កម្ពុជា មានបំណងនាំអង្ករ «ផ្កាម្លិះអង្គរ» ទៅកាន់ទីផ្សារឥណ្ឌូនេស៊ី និងពង្រឹងកិច្ចសហការផលិតគ្រឿងបង្គុំទោចក្រយាន
សេដ្ឋកិច្ច July 20, 2019 Chan Sreyny

សៀមរាប៖ នៅក្នុងឪកាសអញ្ជើញចូលរួមជាគណៈអធិបតីភាព ក្នុងពិធីសម្ពោធពិព័រណ៍ពាណិជ្ជកម្មមិត្តភាពកម្ពុជា-ឥណ្ឌូនេស៊ី ឆ្នាំ២០១៩ ដែលរៀបចំឡើងកាលពីថ្ងៃសុក្រ ទី១៩ ខែកក្កដា រវាងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ និង​ ប្រឹក្សាពិសេសក្រសួងការបរទេសទទួលបន្ទុកសេដ្ឋកិច្ចការទូតឥណ្ឌូនេស៊ី Ina Hagningtyas Krisnamurthi បានឲ្យដឹងថា កម្ពុជាចង់នាំអង្ករក្រអូបទៅកាន់ឥណ្ឌូនេស៊ី និងពង្រឹងកិច្ចសហការផលិតគ្រឿងបង្គុំទោចក្រយាន។

នៅក្នុងឪកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងពីទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ឥណ្ឌូនេស៊ី ដែលកាលពីឆ្នាំ២០១៨ សម្រេចបានទឹកប្រាក់ ៥៥៨.៦២លានដុល្លារ ដោយកម្ពុជានាំចូល ៥២៥,៦លានដុល្លារ និងនាំចេញ ៣៣លានដុល្លារ និងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ដូចជា ការមិនយកពន្ធត្រួតគ្នា និងទប់ស្កាត់អំពើបន្លំពន្ធពាក់ព័ន្ធប្រាក់ចំណូល ក៏ដូចជាវិស័យទេសចរណ៍ ក្នុងការបើកជើងហោះហើរត្រង់ពីទីក្រុងហ្សាកាតា-ភ្នំពេញ ដែលប្រទេសទាំងពីរបានចុះអនុស្សរណៈនាពេលថ្មីៗនេះ។

បន្ថែមពីនេះឯកឧត្តមរដ្ឋមន្ត្រីបាន គូសបញ្ជាក់ផងដែរថា កម្ពុជាមានបំណងនាំអង្ករក្រអូប «ផ្កាម្លិះអង្គរ»​ ដែលទទួលបានចំណាត់លេខ១ កាលពីឆ្នាំ២០១៨ ទៅកាន់ប្រទេសឥណ្ឌូនេស៊ី ដើម្បីបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី និងពង្រឹងកិច្ចសហការលើឧស្សាហកម្មផលិតសម្ភារៈ និងគ្រឿងបង្គុំទោចក្រយាននៅក្នុងប្រទេស ហើយព្រមទាំងអភិវឌ្ឍន៍ឧស្សាហកម្មគាំទ្រសម្រាប់ការផលិតទោចក្រយាន ដើម្បីបង្កើនតម្លៃបន្ថែមក្នុងស្រុកសម្រាប់ផលិតផលនេះ និងនាំចេញផលិតផលសម្រេច ១០០% ទៅកាន់ទីផ្សារអន្តរជាតិ។

គួរបញ្ជាក់ផងដែរថា គិតត្រឹមខែមេសា ឆ្នាំ២០១៩នេះ ទំហំពាណិជ្ជកម្មទ្វេភាគីនៃប្រទេសទាំងពីរ សម្រេចបានទឹកប្រាក់ ១៩៦.២៦លានដុល្លារ គឺបានកើនឡើង ១០.៤៨% ធៀបរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៨​ ក្នុងនោះ ការនាំចេញរបស់កម្ពុជាទៅឥណ្ឌូនេស៊ី បានកើនឡើង ៧.៧៥% និងនាំចូលកើនឡើង ៥៤.១៨%។ ដោយឡែកសម្រាប់ឧស្សាហកម្មទោចក្រយាន កម្ពុជាបាននាំចូលបំណែក និងគ្រឿងបន្លាស់ ពីឥណ្ឌូនេស៊ីចំនួន ៧,១៩លានដុល្លារ នៅក្នុងឆ្នាំ២០១៨៕

អត្ថបទ៖ លីនី