យោងតាមសារព័ត៌មានវៀតណាមបានឲ្យដឹងថា ចំនួនកុងតឺន័រនៅកំពង់ផែរបស់វៀតណាមបានកើនលើសពីកំពង់ផែហុងកុងនៅឆមាសទីមួយនៃឆ្នាំនេះ ដោយសារតែសង្រ្គាមពាណិជ្ជកម្មវាងអាមេរិក និងចិនក្នុងការបង្វែរការធ្វើពាណិជ្ជកម្មទៅកាន់វៀតណាម។ ជាមួយគ្នានេះ ផ្អែកតាមទិន្នន័យរបស់រដ្ឋាភិបាលពី គណៈកម្មាធិការដែនសមុទ្រ និងកំពង់ផែហុងកុងបានបង្ហាញថា នៅក្នុងឆមាសទីមួយនៃឆ្នាំ ២០១៩ ហុងកុងបានមើលឃើញថាការដឹកជញ្ជូនកុងតឺន័រមានចំនួនជាង ៩ លាន TEUs ស្មើនឹងជាង ២០% ធៀបនឹងឆ្នាំមុន។
ដោយឡែកនៅក្នុងរយៈពេលដូចគ្នានេះ វៀតណាមបានកត់ត្រាការដឹកទំនិញតាមរយៈកុងតឺន័របានកើនដល់ ៩.១ TEUs កើនឡើង ៣% ពីមួយឆ្នាំទៅមួយឆ្នាំ នេះបើយោងតាមទិន្នន័យផ្លូវការ ពីរដ្ឋបាលដែនសមុទ្រវៀតណាមដែលបានបង្ហាញ។ ក្រុមសេដ្ឋវិទូរបស់ Nomura Holdings Inc បានឲ្យដឹងថា ប្រទេសវៀតណាម គឺជាអ្នកទទួលផលធំបំផុត ពីការបញ្ជាទិញដោយសារតែការបង្វែរការធ្វើពាណិជ្ជកម្មដែលមានតម្លៃជិត ៨% នៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួន ក្នុងរយៈពេល ១២ខែរហូតដល់ត្រីមាសទី១ នៃឆ្នាំនេះ។
ជាមួយគ្នានេះដែរ អនុប្រធានផ្នែកស្រាវជ្រាវនៅក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុងបានថ្លែងថា៖ « គ្រប់ក្រុមហ៊ុនផលិត និងឧស្សាហកម្មដែលមានតម្លៃថោក ដែលបានផ្លាស់ប្ដូរទៅកាន់តំបន់អាស៊ីអាគ្នេយ៍ ជាពិសេសនៅវៀតណាម ដូច្នេះតម្រូវការដឹកជញ្ជូនទំនិញក៏ផ្ទេរទៅតាមដំណើរដូចគ្នាផងដែរ »។ លើសពីនេះទៅទៀត ក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំ ២០១៩ តម្លៃសរុបនៃការនាំចេញទំនិញរបស់វៀតណាមបានកើនឡើង ៦.៥% ពីមួយឆ្នាំទៅមួយឆ្នាំ នេះបើយោងតាមទិន្នន័យពីគយវៀតណាម ដោយសារតែវៀតណាមមានតួនាទីជា “ច្រកចេញចូល” ដែលបានបានរួមចំណែកយ៉ាងធំធេងចំពោះកំណើននៃការនាំចេញរបស់ប្រទេស៕
អត្ថបទ៖ លីនី


