កាលពីពេលថ្មីៗនេះ អ្នកជំនាញការអេហ្ស៊ីបមួយរូបបាននិយាយថា សេដ្ឋកិច្ចរបស់ប្រទេសចិនបានកើនឡើង ៦.៣% ក្នុងរយៈពេល ១ ឆ្នាំ ហើយពីមួយឆ្នាំទៅមួយឆ្នាំ ដែលបង្ហាញថាចិននៅតែជាក្បាលម៉ាស៊ីននៃការអភិវឌ្ឍសេដ្ឋកិច្ចសកល និងរួមចំណែកដល់ភាពរុងរឿងនៃពាណិជ្ជកម្មពិភពលោក។ ដោយសេដ្ឋកិច្ចរបស់ប្រទេសចិនបានឈានដល់កម្រិតមួយដែលមិនអាចរងផលប៉ះពាល់ធ្ងន់ធ្ងរ ដោយការការពារផ្នែកពាណិជ្ជកម្មនៃប្រទេស ហើយបច្ចុប្បន្នប្រទេសនេះមានទុនបម្រុងបរទេសធំជាងគេបំផុតនៅលើពិភពលោក។
យោងតាមការិយាល័យស្ថិតិជាតិចិន (NBS) បាននិយាយកាលពីថ្ងៃចន្ទថាផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសចិនបានកើនឡើង ៦.៣% ក្នុងឆមាសទីមួយនៃឆ្នាំ ២០១៩ ដែលមានតម្លៃប្រហែល ៤៥,៩ ពាន់ពាន់លានយ័ន (ប្រហែល ៦,៥៥ ពាន់លានដុល្លារ) ដោយកំណើននេះស្របទៅនឹងគោលដៅកំណត់ប្រចាំឆ្នាំរបស់រដ្ឋាភិបាលពី ៦ ទៅ ៦.៥% សម្រាប់ឆ្នាំ ២០១៩ ។ បន្ថែមពីនេះទិន្នន័យក៏បានបង្ហាញថានៅក្នុងត្រីមាសទី២ ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិនបានកើនឡើង ៦.២% ពីមួយឆ្នាំទៅមួយឆ្នាំ បើទោះបីជាទាបជាង ត្រីមាសដំបូងគឺ ៦.៤% ក៏ដោយ។
បន្ថែមពីនេះ អ្នកនាំពាក្យរបស់ NBS បានប្រាប់ឲ្យដឹងថាជាទូទៅលទ្ធផលនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចមានស្ថេរភាព ហើយស្ថិតនៅក្នុងចន្លោះសមប្រកបមួយដោយមានការរីកចម្រើនក្នុងវិស័យមួយចំនួន។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកជំនាញការអេហ្ស៊ីប បាននិយាយថា ទោះបីជាប្រទេសចិនទទួលរងផលប៉ះពាល់ពីស្ថានភាពសេដ្ឋកិច្ទ ទាំងក្នុង និងក្រៅស្រុកក្ដី ក៏ប្រទេសនេះនៅតែជាក្បាលម៉ាស៊ីននៃការអភិវឌ្ឍសេដ្ឋកិច្ចសកល ដោយបានលើកឡើងថា « ជួនកាលបញ្ហាសេដ្ឋកិច្ច និងជម្លោះ គឺជាឱកាសល្អក្នុងការបង្កើតដំណោះស្រាយរយៈពេលវែង ដើម្បីជម្នះវិបត្ដិ ហើយនេះគឺជាអ្វីដែលកំពុងកើតឡើងជាមួយប្រទេសចិននាពេលបច្ចុប្បន្ន »។
ទន្ទឹមនឹងនេះគេបានកត់សម្គាល់ឃើញថាសេដ្ឋកិច្ចរបស់ប្រទេសចិនបានរីកចម្រើនអស់ជាច្រើនទសវត្សមកហើយ ជាហេតុធ្វើឱ្យប្រទេសនេះក្លាយទៅជាប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទី២ និងជាអ្នកនាំចេញធំបំផុតនៅក្នុងពិភពលោក។ ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងឆាប់រហ័សរបស់ប្រទេសចិន គឺជាលទ្ធផលនៃកំណែទម្រង់គោលនយោបាយ និងការបើកទូលាយទៅនឹងទីផ្សារពិភពលោក ជាពិសេសការធ្វើសមាហរណកម្មទៅក្នុងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចនៃសកលភាវូបនីយកម្ម។ លើសពីនេះប្រទេសចិនបានទទួលជោគជ័យខាងសេដ្ឋកិច្ចដោយសារតែផែនការសេដ្ឋកិច្ចប្រកបដោយភាពវ័យឆ្លាត និងភាពជោគជ័យ៕
អត្ថបទ៖ លីនី


