅ និងជាអ្វីដែលខ្ញុំបានបានប្រើពេលគិតពេញមួយជីវិតរបស់ខ្ញុំ »។
នាយកប្រតិបត្តិ Aamazon បានបន្តថា « មនុស្សលោកយើងត្រូវតែទៅកាន់ទីអវកាស ប្រសិនបើនៅតែបន្តធ្វើឲ្យអរ្យធម៌កាន់តែរីកចម្រើន ចំនួនប្រជាជនកាន់តែកើនឡើងច្រើន ក៏ដូចជាពពួកប្រភេទសត្វ ហើយភពផែនដីនេះតូច។ យើងកំពុងស្ថិតនៅក្នុងដំណើរការបំផ្លាញភពផែនដីនេះដែលយើងអាចមើលដឹងបានតាមរយៈរឿងរ៉ាវជាច្រើនដូចជា ការប្រែប្រួលអាកាសធាតុ ការបំពុលបរិស្ថាន និងឧស្សាហកម្មធុនធ្ងន់ជាដើម។ ជាក់ស្ដែងហេតុផលអស់ទាំងនេះហើយ ដែលធ្វើឲ្យមហាសេដ្ឋីរូបនេះ ចំណាយប្រាក់រាប់ពាន់លានដុល្លារក្នុងការអភិវឌ្ឍបច្ចេកវិទ្យាអវកាស ដើម្បីស្វែងរកភពថ្មីសម្រាប់មនុស្ស និងចង់ថែរក្សាភពផែនដីផងដែរដូច្នេះទើបលោកនិយាយថា « ខ្ញុំចំណាយប្រាក់រាប់ពាន់លានរបស់ខ្ញុំនៅលើអវកាស ដោយសារតែយើងកំពុងបំផ្លាញភពផែនដី »៕
អត្ថបទ៖ លីនី


