ក្រុមហ៊ុនកាណាដាគ្រោងចាយលុយជាង ៩០ លានដុល្លារអាមេរិក ដើម្បីទិញសម្លៀកបំពាក់ពីកម្ពុជា
សេដ្ឋកិច្ច July 19, 2019 Chan Sreyny

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃពុធ ទី១៧ កក្កដា ឆ្នាំ២០១៩ តំណាងក្រុមហ៊ុន Reitman’s Global Sourcing on Garment នៃប្រទេស​កាណាដា​ ដែលជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយរបស់កម្ពុជា​ មានគម្រោងបញ្ជាទិញផលិតផលសម្លៀកបំពាក់ពីកម្ពុជា​ ក្នុងតម្លៃជាង ៩១ លានដុល្លារអាមេរិក សម្រាប់ឆ្នាំ២០១៩ និង២០២០ ដែលទឹកប្រាក់នេះ ខ្ពស់ជាងការបញ្ជាទិញពីប្រទេសចិនទៅទៀត។ ដោយនៅក្នុងជំនួបរវាង ឯកឧត្តម ឱក ប៊ុង រដ្ឋមន្រ្តីស្ដីទីក្រសួងពាណិជ្ជកម្ម និង លោក​ Gary Ross ប្រធាន​ក្រុម​ហ៊ុន​ Reitman បានបង្ហាញពីការថ្លែងអំណរគុណគ្នាទៅវិញទៅមក ក្នុងភាពជាដៃគូរចំពោះទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កាណាដា ជាពិសេសកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងដំណើរការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន-កាណាដា ដែលគាំទ្រដោយប្រទេសទាំងពីរ។

បន្ថែមពីនេះវឌ្ឍនភាពសេដ្ឋកិច្ច និងកំណើននាំចេញរបស់កម្ពុជាក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយ បានកើនឡើងចាប់ពីទឹកប្រាក់ ១ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០០១ ដល់ ១៣ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០១៨ ព្រមទាំងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តគាំទ្រគម្រោងរោងចក្រកាន់តែប្រសើរឡើងនៅកម្ពុជា (BFC) របស់អង្គការពលកម្មអន្តរជាតិ (ILO) ដើម្បីលើកស្ទួយលក្ខខណ្ឌការងារនៅក្នុងឧស្សាហកម្មវាយនភណ្ឌ និងកាត់ដេរសម្លៀកបំពាក់។

គួរបញ្ជាក់ផងដែរថា Reitman គឺជាក្រុមហ៊ុនបញ្ជាទិញសម្លៀកបំពាក់ដ៏ធំរបស់កាណាដា ដែលបានធ្វើប្រតិបត្តិការពាណិជ្ជកម្ម​ ជាមួយឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់នៅកម្ពុជា ចាប់តាំងពីឆ្នាំ២០០២ និង ២០០៣ មកម៉្លេះ ហើយកាលពីឆ្នាំ ២០១៦ ក្រុមហ៊ុនមួយនេះ ក៏បានបញ្ជាទិញផលិតផលសម្លៀកបំពាក់ពីរោងចក្រចំនួន ១៤ នៅកម្ពុជា ក្នុងតម្លៃជាទឹកប្រាក់ ៦៦លានដុល្លារអាមេរិក​ផងដែរ៕

ប្រភព៖ លីនី