យោងតាមរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មឥណ្ឌូនេស៊ី Airlangga Hartarto បានឲ្យដឹងថាក្រុមហ៊ុន Toyota Motor Corp នឹងវិនិយោគទឹកប្រាក់ចំនួន ៥០ ពាន់ពាន់លានរ៉ូពៀ (៣,៦ ពាន់លានដុល្លារ) ក្នុងការវិនិយោគដល់ក្រុមហ៊ុនផលិតរថយន្តនៅទូទាំងពិភពលោក និងបានសន្យាថានឹងជួយគាំទ្រនៅក្នុងគំរោងផលិតរថយន្តអគ្គិសនីរបស់ប្រទេសឥណ្ឌូនេស៊ីក្នុងរយៈពេល ៥ ឆ្នាំខាងមុខផងដែរ។
ប្រភពដដែលបានបន្តថា ក្រៅពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនផលិតរថយន្តជប៉ុន ដែលមានគម្រោងចំណាយប្រាក់ ២ ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្ររថយន្តកូនកាត់នៅក្នុងទីផ្សាររថយន្តធំបំផុតនៅអាស៊ីអាគ្នេយ៍ នឹងជួយឱ្យប្រទេសឥណ្ឌូនេស៊ីបង្កើនការនាំចេញរថយន្តរបស់ខ្លួនឱ្យបានបីដងរហូតដល់ ១ លានគ្រឿងក្នុងឆ្នាំ ២០២៥ ។ បន្ថែមពីនេះ ប្រធានសមាគមឧស្សាហកម្មរថយន្តឥណ្ឌូនេស៊ីបានឱ្យដឹងក្នុងបទសម្ភាសមួយកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមហ៊ុន Hyundai Motor គ្រោងនឹងចាប់ផ្តើមផលិតរថយន្តធម្មតា និងរថយន្តប្រើដោយថាមពលអគ្គិសនីនៅឆ្នាំ ២០២១ ប៉ុន្តែបានបដិសេធមិនបញ្ជាក់ថា តើក្រុមហ៊ុនផលិតរថយន្តរបស់កូរ៉េខាងត្បូងនឹងវិនិយោគប៉ុន្មាននោះទេ។
ទោះបីជាយ៉ាងនេះក្ដី ការសន្យាវិនិយោគទុននឹងជួយដល់សេដ្ឋកិច្ចធំជាងគេនៅតំបន់អាស៊ីអាគ្នេយ៍ ដើម្បីធានាថារថយន្តអេឡិចត្រូនិកបង្កើតបានមួយភាគបួន នៃផលិតកម្មសរុបរបស់ខ្លួនដែលស្មើនឹងប្រមាណ ៧៥០,០០០ គ្រឿងក្នុងមួយឆ្នាំនៅឆ្នាំ ២០៣០ ។ មិនតែប៉ុណ្ណោះឥណ្ឌូនេស៊ីពឹងផ្អែកលើការបម្រុងទុកនីកែល យ៉ាងច្រើនដែលជាសមាសធាតុផ្សំសំខាន់សម្រាប់ផលិតថ្ម និងអត្ថប្រយោជន៍បន្ថែម ក្នុងការផលិតរថយន្តដែលប្រើសមាសភាគក្នុងស្រុកច្រើនជាងមុន ដើម្បីក្លាយជាមជ្ឈមណ្ឌលផលិតកម្មក្នុងតំបន់៕
អត្ថបទ៖ លីនី


