តម្លៃសាច់ជ្រូករបស់ប្រទេសចិនបានបន្តកើនឡើងនៅក្នុងខែមិថុនា ហើយភាពតឹងតែងនៃការផ្គត់ផ្គង់សាច់ជ្រូកត្រូវបានគេព្យាករណ៍ថា នឹងមានការកើនឡើងនៅឆមាសទី២ នៃឆ្នាំនេះផងដែរ បើយោងតាមការរាយការណ៍របស់ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ (MARA) ។ ជាមួយគ្នានេះដែរមន្ត្រីនៃក្រសួងសុខាភិបាលបានឱ្យដឹងថា តម្លៃសាច់ជ្រូកលក់ដុំជាមធ្យមបានកើនឡើង ២៩.៨% ធៀបនឹងឆ្នាំមុនដល់ ២១,៥៩ យ័ន (៣ ដុល្លារ) ក្នុងមួយគីឡូក្រាម កាលពីខែមិថុនាដោយសារតែឥទ្ធិពលនៃជំងឺគ្រុនជ្រូកអាហ្វ្រិក។ ខណៈពេលដែលផលិតកម្មជ្រូកបានធ្លាក់ចុះជាបន្តបន្ទាប់តាំងពីត្រីមាសទី៤ នៃឆ្នាំ ២០១៨ ការដាក់សម្ពាធលើការផ្គត់ផ្គង់សាច់ជ្រូកបានក្លាយទៅជាបញ្ហាធ្ងន់ធ្ងរនៅក្នុងប៉ុន្មានខែចុងក្រោយនេះ ដែលនាំឱ្យតម្លៃសាច់គោ សាច់មាន់ និងស៊ុតមានការកើនឡើងផងដែរ។
គួរបញ្ជាក់ផងដែរថា សាច់ជ្រូកគឺជាសាច់ដ៏ពេញនិយមមួយសម្រាប់ប្រជាជនចិន ដោយចាប់តាំងពីការផ្ទុះជំងឺប៉េសជ្រូកអាហ្រ្វិកនៅខែសីហាឆ្នាំ ២០១៨ នៅភាគឦសាននៃខេត្ត Liaoning ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ (MARA) បានចាត់វិធានការយ៉ាងខ្លាំង ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺនិងធ្វើឱ្យមានស្ថេរភាពដល់ផលិតកម្មជ្រូក។ ខណៈពេលដែលតម្លៃសាច់ជ្រូកនៅតែបន្តការកើនឡើងនៅពាក់កណ្តាលត្រីមាសទី២ ហើយការចិញ្ចឹមសត្វ និងបសុបក្សីក៏បានបង្កើនវិស័យដូចគ្នា នៅពេលដែលប្រទេសចិនពង្រីកការនាំចូលផលិតផលសាច់ជ្រូក ការផ្គត់ផ្គង់សាច់នៅចិនត្រូវបានគេរំពឹងថា នឹងមានស្ថិរភាព៕
អត្ថបទ៖ លីនី


