ប្រជាជនកូរ៉េខាងត្បូងជាច្រើននាំគ្នាធ្វើពហិការឈប់ទិញផលិតជប៉ុនមកប្រើប្រាស់
សេដ្ឋកិច្ច July 20, 2019 Chan Sreyny

ក្រុងសេអ៊ូល៖ ប្រជាជនកូរ៉េខាងត្បូង ដែលពេញនិយមក្នុងការទទួលទានស្រាបៀផលិតដោយទីក្រុងតូក្យូកាន់តែច្រើនឡើង រួមទាំងអ្នកថត Blog ល្បីៗ កំពុងនាំគ្នាធ្វើពហិកាមិនញ៉ាំអាហារជប៉ុន ឬ ប្រើផលិតផលរបស់ជប៉ុន ខណៈដែលការរឹតបន្តឹងទៅលើការនាំចេញកាន់តែខ្លាំងជាងមុននៅក្នុងខែនេះ។ ការរឹតបន្តឹងនៃការនាំចេញនេះ ផ្ដល់ផលប៉ះពាល់យ៉ាងខ្លាំង ទៅលើក្រុមហ៊ុនបច្ចេកវិទ្យាដូចជាក្រុមហ៊ុន Samsung ដែលធ្វើឲ្យមានការព្រួយបារម្ភពីផលប៉ះពាល់លើវិស័យបច្ចេកវិទ្យាសកល រួមទាំងធនាគារកណ្តាលកូរ៉េខាងត្បូងបានព្រមានថាខ្លួនមិនមែនរងប៉ះពាល់តិចតួចនោះទេ។

ជាមួយគ្នានេះដែរ ជំលោះមួយនេះ បានធ្វើឲ្យ​កំហឹងប្រជាជនកូរ៉េនៅភាគខាងត្បូងដែលនិយមចូលចិត្តស្រាបៀដែលផលិតនៅជប៉ុនកាន់តែខ្លាំងឡើងៗ រហូតពួកគេត្រូវផ្លាស់ប្ដូរពីការទិញស្រាបៀដែលជាម៉ាលល្បីៗនៅជប៉ុន ៤​មុខ ជំនួសដោយសា្របៀផ្សេងទៀតដើម្បីធ្វើការប្រឆាំងនឹងចំណាត់ការរបស់ជប៉ុន។ បន្ថែមពីនេះបើយោងតាម​​ E-Mart ដែលជាផ្សារទំនើបធំជាងគេរបស់ប្រទេសបានឲ្យដឹងថាការលក់ស្រាបៀរ Asahi, Kirin, Sapporo និង Suntory បានធ្លាក់ចុះជិត ២៥% នៅក្នុងពីរសប្តាហ៍ដំបូង នៃខែកក្កដាបើប្រៀបធៀបទៅនឹង ពាក់កណ្តាល ខែមិថុនា។ ប្រភពដដែលបានបន្តថា នេះជាការធ្លាក់ចុះយ៉ាងខ្លាំង ដែលមិនធ្លាប់មានពីមុនមក ខណៈដែលផលិផលស្រាបៀរបស់កូរ៉េខាងត្បូងបានកើនឡើងប្រហែល ៧% ក្នុងរយៈពេលដូចគ្នានេះ។

ទន្ទឹមនឹងនេះដែរ​ ក្រុមអាជីវករហាងលក់គ្រឿងទេសរបស់កូរ៉េខាងត្បូងចំនួន ៣៧០០ នាក់បានបញ្ឈប់ការបញ្ជាទិញផលិតផលជប៉ុនមួយចំនួន ឬ ទាំងអស់ ដោយបាននិយាយថា « ប្រទេសជប៉ុនជាប្រទេសដែលមិនសោកស្តាយចំពោះអតីតកាលរបស់ខ្លួន យើងមិនលក់ផលិតផលរបស់ជប៉ុននៅទីនេះទេ​ »។ ជាក់ស្ដែង ម្ចាស់ហាងមួយមានឈ្មោះថា Kim Jeung-pil បានឲ្យដឹងថាលោកបានលុបចោលស្រាបៀរ និងបារីដែលផលិតនៅប្រទេសជប៉ុនក្នុងសប្តាហ៍នេះ ដែលនេះជាលើកទី១ ហើយដែលលោកបានចាត់វិធានការដោយផ្ទាល់តាមវិធីនេះ។ គាត់បានបន្តថា « ស្រាបៀរ Asahi តែងតែមានប្រជាប្រិយភាពណាស់ក្នុងចំណោមអតិថិជនរបស់ខ្ញុំ ប៉ុន្តែខ្ញុំមានឆន្ទៈធ្វើការលះបង់នេះសម្រាប់ប្រទេសរបស់ខ្ញុំ »។

គួរបញ្ជាក់ផងដែរថាមិនត្រឹមតែហាងលក់សា្របៀ ឬ ហាងគ្រឿងទេសប៉ុណ្ណោះទេ ដែលឈប់ដាក់លក់ផលិផលរបស់ប្រទេសជប៉ុន សូម្បីតែហាងលក់សម្ភារៈការិយាល័យ ផលិតផលគ្រឿងសម្អាង បណ្ដាញសង្គម និងព្រឹតិ្តការណ៍ផ្សេងៗដែលមានផលិផលជប៉ុន និងជាប់ពាក់ព័ន្ធជាមួយប្រទេសជប៉ុនក៏ត្រូវបានលប់ចោលដូចគ្នា។ ប៉ុន្តែទោះជាយ៉ាងណាក្ដីក្រុមមន្ត្រីប្រទេសទាំងពីរបានរៀបចំកិច្ចពិភាក្សាគ្នាអស់ជាច្រើនម៉ោង ដើម្បីដោះស្រាយវិបត្ដិកាន់តែអាក្រក់ឡើងៗ ប៉ុន្តែរហូតមកដល់ពេលនេះពុំមានសញ្ញានៃការអន់ថយណាមួយឡើយ៕

អត្ថបទ៖ លីនី