ក្នុងនាមជាអ្នកផលិតសារធាតុគីមីធំបំផុតទី៦ នៅលើពិភពលោកប្រទេសឥណ្ឌាបាននាំចេញនូវសារធាតុគីមីតម្លៃ ៥០២,៦ លានដុល្លារអាមេរិក ទៅឱ្យប្រទេសថៃនៅក្នុងឆ្នាំ ២០១៨-២០១៩ គិតនៅត្រឹមថ្ងៃទី៣១ ខែមីនាកន្លងមកនេះ។ វិស័យគីមី ត្រូវបានគេឲ្យដឹងថា ជាឧស្សាហកម្មមួយដែលមានអាយុកាលយូរអង្វែងបំផុត និងច្រើនផ្នែកខុសៗគ្នានៅក្នុងប្រទេសឥណ្ឌា ហើយប្រទេសនេះកំពុងផ្តល់នូវឱកាសវិនិយោគកាន់តែច្រើនឡើងៗ នៅក្នុងប្រទេសថៃផងដែរ។
ជាមួយគ្នានេះដែរក្រុមហ៊ុន Chemexcil ដែលជាអង្គភាពការនាំចេញ និងនាំចូលសារធាតុគីមី របស់ឥណ្ឌាដែលមានការិយាល័យក្នុងតំបន់ទីក្រុងដូចជា New Delhi, Kolkata, Bengaluru និង Ahmedabad ទទួលបានជោគជ័យគួរឲ្យកត់សម្គាល់នៅក្នុងប្រទេសថៃ ដោយការនាំចេញក្នុងឆ្នាំសារពើពន្ធ ២០១៧ គិតជាទឹកប្រាក់មានចំនួន ៣១៥,២១ លានដុល្លារ ពោលគឺកើនឡើង ២៧,៨% បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៦។ ក្នុងនោះផងដែរភាគច្រើននៃការនាំចេញរបស់ក្រុមហ៊ុនទៅប្រទេសថៃមានដូចជា គីមីសរីរាង្គ និងសរីរាង្គ រួមទាំងផលិតផលគីមីសម្រាប់វិស័យកសិកម្មផងដែរ។
យោងតាមប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន Chemexcil បានថ្លែងថា « ប្រទេសឥណ្ឌាមើលឃើញថាប្រទេសថៃជារដ្ឋដ៏សំខាន់នៅក្នុងគោលនយោបាយច្បាប់របស់ខ្លួន » ហើយឥណ្ឌាគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតទី១២ របស់ថៃនៅក្នុងឆ្នាំ ២០១៨ផងដែរ ។ ក្នុងចំណោមវិនិយោគិនគីមីមកពីប្រទេសឥណ្ឌាក្រុមហ៊ុន Aditya Birla Group ឈានមុខគេក្នុងប្រទេសថៃ ក្នុងការផលិតកាបូនខ្មៅដែលត្រូវបានប្រើជាចម្បងនៅក្នុងសំបកកង់ដែលរោងចក្រផលិតនៅក្នុងខេត្ត អាងថង។
បន្ថែមពីនេះលោក Petcharat Eksangkul ប្រធានក្លឹបឧស្សាហកម្មគីមីថៃបានឲ្យដឹងផងដែរថា ប្រទេសឥណ្ឌាចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះប្រទេសថៃដោយសារតែឧស្សាហកម្មគីមីរបស់ប្រទេសថៃមានទំហំតូច។ ដោយក្រុមហ៊ុនគីមីរបស់ឥណ្ឌាកំពុងសម្លឹងមើលការពង្រីកខ្លួនទៅក្នុងប្រទេសថៃដោយសារពួកគេ មានបញ្ហាជាមួយនឹងបទបញ្ញត្តិបរិស្ថាននៅសហភាពអឺរ៉ុប បង្ខំពួកគេឱ្យរកកន្លែងផលិតថ្មីមួយ។ ទន្ទឹមនឹងនេះដែរប្រទេសថៃចង់អភិវឌ្ឍវិស័យគីមីរបស់ខ្លួនបន្ថែមទៀត ដោយសារតាំងពីដើមមក ប្រទេសថៃត្រូវនាំចូលនូវសារធាតុគីមីជាច្រើនពីសហរដ្ឋអាមេរិក និងអឺរ៉ុប។
គួរបញ្ជាក់ផងដែរថា ក្រោមគោលនយោបាយ អភិវឌ្ឍភាគខាងកើត “Act East” ប្រទេសឥណ្ឌាបានផ្តោតលើគម្រោង “ការតភ្ជាប់ទិស” ក្នុងគោលបំណងធ្វើឱ្យការដឹកជញ្ផូនរវាងឥណ្ឌា និងអាស៊ានកាន់តែលឿន និងកាន់តែងាយស្រួល។ ដូចគ្នានេះដែរប្រទេសថៃបានចាត់ទុកប្រទេសឥណ្ឌាថាជាដែនដីនៃឱកាសអាជីវកម្មជាច្រើន ដូចជាច្រកឆ្លងកាត់ ឬ លើស ទៅកាន់តំបន់អាស៊ីខាងត្បូង ដោយសារការកាត់បន្ថយពន្ធគយ និងការផ្តួចផ្តើមពាណិជ្ជកម្មថ្មីៗ រវាងប្រទេសទាំងពីរដែលបានកើនឡើងយ៉ាងច្រើនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ៕
អត្ថបទ៖ លីនី


