វៀតណាមកំពុងជំរុញសេដ្ឋកិច្ចអេកូទេសចរណ៍ឈានមុខគេ នៅក្នុងអាស៊ាននៅត្រឹមឆ្នាំ ២០៣០
សេដ្ឋកិច្ច July 19, 2019 Chan Sreyny

ការថ្លែងនៅក្នុងសន្និសីទក្នុងសប្ដាហ៍នេះបានឲ្យដឹងថា វៀតណាមកំពុងជំរុញសេដ្ឋកិច្ចអេកូទេសចរណ៍ឈានមុខគេនៅក្នុងអាស៊ាននៅត្រឹមឆ្នាំ ២០៣០ ដោយឲ្យប្រជាជនទាំងអស់នឹងអាចចូលរួមក្នុងសេដ្ឋកិច្ចឌីជីថល។ គោលដៅសំខាន់ៗនឹងរួមបញ្ចូលការលើកកំពស់ភាពប្រកួតប្រជែងនៃសេដ្ឋកិច្ច ដោយអត្រាកំណើនជាមធ្យមនៃសេដ្ឋកិច្ចឌីជីថលនឹងឡើងដល់ ២០% ក្នុងមួយឆ្នាំ និងកំណើនផលិតភាពពលកម្មពី ៧ ទៅ ១០% នៅត្រឹមឆ្នាំ ២០៣០ នេះបើយោងតាមនាយក AITA របស់វៀតណាមបានថ្លែង។

ប្រភពដដែលបានបន្តថា គម្រោងនេះក៏មានបំណងនាំវៀតណាមចូលទៅក្នុងលំដាប់ថ្នាក់កំពូលរបស់ពិភពលោកទាំង ២០ និងអាស៊ានកំពូលទាំងបី នៅក្នុងលក្ខខណ្ឌនៃសន្ទស្សន៍ភាពប្រកួតប្រជែងជាសកល ក៏ដូចជាការកសាងរដ្ឋាភិបាលដោយមានតម្លាភាព និងមានប្រសិទ្ធិភាពដើម្បីឱ្យស្ថិតក្នុងលំដាប់កំពូល ៥០ នៅលើលក្ខខណ្ឌនៃរដ្ឋាភិបាលអេឡិចត្រូនិចផងដែរ។ អ្វីដែលកាន់តែពិសេសគម្រោងនេះក៏គ្រោង នឹងឱ្យអ្នកគ្រប់គ្នាប្រើសេវាទូទាត់តាមទូរស័ព្ទចល័តនៅត្រឹមឆ្នាំ ២០៣០ ថែមទៀត ។

បន្ថែមពីនេះ AITA បានស្នើសុំឱ្យផែនទីបង្ហាញផ្លូវឌីជីថលនៅវៀតណាមត្រូវបានអនុវត្តជាបីដំណាក់កាល ដោយទី១ នឹងធ្វើឱ្យមានលក្ខណៈឌីជីថលផ្នែកឧស្សាហកម្ម និងអនុវត្តការផ្លាស់ប្តូរនៃសេដ្ឋកិច្ចសង្គម និងទីភ្នាក់ងាររដ្ឋចាប់ពីឆ្នាំ ២០២០ ដល់ឆ្នាំ ២០២២ ហើយទី២ នឹងផ្តោតលើការកែច្នៃឌីជីថលដើម្បីកែលម្អផលិតភាពការងារបង្កើតសន្ទុះកំណើនថ្មី និងការប្រកួតប្រជែងចាប់ពីឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៥ និងទី៣ នឹងឆ្ពោះទៅរកការអភិវឌ្ឍនៃសេដ្ឋកិច្ច និងសង្គមឌីជីថលដ៏ទូលំទូលាយពីឆ្នាំ ២០២៦ ដល់ឆ្នាំ ២០៣០។​

ទោះបីជាយ៉ាងណាក៏ដោយក្រសួងព័ត៌មាន និងទូរគមនាគមន៍របស់វៀតណាមបានបញ្ជាក់ថា វៀតណាមចាំបាច់ត្រូវបង្កើតប្រព័ន្ធបណ្តាញសុវត្ថិភាពអេកូសន្តិសុខ ដោយបង្កើតបណ្តាញសុវត្ថិភាពសម្រាប់អាជីវកម្មប្រហែល ១០០ នៅក្នុងរយៈពេលពីរឆ្នាំខាងមុខនេះ ស្របពេលដែលបណ្ដាញសុវត្ថិភាព ៥០ ទៀតសម្រាប់ ផលិតផល និងសេវាកម្ម របស់ក្រុមហ៊ុនវៀតណាម នឹងត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ។ ហើយចំនួនអ្នកឯកទេសក្នុងវិស័យនេះអាចឈានដល់ចំនួន ១០០០ នាក់ហើយនាំមកនូវទីផ្សារចាប់ពី ១ ពាន់លានដុល្លារ ដល់ ២ ពាន់លានដុល្លារត្រឹមឆ្នាំ ២០២០ ខាងមុខនេះ ៕

អត្ថបទ៖ លីនី