សិង្ហបុរី៖ ការធ្លាក់ចុះនៃការនាំចេញ និងអត្រាកំណើនដ៏អាក្រក់បំផុតសម្រាប់រយៈពេលមួយទសវត្សរ៍ បានជំរុញឱ្យមានការព្រួយបារម្ភអំពីទស្សនៈវិស័យសម្រាប់សេដ្ឋកិច្ចរបស់ប្រទេសសិង្ហបុរី។ ដោយក្រុមអ្នកវិភាគបាននិយាយថាតួលេខនេះផ្តល់ការព្រមានថាតំបន់អាស៊ី កំពុងធ្វើដំណើរឆ្ពោះទៅរកការធ្លាក់ចុះ ខណៈដែលភាពតានតឹងរវាងចិន និងអាមេរិកនៅតែបន្តកាន់តែខ្លាំងឡើងៗ។
សិង្ហបុរីជាប្រទេសដ៏តូចមួយនៅក្នុងចំណោមបណ្ដាប្រទេសផ្សេងៗនៅលើពិភពលោក ដែលងាយទទួលរងផលប៉ះពាល់យ៉ាងខ្លាំងពីវិបត្តិសេដ្ឋកិច្ចនៅខាងក្រៅ ហើយត្រូវបានគេចាត់ទុកថាជាឧបករណ៍សម្រាប់វាស់ស្ទង់ការឡើង ឬ ធ្លាក់ចុះនៃតម្រូវការទំនិញ និងសេវាកម្មក្នុងសកល។ បន្ថែមពីនេះទីក្រុងដ៏ល្អឯក ដែលសម្បូរទៅដោយការធ្វើពាណិជ្ជកម្ម ឬ វិនិយោគ គឺពឹងផ្អែកយ៉ាងខ្លាំងទៅលើការធ្វើពាណិជ្ជកម្ម ដែលជាហេតុធ្វើឲ្យទីក្រុងរបស់សិង្ហបុរី ក្លាយជាទីក្រុងដំបូងគេបង្អស់នៅអាស៊ី ដែលត្រូវរងផលប៉ះពាល់នៅពេលសេដ្ឋកិច្ចសកលធ្លាក់ចុះ ដែលមិនមែនត្រឹមតែក្នុងទីក្រុងប៉ុណ្ណោះទេ ស្ទើរតែពេញប្រទេសផងដែរ។
ជាក់ស្ដែងនៅក្នុងខែមិថុនាការនាំចេញបានធ្លាក់ចុះ ១៧.៣% បើប្រៀបធៀបទៅនិងឆ្នាំមុន ដែលជាការធ្លាក់ចុះលឿនបំផុតក្នុងរយៈពេលជាង ៦ឆ្នាំ ដោយការនាំចេញបន្ទះឈីបកុំព្យូរទ័រ ធ្លាក់ចុះខ្លាំងជាងគេ។ លើសពីនេះកំណើនពីមួយឆ្នាំទៅមួយឆ្នាំកើនឡើងត្រឹមតែ ០.១% ប៉ុណ្ណោះ ដែលជាល្បឿនយឺតបំផុតចាប់តាំងពីឆ្នាំ ២០០៩ ក្នុងកំឡុងពេលមានវិបត្តិហិរញ្ញវត្ថុពិភពលោក ដែលអាចបង្ហាញសញ្ញាដ៏អាក្រក់បំផុតសម្រាប់ប្រទេសសិង្ហបុរី។
លោកសុងសេងវ៉ុនអ្នកសេដ្ឋកិច្ចប្រចាំតំបន់នៅធនាគារ CIMB Private Banking បានប្រាប់ឲ្យដឹងថា « ប្រទេសសឹង្ហបុរី ហាក់បីដូចជាសត្វចាប កំពុងស្ថិតនៅក្នុងអណ្តូងធ្យូងថ្ម ហើយអ្វីដែលវាប្រាប់យើង គឺវាជាបរិយាកាសដ៏លំបាកបំផុត »។ យ៉ាងណាមិញក្រុមអ្នកវិភាគបាននិយាយថា សង្រ្គាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនដែលជាប្រទេសសេដ្ឋកិច្ចធំបំផុតទាំង២ នៅលើពិភពលោកបានធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ឡើង ខណៈពេលដែលកំណើនសេដ្ឋកិច្ចចុះខ្សោយ ក្នុងប្រទេសចិនត្រូវបានរងការគំរាមកំហែងមួយផ្នែកចំពោះការធ្លាក់ចុះនៃការនាំចេញ៕

អត្ថបទ៖ លីនី


